អង្គការសង្គមស៊ីវិលចំនួន៦៧បានទទូចដល់រាជរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកាតព្វកិច្ចសិទ្ធិមនុស្សក្នុងក្រមខណ្ឌដែល កម្ពុជាជាភាគីនៃសច្ចាប័ននៃអនុញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សជាសាកល។
ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនៅឆ្នាំនេះ មិនត្រូវប្រារព្ធឡើងជាឱឡារិកដូចពេលមុនៗនោះទេ។
សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំងនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានជួបប្រជុំគ្នា ដោយមនុស្សចំនួនតិចតួច នៅអង្គការសង់ត្រាល់ ក្នុងពិធីរំលឹកខួប៧២ឆ្នាំ នៃការបង្កើតទីវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។
អង្គការសង្គមស៊ីវិលទាំង៦៧ បានសម្តែងនូវក្តីព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលធ្លាក់ចុះក្នុង ការលើកកម្ពស់សិទ្ធិមនុស្ស ។ សង្គមស៊ីវិលបានហៅ ការធ្វើវិសោធនកម្មរួមមាន ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ការធ្វើវិសោធនកម្មច្បាប់មាត្រាមួយចំនួននៃច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មប្រព័ន្ធបច្ចេកវិទ្យាថា នឹងនាំអោយមានការព្រួយបារម្កអំពីការបំពានសេរីភាពជាមូលដ្ឋាន។
សេចក្ដីថ្លែងការណ៍របស់អង្គការស៊ីវិល បង្ហាញការព្រួយបារម្ភថាសេរីភាពមូលដ្ឋានដែរមានដូចជា សេរីភាពនៃការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងចងក្រងសហគម នៅតែកំពុងបន្តរងការរំលោភបំពានធ្ងន់ធ្ងរ ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នាឱកាសទិវាសិទ្ធិមនុស្ស១០ធ្នូ បានបញ្ចេញទស្សនៈ ថាកម្ពុជា ជាប្រទេសដែលមានស្ថានភាពសិទ្ធិមនុស្សឈានមុខ ទាំងនៅក្នុងតំបន់និងអាស៊ាន។ លោក កែវ រ៉េមី បានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាចិត្តកំពុងប្រតិបត្តិ ដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងតម្លៃនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែគ្រប់វាគ្មិនដែលបានចូលរួមទិវាសិទិ្ធមនុស្ស សុទ្ធតែបានសម្ដែងពីការព្រួយបារម្ភ ថែមទៀត ចំពោះការធ្លាក់ចុះសេរីភាព ទាំងសិទ្ធិនយោបាយ និងការប្រមូលផ្ដុំ ដោយសន្តិវិធី។
សម្រាប់ រាជរដ្ឋាភិបាល បានសម្រេចលុបចោលទិវា សិទ្ធិមនុស្សអន្តរជាតិ១០ធ្នូចេញពី ប្រតិទិននៃការឈប់សម្រាកពីការងារ។ តែបែបណា រាជរដ្ឋាភិបាលកម្ពុជានៅតែ អនុញ្ញាតិអោយមានការប្រារព្ធទិវានេះ ។ ប៉ុន្តែឆ្នាំនេះ ដោយសារការភ័យខ្លាចនៃការឆ្លងជំងឺកូវិដ គឺការជួបជាសាធារណៈ ត្រូវបានកាត់បន្ថយ៕