en     km
en     km

អ្នកនាំពាក្យក្រសួងការងារ៖កម្មករជិត១៦ម៉ឺននាក់និងរោងចក្រជិត២០០អាចបិទជាបណ្ដោះអាសន្ន

Share

រោងចក្រនៅរាជធានីភ្នំពេញ ប្រមាណ២០០រោងចក្រ ប្រឈមនឹងការបិទទ្វារ ដោយសារកង្វះវត្ថុធាតុដើមដែលនាំចូលពីប្រទេសចិន ព្រោះតែបញ្ហា Covid-19  ហើយបើគិតត្រឹមថ្ងៃទី២៧កុម្ភៈនេះរោងចក្រចំនួន១០ហើយ ដែលស្នើសុំព្យួរផ្នែកខ្លះរបស់ខ្លួន។នេះបើតាម អ្នកនាំពាក្យក្រសួងការងារ ។

ក្នុងសន្និសីទសារព័ត៌មានមួយរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបានអោយដឹងថា បញ្ហាឥទ្ធិពលកូរ៉ូណានេះ ដែលនៅក្នុងខែមីនាខាងមុខនេះ គឺអាចមានរោងចក្រ សហគ្រាសខ្ទង់ជិត២០០អាចប្រឈម នឹងការកង្វះនូវវត្ថុធាតុដើម ហើយវាអាចប៉ះពាល់ដល់ កម្មករនិយោជិត ប្រហែល១៦ម៉ឺននាក់»។

តាម លោកអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ សហការជាមួយភាគីចិន ដើម្បីផ្គត់ផ្គង់មកអោយប្រទេសកម្ពុជា សំដៅដោះស្រាយអោយបានឆាប់បំផុតនូវដឹកនាំវត្ថុ​ធាតុដើមមកកម្ពុជា។

លោក ហេង សួរ បានបង្ហើបអោយដឹងថា ការរំខាននៃសង្វាក់ផលិតកម្មនៅប្រទេសចិន គឺពិតជាបានធ្វើឲ្យមានការប៉ះពាល់ទៅដល់សង្វាក់ផលិតកម្ម នៅក្នុងពិភពលោក ពិសេសនៅក្នុងតំបន់អាស៊ី។ លោកថា មិនថាឡើយកម្ពុជាទេ គឺសូម្បីតែប្រទេសជប៉ុន កូរ៉េ ក៏បានផ្អាកនូវសង្វាក់ផលិតកម្មរបស់ខ្លួនមួយចំនួនទៅហើយ ដោយសារកង្វះវត្ថុធាតុ ឬផលិតផលពាក់កណ្ដាលសម្រេច។

ក្នុងឱកាស សម្ពោធផ្លូវជាតិលេខ៥៨ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃនៅ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ សម្ដេច ហ៊ុន សែន បានប្រាប់ភាគីចិន ចង់ឲ្យមានការដឹកជញ្ជូនក្រណាត់ តាមរយៈយន្ដហោះ មកកម្ពុជាផ្ទាល់តែម្ដង ដើម្បីដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម។បើតាម សម្ដេច ហ៊ុន សែន សំណើនេះសម្ដេចគិតថា ភាគីចិនអាចធ្វើទៅបាន ព្រោះយន្ដហោះចិនមានច្រើនគ្រឿង ដូច្នេះមាតែជម្រើសដឹកជញ្ជូន តាមយន្ដហោះទេ ទើបអាចសង្គ្រោះកុំឲ្យកម្មករ កម្មការិនីរបស់កម្ពុជា ពីការបិទទ្វាររោងចក្រ ដោយសារបញ្ហាខ្វះវត្ថុធាតុដើមនេះបាន។

បញ្ហាប្រឈមនឹងការកង្វះវត្ថុធាតុដើម ដែលនាំចូលមកពីប្រទេសចិននេះ ក៏ដោយសាររោងចក្រមួយចំនួននៅប្រទេសចិន ត្រូវបានបិទទ្វារ ក្រោយមានផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 ដែលធ្វើឲ្យមានការរីករាលដាលជាបន្ដបន្ទាប់ ហើយមិនមែនតែកម្ពុជានោះទេ ដែលប្រឈមនឹងការបិទទ្វាររោងចក្រ គឺនៅបណ្ដាប្រទេសជាច្រើនផ្សេងទៀត បានបិទទ្វាររួចទៅហើយដោយសារតែកង្វះវត្ថុធាតុដើម។ ប៉ុន្តែ​ប៉ុណ្ណោះ ប្រទេសជាច្រើន បានបិទជើងហោះហើរពីប្រទេសចិនទៀតផង ដោយសារប្រទេសទាំងនោះ ខ្លាចពលរដ្ឋចិន ដែលផ្ទុកមេរោគកូរ៉ូណាចូលមកច​ម្លងពលរដ្ឋប្រទេសរបស់ពួកគេ៕

Share

Image
Image
Image