កំពង់ធំ៖ អង្គុយក្នុងតូបតូចមួយមានអីវ៉ាន់ចាប់ហួយ នំនេក បន្លែត្រីសាច់មួយចំនួនផង នេះជាតូបលក់របស់អ្នកស្រី ឌិន សុខភឿន ស្ថិតក្នុងតំបន់ដាច់ស្រយាលមួយក្នុងភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍។ អ្នកស្រី ឌិន សុខភឿន ប្រកបរបរលក់ដូរនៅតំបន់ដាច់ស្រយាលនេះជាង ៤ ឆ្នាំមកហើយដោយអាចរកប្រាក់ចំណូលពីការលក់ដូរនេះបានប្រមាណ ១០ម៉ឺនរៀលឡើងទៅក្នុងមួយថ្ងៃ។
ចំណែកតម្លៃលក់វិញអ្នកស្រីឱ្យដឹងថា គឺថ្លៃជាងនៅទីផ្សារឬក្នុងភូមិបន្តិចបន្តួចព្រោះជាតំបន់ដាច់ស្រយាលពីទីប្រជុំជន ប្រហែលជាជាង ១០ គីឡូម៉ែត្រពីខាងលិចភូមិចតុលោក។
ជារៀងរាល់ព្រឹកអ្នកស្រីតែងតែធ្វើដំណើរទៅផ្សារដើម្បីលក់ត្រីដែលប្ដីរបស់គាត់រកបាន ហើយគាត់ក៏ទិញរបស់របរបន្លែដើម្បីយកមកលក់វិញ ដែលអ្នកភូមិមកទិញភាគច្រើនជាអ្នកធ្វើស្រែ ជាពិសេសអ្នកនេសាទត្រីតែម្ដង។
អ្នកស្រីប្រាប់បន្តថា អ្នកភូមិនៅទីនេះតែងមកទិញអីវ៉ាន់នៅតូបអ្នកស្រី ព្រោះផ្សារនៅឆ្ងាយ។ អ្នកស្រីប្រាប់ថា ផ្ទះរបស់អ្នកស្រីនៅក្នុងភូមិចតុលោក តែអ្នកស្រីបានមកធ្វើរោងលក់អីវ៉ាន់នៅតំបន់ដាច់ស្រយាលនេះ ព្រោះមុខរបរនេះជួយឲ្យគាត់រកប្រាប់ចំនូលបន្ថែមពីការធ្វើស្រែនិងរកត្រីរបស់ប្ដីគាត់។
អ្នកស្រី សុខភឿន បញ្ជាក់ថាមិនបោះបង់មុខរបរនេះនោះឡើយ ដោយសារមុខរបរនេះហើយដែលធ្វើអោយអ្នកស្រីមានជីវភាពធូធារ និងអាចផ្គត់ផ្គង់កូនៗរៀនសូត្របាន ពិសេសជាមុខរបរស្រាលដែលគាត់ចាស់អាចធ្វើបាន៕
អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។