en     km
en     km

ព្រះជីវប្រវត្តិ៖ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

Share

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​១៩៥៣។ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឲ្យឡើងសោយរាជ្យបន្តពីព្រះបិតា ក្រោយពីព្រះបាទនរោត្តមព្រះសីហនុដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ មុននឹងឡើងគ្រងរាជ្យ ព្រះអង្គមានស្នាព្រះហត្ថលល្បីល្បាញទៅលើឯកអគ្គរាជទូតវប្បធម៌នៅអង្គការយូនេស្កូ (UNESCO) ព្រមទាំងជាគ្រូបង្ហាត់របាំបុរាណដ៍ចំណាន។

ដើម្បីជ្រាបកាន់តែច្បាស់សូមស្តាប់ការអធិប្បាយរបសកញ្ញា អ៊ុំ ច័ន្ទលក្ខិណា ដូចតទៅ៖

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជសម្ភព​​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​​រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គគឺជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​ នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះ​នាម នរោត្ដម មុនីនាថ សីហនុ។ សម្តេច​ព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម​និង​ព្រះអនុជ​ម្តាយទីទៃ​សរុប​ចំនួន​១៣​អង្គ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គគត់​គឺ​សម្តេច​នរោត្តម និន្ទ្រពង្ស ដែលទ្រង់ប្រសូតនៅឆ្នាំ ១៩៥៤ ហើយសុគតនៅឆ្នាំ ២០០៣។ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឲ្យឡើងសោយរាជ្យបន្តពីព្រះបិតា ក្រោយពីព្រះបាទនរោត្តមព្រះសីហនុដែលជាព្រះវរបិតាដាក់រាជ្យជាលើកទី២ កាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។

នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើស​រើស​ដោយ​សមាជិក​ទាំង​៩អង្គនាក់​នៃ​ក្រុមប្រឹក្សា​រាជសម្បតិ្ត​ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់​រហ័ស​ និង​សម​ស្រប​ ក្រោយ​ពី​ដំណឹង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​នៃ​ការ​ដាក់​រាជ្យ​នៃ​​ព្រះបាទនរោត្តម សីហនុ ។ ការ​ជ្រើស​រើស​នេះ​គឺ​ស្រប​តាម​ការ​យល់​ព្រម​ពី​សំណាក់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះ​ប្រធាន​រដ្ឋសភា​ដែល​ជា​ព្រះរៀម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំង​ពីរ​សុទ្ធ​តែ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​រាជសម្បត្តិ។ បន្ទាប់ពីបានធ្វើសេចក្តីសម្រេចចប់សព្វគ្រប់រួចមក ​ព្រះបាទ​បរមនាថ​ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃសុក្រ ទី២៩ ខែ​តុលា ឆ្នាំ​២០០៤។

ទាក់ទងទៅនឹងប្រវត្តិនៃការសិក្សារបស់ព្រះអង្គវិញ​ ព្រះបាទនរោត្តមសីហមុនី ទ្រង់បានចូលសិក្សានៅឯសាលាបឋមសិក្សានរោត្តម និងវិទ្យាល័យដេកាតនាឆ្នាំ ១៩៥៩ រហូតដល់ឆ្នាំ​១៩៦២។ បន្ទាប់មកនៅឆ្នាំ ១៩៦២ ព្រះអង្គទ្រង់ត្រូវបានព្រះបិតាបញ្ជូនទៅសិក្សាបានបន្ត នៅទីក្រុងប្រាហ្ក (Prague)  ប្រទេសឆេកូស្លូវ៉ាគី។ នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា, វិទ្យាល័យ និង​សាលា​តូរ្យ​​តន្ត្រី ហើយព្រះអង្គបានសិក្សា ផ្នែក​តន្ត្រី​ និង​របាំ​បុរាណនៅទីនោះ​រហូត​ដល់​ឆ្នាំ​១៩៧៥។ ព្រះបាទនរោត្តម សីហមុនី ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្រ្ត ជាពិសេសគឺភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីភាសាទាំង២នេះ ព្រះអង្គទ្រង់ក៏អាចប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស និងភាសារុស្សីបានយ៉ាងល្អផងដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក​ចេញ​ពី​ប្រាហ្ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែ​ភាពយន្តបន្ត នៅ​ឯប្រទេស​កូរ៉េ​ខាង​ជើង។ នៅឆ្នាំ១៩៧៧ ព្រះអង្គបានយាងត្រឡប់មកប្រទេសមាតុភូមិវិញ។ ភ្លាម​ៗនោះ​ខ្មែរក្រហម​ដែល​កំពុង​កាន់​អំណាច​ បាន​ប្រឆាំង​នឹង​រាជានិយម ព្រមទាំងបាន​ឃុំ​ព្រះអង្គ​នៅ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃ​ទៀត​រហូត​ដល់​ឆ្នាំ​១៩៧៩​។ កន្លងបានរយៈពេល៤ឆ្នាំ​ ព្រះបាទនរោត្តមសីហមុនី ទ្រង់បានយាងចេញពីប្រទេសកម្ពុជា ដើម្បីបង្រៀនរបាំបាឡេ នៅប្រទេស     បាំរាំងនៅក្នុងឆ្នាំ១៩៨១។ ក្រោយមកព្រះអង្គក៏បានក្លាយទៅជាប្រធានសមាគមរបាំខ្មែរ។ ព្រះបាទនរោត្តមសីហមុនី ទ្រង់គង់នៅប្រទេសបារំាងអស់រយៈពេលជាង២០ឆ្នាំ ទើបត្រឡប់មកប្រទេសមាតុភូមិវិញ ប៉ុន្តែ​ព្រះអង្គក៏​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជា​រឿយៗ​ផងដែរ ព្រោះទីនោះគឺជាជា​ទី​ដែល​ព្រះអង្គ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ព្រះជន្ម​ក្មេងវស្សា។

នៅ​ក្នុង​ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ដែលជាទីដែលព្រះអង្គមានកិត្តិនាមល្បាញល្បីនៅក្នុងការតស៊ូធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។

មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រ ព្រះ​បាទនរោត្តមសីហមុនី ទ្រង់មានគោរម្យងារ​ជា “ស្ដេច​ក្រុម​ឃុន” ដែលគោរម្យងារនេះត្រូវបានប្រទានដោយ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ទ្រង់​ព្រះរាជ​ទាន នា​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ ក្រោយមកព្រះបាទនរោត្តមសីហមុនីត្រូវបានតម្លើងជា «​សម្ដេច​ព្រះ​បរមនាថ​» នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០០៤។

ព្រះបាទនរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ព្រះបិតារបស់ទ្រង់បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការគឺ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤ ដោយមានព្រះបរមនាមថា« ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី» ដែលត្រូវបានប្រែថា «អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមី​ភ័ក្តិ និង​ភ័ក្ដីភាព។ មហាក្សត្រ​ដែល​ព្រះ​ពុទ្ធ និង​ព្រះ​ឥន្ទ្រ​លោក​ឧបត្ថម្ភ។ អ្នក​រួបរួម​ខេមរជន​ទាំង​អស់។ អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹក​ដី និង​សន្តិភាព​របស់​កម្ពុជា ព្រម​ទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ»៕

អត្ថបទដោយ៖ អ៊ុំ ច័ន្ទលក្ខិណា

Share

ព័ត៌មានទាក់ទង

Image