ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងទៅកាន់ប្រធានាធិបតីប្រទេសប៊ុលហ្ការី អំពីប្រព័ន្ធពន្ធអនុគ្រោះ EBA ដែលជិតដល់ការដកហូតជាផ្លូវការ និងចង់ឃើញអឺរ៉ុបផ្តល់យុត្តិធម៌ដល់កម្ពុជា។ តែអ្នកសង្កេតការណ៍យល់ថា ប្រទេសក្នុងតំបន់អឺរ៉ុបខាងកើតគ្មានឥទ្ធិពលក្នុងការសម្រេចលើ EBA នោះទេ។
នៅក្នុងជំនួបជាមួយនឹង ប្រធានាធិបតីប៊ុលហ្ការី លោក រ៉ូមែន រ៉ាដែវ នៅទីក្រុងសូហ្វីយ៉ា នាថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានជជែកពីបញ្ហាEBA ដោយស្នើឲ្យផ្តល់យុត្តិធម៌ក្នុងនាមជាប្រទេសសមាជិកនៃសហភាពអឺរ៉ុប។ សម្តេចបានរៀបរាប់ពី លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបញ្ជាក់ថាមិនមានការដើរថយក្រោយណាបន្តិចឡើយ។
សម្តេច ហ៊ុន សែនថា ការបោះឆ្នោតឆ្នាំ ២០១៨កន្លងទៅ គឺជាដំណើការការបោះឆ្នោតយ៉ាងល្អប្រសើរ ដែលមានគណបក្សនយោបាយដល់ទៅ ២០ បានចូលរួម ហើយមានអ្នកទៅបោះឆ្នោតដល់ទៅ ៨៣ភាគរយ។ នេះបើយោងតាមការចុះផ្សាយពីលទ្ធផលនៃជំនួបតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សម្តេច ហ៊ុន សែន។
បើតាមប្រភពដដែលបានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីនៃប្រទេសប៊ុលហ្ការីបានបញ្ជាក់ពីជំហរគាំទ្រ និង ចង់ផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ តែមិនបានពន្យល់លម្អិតថា ប៊ុលហ្ការីធ្វើ ការគាំទ្រតាមវិធីណាមួយនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលប្រាំថ្ងៃនៅបណ្តាប្រទេសសមាជិកអឺរ៉ុបខាងកើត។ ក្នុងនោះមានសាធារណរដ្ឋឆេក ប្រទេសហុងគ្រី និងប្រទេសប៊ុលហ្គារី។ ដំណើរទស្សកិច្ចក្នុងគោលដៅរឹតចំណងកិច្ចសហការលើឆាកអន្តរជាតិ ប៉ុន្តែក៏ជាផ្នែកមួយនៃការព្យាយាមតាមរយៈការទូតដើម្បីរក្សាការអនុគ្រោះពន្ធ«អ្វីៗទាំងអស់លើកលែងតែសព្វាវុធ» ឬ EBA។
ប៉ុន្តែ លោក ឃុន ថារ៉ូ មន្រ្តីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានប្រាប់អ្នកកាសែតក្នុងស្រុកថា ប្រទេសក្នុងតំបន់អឺរ៉ុបខាងកើតមិនមានឥទ្ធិពលនោះទេ ក្នុងការសម្រេចលើករណី EBA។
សហភាពអឺរ៉ុប បានបញ្ជប់ការសិក្សារយៈពេល ៨ខែរបស់ខ្លួនអំពីលទ្ធភាពដែលត្រូវដកយកទៅវិញនៅប្រព័ន្ធពន្ធអនុគ្រោះ EBA ដោយឲ្យកម្ពុជាស្តារមកវិញនូវលក្ខខណ្ឌមួយចំនួន ដូចជាការស្តារលិទ្ធិប្រជាធិបតេយ្យឡើងវិញ និង ធ្វើឲ្យមានភាពប្រសើរឡើងលើការគោរពសិទ្ធិមនុស្ស និង សិទ្ធិនយោបាយ។
ការដកប្រព័ន្ធអនុពន្ធនេះ នឹងសម្រេចក្នុងអំឡុងខែកុម្ភៈឆ្នាំ២០២០។
ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងហើយថា ខ្លួននឹងមិនអោនក្បាលដាច់ខាតចំពោះលក្ខខណ្ឌទាំងនេះ ដោយអះអាងថាជាការរក្សាឲ្យបាននូវអធិបតេយ្យភាពរបស់ខ្លួន។
មតិមួយចំនួនពីអង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍យល់ថាប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធពន្ធអនុគ្រោះមែននោះ កម្ពុជានឹងប្រឈមទៅនឹងផលវិបាកក្នុងការនាំចូលទំនិញទៅសហភាពអឺរ៉ុប ហើយអាចប៉ះពាល់ដល់ល្បើនប្រេកង់សេដ្ឋកិច្ចផងដែរ។ ការបាត់បង់ប្រព័ន្ធនេះ គឺកម្ពុជា ត្រូវបំពេញលក្ខខណ្ឌ បង់ពន្ធចូលទីផ្សារអឺរ៉ុប ប្រមាណជា៧០០លានដុល្លារ ដោយអាស្រ័យលើទំហំពាណិជ្ជកម្ពុជា និងសហភាពអឺរ៉ុប ដែលកើនឡើងជាង៥ពាន់លានដុល្លារអាមេរិក។
យ៉ាងណាសម្ដេច នាយករដ្ឋមន្រ្តី បានថ្លែងហើយថា កម្ពុជាមានមាសជាង ៣០ តោន និងប្រាក់បម្រុងអន្តរជាតិជាង ១៥ពាន់លានដុល្លារ បម្រុងទុកក្នុងករណីបាត់បង់ប្រព័ន្ធពន្ធអនុគ្រោះពីសហភាពអឺរ៉ុប និង អាមេរិក៕
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចទៅអឺរ៉ុបខាងកើតចំនួន ៣ ប្រទេសនេះ គឺគ្របជំនួបជាមួយនឹងមេដឹកនាំទាំងសាធារណរដ្ឋឆេក មេដឹកនាំប៊ុលហ្ការី និង ហុងគ្រី គឺសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន សុទ្ធតែបានលើកឡើងពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA នៅចំពោះមេដឹកនាំទាំងបីប្រទេសនេះ៕