ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថាការអនុវត្តន៍ជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ បាននាំឱ្យកម្ពុជានូវ ការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ សន្តិភាព ឯកភាពជាតិ ស្ថានភាពដូច្នេះពុំធ្លាប់កើតមានឡើយ ក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា ។ សម្ដេចថាពេលនេះកម្ពុជា អនុវត្តគោលការណ៍ប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួន និងជាប្រទេសគ្រប់គ្រងដោយនីតិរដ្ឋ ។ អ្នកតាមដានការវិវត្តន៍សង្គម ថាអ្នកនយោបាយកម្ពុជាបច្ចុប្បន្ន កំពុងដើរលើវិថីនយោបាយចាញ់ៗ ។
រាយការណ៍ដោយលោក សោម លាភ
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី ២ ធ្វើឡើងនៅថ្ងៃទី ១៩ វិច្ឆិកា នៅវិមានសន្តិភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាឈ្នះ និងមានមកដល់ថ្ងៃនេះ ខណៈប្រវត្តិសាស្ត្រកម្ពុជា ៥០០ឆ្នាំចុងក្រោយមិនដែលមានឡើយ ។
យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា ថាកម្ពុជាបច្ចុប្បន្ន ជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខាប់ខ្លួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ និងត្រឹមត្រូវ ។
លោកពា្រប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា «អ្នកនយោបាយខ្មែរ កំពុងដើរលើមាគ៌ានយោបាយ ចាញ់ ចាញ់»។
គេសង្កេតឃើញថា អ្នកនយោបាយរបស់បក្សកាន់អំណាច រួមទាំងអតីតគណបក្សប្រឆាំង បានប្រកាសកន្លងទៅ ដោយសម្ដៅទៅលើការយកឈ្នះតែរៀងខ្លួន ។
លោក ហង្ស វិទូថា ការចង់យកឈ្នះចាញ់របស់អ្នកនយោបាយទាំងនេះ គឺមកពីចរិតនយោបាយរៀងៗខ្លួន ហើយការចង់បានរបស់ពលរដ្ឋគឺជាការចរចាទៅវិញ ។
សម្ដេច ហ៊ុន សែន រំលឹកម្ដងទៀតថា កម្ពុជាក្រោមការដឹកនាំរបស់ខ្លួនជិត ៤០ ឆ្នាំ បាននាំមកឱ្យកម្ពុជានូវការអភិវឌ្ឍអាគារធំៗ និងហេដ្ឋារចនាសម្ព័ន្ធជាហូរហែ រួមទាំងការរក្សាបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ។
នាយករដ្ឋមន្ត្រីរូបនេះ ក៏បន្តអះអាងទៀតថា កម្ពុជានឹងកា្លយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ៧ %ក្នុងមួយឆ្នាំ ធនាគារពិភពលោកធ្លាប់ចេញការព្យាករណ៍ថា នឹងមានការធ្លាក់ចុះប្រសិនបើកម្ពុជាបាត់បង់ការអនុគ្រោះពន្ធទៅសហភាពអឺរ៉ុប ក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ ឬEBA ។
យ៉ាងណា កាលពីថ្ងៃទី ១២ វិច្ឆិកា សហភាពអឺរ៉ុប បានបញ្ជូនរបាយការណ៍របស់ខ្លួនមកកម្ពុជាជំវិញការតាមដាន ទៅលើការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ។ យ៉ាងណាសហភាពអឺរ៉ុបនៅតែបង្ហាញការព្រួយបារម្ភជុំវិញការអនុវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជា ។
សហគមន៍អន្តរជាតិមួយនេះ ទុកពេលឱ្យកម្ពុជារយៈពេល ១ ខែ ដើម្បីបញ្ចេញយោបល់ឆ្លើយតបទៅនឹងរឿងនេះ ។
ក្នុងអំឡុងខែ កុម្ភៈឆ្នាំ ២០២០ សហភាពអឺរ៉ុប នឹងសម្រេចថានឹងដក ឬក៏មិនដក EBA ពីកម្ពុជា ។
គួររំលឹកថាការអនុគ្រោះពន្ធប្រភេទនេះពីកម្ពុជានាំចូលទៅសហភាពអឺរ៉ុប ធ្វើឱ្យកម្ពុជាចំណេញបានប្រមាណ ៧០០ លានដុល្លារក្នុងមួយឆ្នាំ ៕