en     km
en     km

អ្នកវិភាគថាសម្ដេចហ៊ុនសែនគួរទៅថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំនេះ

Share

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះផ្សាយ​ថ្ងៃ២៣កញ្ញានេះថា លោកប្រាក់សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងទំនាក់ទំនងអន្ដរជាតិកម្ពុជាតំណាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុនសែនដឹកនាំប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំ អង្គការសហប្រជាជាតិលើកទី៧៤ នៅឯទីស្នាក់ការនៃក្រុងញ៉ូវយ៉ក់រយៈពេល បួនថ្ងៃពីថ្ងៃទី២៤​ដល់ថ្ងៃទី២៨កញ្ញា។

កម្ពុជានឹងឡើងថ្លែងនូវចំណុចសំខាន់ជាច្រើន ដែលរួមមានសណ្ដាប់ធ្នាប់ពិភពលោក និង សន្ដិភាពផងដែរ តែអ្នកវិភាគថាសម្ដេចហ៊ុនសែនគួរទៅថ្លែងសុន្ទរកថា នៅអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំនេះ។

កញ្ញា ឆោម ពៅនិការាយការណ៍៖

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស គឺសម្រាប់ការចូលរួមមហាសន្និបាត​អង្គការ​​សហប្រជាជាតិសម្រាប់ឆ្នាំនេះ  លោក​ប្រាក់សុខុន  រដ្ឋមន្រ្ដីរបស់ក្រសួងនេះ ជាតំណាងកម្ពុជាអញ្ជើញធ្វើសេចក្ដីថ្លែងការណ៍នៅក្នុងព្រឹត្តិការណ៍នោះ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស តំណាងកម្ពុជា នឹងថ្លែងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សមិទ្ធិផលសំខាន់ៗឆ្ពោះទៅរកការអភិវឌ្ឍន៍សហសវត្សនិងកិច្ចប្រឹងប្រែងឆ្ពោះគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួមការងារដោះស្រាយលើបញ្ហាមួយចំនួន។

ក្រៅពីនេះ តំណាងកម្ពុជា ក៏នឹង្លែងអំពីការប្រែប្រួលអាកាសធាតុ ភេរវកម្ម អំពើជ្រុលនិយម​និង​អចន្តិនិយម ការគំរាមកំហែងសន្ដិសុខមិនប្រពៃណី រួមទាំងបញ្ហាសណ្ដាប់ធ្នាប់ពិភពលោកថ្មី ពហុភាគីនិយម តួនាទីច្បាប់អន្ដរជាតិ ផលប៉ះពាល់ព័ត៌មានក្លែងក្លាយ និងបញ្ហាតំបន់និងអន្ដរជាតិផងដែរ។

នៅឯមហាសន្និបាតនោះ គឺលោកប្រាក់សុខុននឹងជួបជាមួយនឹងរដ្ឋមន្រ្ដីការបរទេសនៃប្រទេសឆែក និង រុស្ស៊ី។

ក្រៅពីនេះគឺមាននូវកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីក្រៅផ្លូវការស្ដីពីអន្ដរកម្ម និង វិធានការកសាងទំនុកចិត្តនៅតំបន់អាស៊ី ហៅកាត់ថា ស៊ីអាយស៊ីអេ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃចលនាមិនចូលបក្សសម្ព័ន្ធ ហៅថា អេនអេអឹម កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃបណ្ដាប្រទេសអភិវឌ្ឍតិចតួច កិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសដៃគូសហប្រតិបត្តិាករអស៊ី ជាអាទិ៍។

តែយ៉ាងណា កាលពីឆ្នាំទៅមុន សម្ដេចហ៊ុនសែន បានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ ដោយបានធ្វើការបកស្រាយ ឱ្យពិភពលោកបានឃើញនឹងដឹងថា ប្រជាជាតិកម្ពុជាកំពុងតែសប្បាយរីករាយទទួលផលពីសុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន។

ក៏ប៉ុន្ដែនៅក្នុងឆ្នាំ២០១៩ សម្ដេចនាយករដ្ឋមន្ត្រី មិនបានទៅចូលរួមនោះទេ។ តាមមន្ត្រីកម្ពុជា ម្នាក់ថា សម្ដេចនឹងទៅកាន់ប្រទេសចិន ក្នុងថ្ងៃនោះ។

កាលពីថ្ងៃទី២១ កញ្ញា ជាទិវាសន្ដិភាពពិភពលោក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលាតត្រដាងការពតិថា បច្ចុប្បន្នកម្ពុជាមានការគម្រាមកំហែងលើសន្ដិភាព ពោលគឺសន្ដិភាពមានភាពផុយស្រួយ ។សម្ដេច ថា ប្រទេសមហាអំណាចកំពុងប្រកួតប្រជែង ដើម្បីផលប្រយោជន៍នយោបាយ  សេដ្ឋកិច្ច និង យោធា បានគំរាមកំហែងដល់សន្តិភាពកម្ពុជា។​

សាររបស់សម្ដេចហ៊ុន សែនសរសេរដូច្នេះថា៖«ការប្រកួតប្រជែងរវាងមហាអំណាច ក្នុងការការពារផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងយោធា បាន និងកំពុងនាំមកនូវការគំរាមកំហែង ចំពោះសន្តិភាពដែលនៅតែមានភាពស្រួចស្រាវ ទាំងក្នុងកម្រិតតំបន់ និង សកល។​

ត្រង់ចំណុចនេះ លោកឯមសុវណ្ណារ៉ាអ្នកវិភាគបញ្ហាសង្គមយល់ឃើញថា បើសិនណាសម្ដេចធ្វើលិខិតផ្លូវការទៅថ្លែង ឬ យកទៅឱ្យអង្គការពិភពលោកពិនិត្យគឺល្អ។

ឃ្លីប—–

តែលោកថា បើសិនដូចសម្ដេចនាយករដ្ឋមន្រ្ដីថាមែន គឺសន្ដិភាពដែលកំពុងគម្រាមកំហែងមកពីជាប់នូវកិច្ចព្រមព្រៀងទៅវិញគឺជារឿងផ្សេង។

កាលពីឆ្នាំទៅមុន សម្ដេចហ៊ុនសែននៅទីក្រុងញ៉ូវយ៉កមានការទទួលស្វាគមន៍ផងនិងការប្រឆាំងពីសំណាក់ពលរដ្ឋខ្មែរនៅទីនោះ។​ សម្ដេចទៅអង្គការសហប្រជាជាតិពេលនោះក៏ដូចជាដើម្បីបង្ហាញពីភាពស្របច្បាប់នៃរដ្ឋាភិបាលកម្ពុជាដែលទើបកើតឡើងពីការបោះឆ្នោត នៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ ដែលគណបក្សរបស់លោកបានទទួលអាសនៈទាំងស្រុងពីរដ្ឋសភា។ តែសហគមន៍អន្តរជាតិនិងក្រុមបក្សប្រឆាំងចាត់ទុករដ្ឋាភិបាលនេះមិនស្របច្បាប់។

តែបើ និយាយពីឥទ្ធិពល នៃប្រទេស មហាអំណាចវិញ គឺកម្ពុជាចុងក្រោយនេះមានការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា អាចនឹងមានមូលដ្ឋានទ័ពចិននៅឆ្នេររាម តែទីបំផុតព័ត៌មាននេះបានសាបរលាបទៅវិញ ក្រោយជំនួបផ្ទាល់រវាងរដ្ឋមន្រ្ដីការបរទេសកម្ពុជានិងសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំអន្ដរក្រសួងការបរទេសអាស៊ាននៅបាងកក ដែលតំណាងកម្ពុជាអះអាង​ដោយ​ផ្ទាល់​ថាមិនមាន​មូលដ្ឋានទ័ពចិននៅ​ឆ្នេរសមុទ្រ​កម្ពុជាឡើយ។

រាជរដ្ឋាភិបាលកម្ពុជា តែងតែចោទប្រកាន់ថា ក្រុមប្រឆាំងនៅកម្ពុជាគឺអតីតគណបក្សសង្គ្រោះជាតិមានសហរដ្ឋអាមេរិកនៅពីក្រោយ ហើយលោកកឹមសុខាប្រធានអតីតគណបក្សសង្គ្រោះជាតិត្រូវបានរងបទចោតថាក្បត់ជាតិ សន្ទិដ្ឋិភាពនឹងបរទេស ចង់ផ្ដួលរលំរដ្ឋាភិបាល។ ព័ត៌មានក្រោយបំផុតដែលមជ្ឈដ្ឋានក្នុងស្រុកកំពុងតាមដាននេះគឺវត្តមានលោកសមរង្ស៊ី និងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិនឹងធ្វើមាតុភូមិននិវត្តមកកាន់កម្ពុជាដោយថានឹងមានអមដំណើរនឹងបរទេស មានបរទេសជាសាក្សី ខណៈដីកាមួយចំនួនរបស់ព្រះរាជអាជ្ញាតាមចាប់លោកសមរង្ស៊ីបានដល់ដៃប្រទេសមួយចំនួនក្នុងអាស៊ាន។ តែយ៉ាងណា សម្រាប់អាមេរិក នៅទទូចអោយកម្ពុជា មានប្រជាធិបតេយ្យឡើងវិញ ហើយត្រូវតាំងខ្លួន​ជារដ្ឋអព្យា​ក្រឹ​ត្យ​ពិត​ប្រាដក។ អ្នកវិភាគឯមសុវណ្ណារា ថ្មីៗមើលឃើញពីផលប៉ះពាល់ ក្នុងតំបន់ បើកម្ពុជា បន្ត​ក្រោម​​ឥទិ្ធពលដ៏ខ្លាំងក្លាពីមហាអំណាចណាមួយនោះ៕

Share

Image
Image
Image