en     km
en     km

កំពង់ធំ៖ ក្មេងស្រីៗងាយស្រួលប្រើប្រាស់ទឹកនិងមានសុវត្ថិភាពពេលមានអណ្តូងទឹកក្បែរផ្ទះ

Share

កំពង់ធំ៖ ក្មេងស្រីៗវ័យជំទង់មួយចំនួនរស់នៅក្នុងភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានទឹកមកប្រើប្រាស់ និងមានអារម្មណ៍សុវត្ថិភាព បន្ទាប់ពីមានអណ្តូងទឹកក្បែរផ្ទះ។

កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋចំនួន ១៤ គ្រួសាររស់នៅភូមិឃុំខាងលើ បានទទួល អណ្តូងស្នប់ដែលជាជំនួយរបស់សមាគមឥស្លាមនៅប្រទេសស័ង្ហបុរី ផ្តល់ជូនតាមរយៈសមាគមឥស្លាមនៅកម្ពុជា។

រូបគ្រួសារ និងអណ្តូងស្នប់ ដែលសមាគមឥស្លាមស័ង្ហបុរី ជំនួយមក។ រូបភាព កាមីឡះ យុវជនខេត្តកំពង់ធំ។

អ្នកស្រី កែវ ម៉េត និងប្រជាពលរដ្ឋមួយចំនួនទៀត ពិសេសយុវតីដែលទទួលបានអណ្តូងស្នប់នេះ លើកឡើងថា នៅពេលមានអណ្តូងទឹកក្បែរផ្ទះ គឺមានភាពងាយស្រួលយកមកប្រើប្រាស់ធ្វើកិច្ចការផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។ អ្វីជាពិសេសនោះ គឺមិនសូវបារម្ភពីសុវត្ថិភាពរបស់ក្មេងស្រីៗដែលពីមុនត្រូវទៅរកទឹកពីកន្លែងឆ្ងាយៗ។

ពលរដ្ឋបានឱ្យដឹងថា កាលមិនទាន់មានអណ្តូងទឹកក្បែរផ្ទះ ក្មេងស្រីៗពិសេស ស្រ្តីមេផ្ទះ ត្រូវទៅរកទឹកនៅឆ្ងាយពីផ្ទះ ខាតពេលវេលា ហើយត្រូវរង់ចាំយូរព្រោះអណ្តូងមានអ្នកមកដងទឹកច្រើន។ ការលំបាកមួយទៀតនោះគឺក្មេងស្រី ត្រូវងើបពីព្រលឹមស្រាងៗ និងព្រលប់ងងឹត ដើម្បីចេញទៅងូតទឹក ព្រោះភាពអៀនខ្មាស់ស្រ្តីវ័យជំទង់មិនហ៊ានងូតទឹកទាំងកណ្តាលថ្ងៃនោះទេ។

គ្រួសារដែលទទួលបានអណ្តូងទឹក និងសមាជិកសមាគមឥស្លាមកម្ពុជា។ រូបភាព កាមីឡះ យុវជនខេត្តកំពង់ធំ។

ប្រជាពលរដ្ឋទាំង ១៤ គ្រួសារបានសម្តែងក្តីសប្បាយរីករាយបន្ទាប់ពីពួកគេបានទទួល អណ្តូងទឹកប្រើក្បែរផ្ទះដូច្នេះ។ ពលរដ្ឋលើកឡើងថា ពួកគេមានភាពងាយស្រួល ចំណេញពេលវេលាធ្វើកិច្ចផ្សេងៗ ហើយឥឡូវពួកគេចាប់ផ្តើមធ្វើបន្ទប់ទឹកបិទបាំងដោយកៅ ស៊ូតង់ ឬស្លឹកដូងជាដើម ដើម្បីឱ្យក្មេងស្រីៗងាយស្រួលងូតទឹក និងមានសុវត្ថិភាព។ ដោយឡែកគ្រួសារខ្លះ បានដាំដំណាំ និងបន្លែផ្សេងៗយកទៅលក់ ព្រោះមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់៕

អត្ថបទខ្លីសរសេរដោយ ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មាន ស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image