បាត់ដំបង៖ ចង្រិតជាប្រភេទសត្វល្អិតម្យ៉ាងដែលរស់នៅតាមព្រៃ តាមភូមិស្រុក និងក្នុងដីចំការជាដើម។ ចង្រិតត្រូវបានយកមកធ្វើជាម្ហូបអាហារ និងជាចំណីញុំាកំដរមាត់ផង ដែរ។
ក្នុងអត្ថបទនេះ យុវជន សុភក្តិ ភូឈិត បានចុះទៅយកព័ត៌មានជុំវិញការចិញ្ចឹមចង្រិតរបស់កសិករមួយរូបរស់នៅភូមិគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានខ្លឹមសារដូចខាងក្រោម។
លោក សេង ហុង ជាប្រជាជនរស់នៅភូមិគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចាប់យករបរចិញ្ចឹមចង្រិតអស់រយៈពេលមួយឆ្នាំមកហើយ ដែលជាការចិញ្ចឹមលក្ខណៈគ្រួសារសម្រាប់ដោះស្រាយជីវ ភាពប្រចាំថ្ងៃ។
កសិកររូបនេះបង្ហាញពីរបៀបចិញ្ចឹមក្នុងគ្រួសាររបស់លោកថា លោកសង់ទ្រុងចង្រិតរាងដូចអាងទឹកកម្ពស់ជាងមួយម៉ែត្រ ទទឹងជាង ៣ ម៉ែត្រ និងបណ្តោយប្រវែងជាង ១០ ម៉ែត្រ។ នៅក្នុងទ្រុងចង្រិតមានដាក់សម្រុកស្រដៀងទៅនឹងផ្លានពងទា ដាក់រាយចំបើងពីលើសម្បុកនោះដើម្បីងាយស្រួលដាក់ចំណីឱ្យចង្រិត។ការសង់ទ្រុងចង្រិតគឺមានប្រក់ដំបូងត្រឹមត្រូវ មានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់។
ចំណែកចំណីរបស់ចង្រិតវិញ គឺងាយអាចរកបាននិងចំណាយដើមទុនតិចសម្រាប់អ្នកនៅទីជនបទ គឺមាន កន្ទក់ ដើមចេក ដើមឆៃយ៉ា និង ត្រួយរុក្ខជាតិខ្ចីៗជាដើម។ រយៈពេលចិញ្ចឹមវិញ មានចំនួន ៤៥ថ្ងៃអាចចាប់ចង្រិតលក់បាន។
រីឯតម្លៃវិញអាចលក់បានចាប់ពី ៦ ពាន់រៀលទៅមួយម៉ឺនរៀលក្នុងមួយគីឡូ ហើយមានឈ្មួញមកទិញដល់ផ្ទះយកទៅលក់បន្តទៅប្រទេសថៃ។ លោកឱ្យដឹងថា ការចិញ្ចឹមចង្រិតនេះអាចធ្វើឱ្យជីវភាពគ្រួសាររបស់លោកបានធូរធាមួយកម្រិត ព្រោះលោកអាចលក់ចង្រិតបានជាងមួយលានរៀលស្ទើរជារៀងរាល់ខែ បូកផ្សំជាមួយការធ្វើស្រែ និងការងារសំណង់ខ្លះ៕
អត្ថបទខ្លីសរសេរដោយ សុភក្តិ ភូឈិត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។