ក្រុមអង្គការសង្គមស៊ីវិលចំនួន១១៦ បានអំពាវនាវកុំឲ្យរដ្ឋាភិបាលស៊ុយអែតបិទស្ថានទូតតំណាងរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដែលអង្គការទាំងនេះ លើកទឹកចិត្តអោយជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជាបន្តទៀត។
អង្គកាទាំងនេះបានធ្វើការអំពាវនាវនៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃទី១៨ ខែធ្នូ ដែលដាក់ទៅរដ្ឋមន្រ្តីក្រសួងការបរទេសស៊ុយអែត។
នៅក្នុងលិខិតដែលសរសេរទៅកាន់លោកស្រី Ann Linde រដ្ឋមន្ត្រីការបរទេសស៊ុយអែត ក្រុមសង្គមស៊ីវិលដែលបានចុះហត្ថលេខានោះបានទទូចថា៖ «សូមកុំបោះបង់ដំណើរចូលរួមអភិវឌ្ឍសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់កម្ពុជាហើយគួរបន្តជួយពង្រឹងវិស័យនេះបន្តទៀត»។
ប្រទេសសុយអ៊ែតបានបើកស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញតាំពីឆ្នាំ២០១០ ។តែប្រទេសនេះ មានទំនាក់ទំនងការទូតជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៦១មក ។
ប៉ុន្តែក្រោយ ប្រទេសកម្ពុជា ចាប់ផ្ដើមដំណើរការប្រជាធិបតេយ្យ ក្រោមកិច្ចព្រមព្រៀងសន្តិភាព ឆ្នាំ១៩៩០១ រដ្ឋាភិបាលស៊ុយអែតមានវិធីសាស្ត្រក្នុងជួយអភិវឌ្ឍប្រទេសកម្ពុជា ដោយ ចូលរួមយ៉ាងសកម្ម ក្នុងការធ្វើឲ្យប្រសើរនូវនីតិរដ្ឋ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យរបស់កម្ពុជា។
ក្រុមអង្គការទាំងនេះលើកឡើង ក្នុងលិខិតរបស់ខ្លួនថា ដំណើរថយក្រោយដ៏អាក្រក់ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៧ ដែលបណ្តាលឲ្យមានការសើរើសេចក្តីសម្រេចចិត្ត បានធ្វើឲ្យអន់ថយនូវការរីកចម្រើនបែបសមូហភាពដែលយើងបានធ្វើការទាំងអស់គ្នា សំដៅទៅសម្រេចបាន»។នេះបើតាមប្រភពរបស់ វិទ្យុ VOA ផ្សាយជាខេមរភាសា។
ប្រទេសសុយអ៊ែតពុំបាន បង្ហាញជាក់លាក់ថាខ្លួនគេអត់ចិត្តអ្វីនោះទេចំពោះ ប្រទេសកម្ពុជា ក្រៅពីលើកឡើងថា លំហប្រជាធិបតេយ្យនៅកម្ពុជាប៉ុន្មានឆ្នាំកន្លងទៅនេះមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ។ប៉ុន្តែ មុននឹងប្រកាសសម្រេចបិទស្ថានទូតតំណាងនៅកម្ពុជា គឺប្រទេសស៊ុយអែត ក៏បានសម្រេចបង្វែរជំនួយសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពុជា ទៅជាជំនួយលើការគាំទ្រការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ប្រទេស ស៊ុយអ៊ែត ត្បិត ជាសមាជិកមួយនៃសហភាពអឺរ៉ុបក្ដី ប៉ុន្តែ ប្រទេសនេះ ហាក់មានភាពឯករាជ្យ ក្នុងការធ្វើសេចក្ដីសម្រេចអ្វីមួយលើគោលនយោបាយការបរទេសរបស់ខ្លួន ។ ប្រទេសនេះ ចាប់ផ្ដើមផ្ដល់ជំនួយក្នុងក្រមខណ្ឌមនុស្សធម៌មកអោយកម្ពុជា តាំងពី កម្ពុជា នៅច្រកក្រោមប្រទេសមួយដែលហៅថា រដ្ឋកម្ពុជា គឺពេលនោះ សម្ដេចហ៊ុន សែនជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ៕