សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយនៅថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៩នេះឱ្យប្រកាសថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ ២០២០ខាងមុខនេះ កើនដល់ ១៩០ដុល្លារ។ ការកំណត់នេះបានកើនឡើងចំនួន ៣ដុល្លារលើសឆ្នាំ២០១៩ ដែលមាន ១៨៧ដុល្លារ។
ការប្រកាសរបស់ក្រសួងការងារ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការប្រឹក្សាការងារ ដែលរួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល។
ក្នុងនោះសន្លឹកឆ្នោតភាគច្រើនបានបោះឆ្នោតជ្រើសរើសយកតួលេខ ១៨៧ដុល្លារ ហើយបន្ទាប់មក សម្តេច ហ៊ុន សែន បានផ្តល់បន្ថែម ៣ដុល្លារទៀតជូនកម្មករនិយោជិត ដែលធ្វើឱ្យប្រាក់ឈ្នួលពួកគេកើនឡើង ១៩០ដុល្លារ នៅឆ្នាំ២០២០ ខាងមុខនេះ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារនេះ នឹងចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក។
កម្ពុជាបានសម្រេចតំឡើងប្រាក់ឈ្នួលកម្មករនយោជិតដល់ ១៩០ ដុល្លារ សម្រាប់ឆ្នាំ ២០២០ខាងមុខ ចំពេលដែលសហភាពអឺរ៉ុបកំពុងប្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធ។
កម្ពុជាជាប្រទេសដែលទទួលបាននូវផលប្រយោជន៍ពីប្រព័ន្ធការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធពីសហភាពអឺរ៉ុប។ តែថ្មីៗនេះ សហភាពអឺរ៉ុបបានប្រមាន ពីការដកយកទៅវិញ លើពន្ធអនុគ្រោះនេះ បន្ទាប់ពីតុលាការសម្រេចចាប់ឃាត់ខ្លួនលោក កឹម សុខា និង រំលាយគណបក្សប្រឆាំងធំមួយនៅកម្ពុជា។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានប្រាប់អ្នកសារព័ត៌មានមួយថា បើទោះបីជាការតំឡើងប្រាក់ឈ្នួលកម្មករនេះនៅមានកម្រិតតិចជាងអ្វីដែលសហជីពចង់បាន តែការព្រួយបារម្ភអំពីការដកប្រព័ន្ធពន្ធអនុគ្រោះទៅវិញទេដែលជាបញ្ហានៅថ្ងៃអនាគត។
លោកបន្តថា៖ «នៅពេលដែលប្រាក់ខែបុគ្គលិកកម្មករកម្មការនីយើងខ្ពស់ជាងប្រទេសជិតខាងក្នុងតំបន់ នោះវាជាហានិភ័យទៅវិញទេប្រសិនបើកម្ពុជាបាត់បង់ពន្ធអនុគ្រោះនៅថ្ងៃខាងមុខ»។
សូមបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាអ្នកនាំចូលនៅផលិតផលវាយនភណ្ឌពីកម្ពុជាធំជាងគេ។ ថ្មីៗនេះ សហភាពអឺរ៉ុប បានសម្រេចដាក់ដាក់អោយដំណើរការការដកប្រព័ន្ធពន្ធអនុគ្រោះពន្ធEBA ដែលជាផ្នែកមួយ ពាក់ព័ន្ធខ្លាំងនឹងវិស័យវាយនភណ្ឌនៅកម្ពុជា។
អ្នកជំនាញការងារនិងសេដ្ឋកិច្ច ព្រមានថា បើកម្ពុជាបាត់ប្រព័ន្ធអនុគ្រោះពន្ធEBA គឺផលប៉ះពាល់ដំបូង គឺកម្ពុជា និងអ្នកបានផលប្រយោជន៍ពីវិស័យ ប្រមាណជាងមួយលាននាក់។ សហភាពអឺរ៉ុប ដែលកំពុង ដំណើរការដកប្រព័ន្ធ EBA នេះ ដោយសារ សហគមន៍អន្តរជាតិ ជាទីផ្សារធំទីមួយសម្រាប់កម្ពុជានៅអឺរ៉ុប ខកចិត្ត ការដែល តុលាការកម្ពុជា រំលាយគណបក្សសង្រ្គោះជាតិ ដោយអន្តរជាតិដ៏ធំនេះ ចាត់ទុកប្រជាធិបតេយ្យនៅកម្ពុជាកំពុងជួបគ្រោះថ្នាក់៕