បាត់ដំបង៖ កាលពីពេលថ្មីនេះៗ ក្រុមកុមារស្ម័គ្រមួយក្រុមបានលះបង់ពេលវេលានាថ្ងៃឈប់សម្រាកពីការសិក្សា ចុះទៅផ្សព្វផ្សាយចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពីបញ្ហា ហិង្សាក្នុងគ្រួសារ។
ការចុះអប់រំប្រជាពលរដ្ឋតាមផ្ទះប្រជាពលរដ្ឋផ្ទាល់បែបនេះ គឺក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ពីទម្រង់នៃអំពើហិង្សា ផលវិបាកកើតចេញពីការប្រើហិង្សា កិច្ចអន្តរាគមន៍ និងកិច្ចគាំពារផ្លូវច្បាប់នានាទាក់ទងបញ្ហាហិង្សា។ ជាងនេះទៀត គឺដើម្បីរួមចំណែកលុបបំបាត់បញ្ហាហិង្សាក្នុងគ្រួសារគ្រប់ទម្រង់។
ក្នុងសកម្មភាពចុះអប់រំផ្សព្វផ្សាយ ក្រុមកុមារស្ម័គ្រដែលពួកគេសុទ្ធសឹងជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះស្រាប់ បានបង្ហាត់បង្ហាញដោយប្រើផ្ទាំងរូបភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានកម្រិតសិក្សាទាបអាចយល់បានងាយស្រួល។
ផ្ទាំងរូបភាពដែលក្រុមកុមារស្ម័គ្រចិត្តប្រើប្រាស់ជាមូលដ្ឋានក្នុងពន្យល់នោះ គេសង្កេតឃើញមានរូបភាព នៃទម្រង់អំពើហិង្សាក្នុងគ្រួសារ ការចែកផ្លូវគ្នារវាងឪពុកម្តាយ កូនបាត់បង់ភាពកក់ក្តៅ និងបាត់បងអនាគតផងដែរ។
យ៉ាងណាក្នុងសកម្មភាពចុះផ្សព្វផ្សាយនោះ ក្រុមកុមារស្ម័គ្រចិត្ត ក៏បានលើកបង្ហាញប្រៀបធៀបរវាងគ្រួសារដែលមិនសូវមានជម្លោះក្នុងគ្រួសារផងដែរ។ សម្រាប់ផ្ទាំងរូបភាពគ្រួសារដែលមិនសូវមានហិង្សា ឬជម្លោះក្នុងគ្រួសារ គឺបង្ហាញឱ្យឃើញពីសុភមង្គល ការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ កូនៗមានអប់រំបានល្អ និងមានសេចក្តីសុខក្នុងក្រុមគ្រួសារ។
សូមបញ្ជាក់ថា ក្រុមកុមារស្ម័គ្រចិត្តដែលមានចំនួនជាង ១០នាក់នេះ ទទួលបានចំណេះដឹងការបណ្តុះបណ្តាលពី ដៃគូក្នុងសហគមន៍ដែលជាដៃគូរបស់អង្គការទស្សនៈពិភព លោក(World Vision) ហើយបច្ចុប្បន្នក្រុមកុមារទាំងនេះ មានតួនាទីជាកុមារទំនប់បំរុងរបស់អង្គការទស្សនៈពិភពលោកផងដែរ។ ពួកគេមានតួនាទី ចុះអប់រំផ្សព្វផ្សាយក្នុងភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្រៅពីការចុះអប់រំផ្សព្វផ្សាយទាក់ទងបញ្ហាហិង្សា ក្រុមកុមារក៏ផ្សព្វផ្សាយពីបញ្ហា អនាម័យ បញ្ហាអាហារូបត្ថម្ភ ដល់ប្រជាពលរដ្ឋផងដែរ៕
អត្ថបទខ្លីសរសេរដោយ រឿប ស្រីម៉េត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌ មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។