en     km
en     km

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកចូលរួមគាំទ្រគម្រោងជាមួយលោក សម រង្ស៊ី អាចជាប់ទោសរហូតដល់ ១០ ឆ្នាំ

Share


ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក សម រង្ស៊ី ដែលមានផែនការធ្វើរដ្ឋប្រហារនៅកម្ពុជា គឺជាបទល្មើសអាចត្រូវទទួលទោសជាប់ពន្ធនាគាររហូតដល់ទៅ ៣០ ឆ្នាំ ។ ដោយឡែក បុគ្គលណាដែលចូលរួមគាំទ្រក្នុងគម្រោងជាមួយលោក សម រង្ស៊ី នឹងត្រូវទទួលទោសព្រហ្មទណ្ឌពី ៥ឆ្នាំ ទៅ ១០ ឆ្នាំ ហើយបើបុគ្គលទៅចូលរួមនោះទោះជាអ្នករាជការសាធារណៈនឹងទទួលទោសពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ បើអំពើនោះត្រូវបានចេញជារូបរាង ។ អ្នកសិក្សាផ្នែកច្បាប់ និងសិទ្ធិមនុស្សថា រឿងទាំងអស់នេះគឺកើតឡើងដោយសាររឿងនយោបាយ ហើយបើស្ថានភាពនយោបាយល្អប្រសើរ នោះអ្នកនយោបាយទាំងអស់នឹងរួចផុតពីការជាប់ទោស និងការចោទប្រកាន់។


រាយការណ៍ដោយលោក សោម លាភ


ការបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌​មាន ចេញផ្សាយនៅថ្ងៃទី ២០ កញ្ញានេះ ។
សេចក្ដីប្រកាសព័ត៌មាននេះ បញ្ជាក់ថាការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជាគឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខកម្ពុជា ។ ការបញ្ជាក់បែបនេះដោយសំអាងថា លោក សម រង្ស៊ី អំពាវនាវឱ្យប្រជាពលរដ្ឋ និងកម្លាំង​ប្រដាប់អាវុធ ងើបឡើងដើម្បីចាប់នាយករដ្ឋមន្ត្រីកម្ពុជា ។
សេចក្តីប្រកាសនេះបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកញ្ញា មានមនុស្សមួយក្រុម ក្នុងនាមជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីតគណបក្សសង្គ្រោះជាតិ ដែលអ្នកនាំពាក្យក្រសួងយុត្តិធម៌ហៅថាជាអង្គការខុសច្បាប់ បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងទៅនឹងអ្វីដែលគេហៅថា ផែនការនៃការវិលត្រឡប់មកកម្ពុជារបស់លោក សម រង្ស៊ី ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ក្រសួងយុត្តិធម៌ពិនិត្យឃើញថា ផែនការនៃការប្រកាសមាតុភូមិនិវត្តរបស់លោក សម រង្សី មិនមែនមកដើម្បីស្វែងរកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ តែជាផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ដោយអូសទាញប្រមូលកម្លាំងប្រជាជន និងកម្លាំងប្រដាប់អាវុធ ឲ្យបះបោរតាមរូបភាពជាបដិវត្តដោយហិង្សា ដើម្បីជាការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យបន្ថែមថា សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ។
យ៉ាងណា ក្រសួងយុត្តិធម៌បញ្ជាក់ថា គម្រោងរបស់លោក សម រង្ស៊ី នៃការធ្វើសកម្មភាពនេះ គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ។ លទ្ធភាពនៃការដាក់ទោសលើប្រភេទនៃបទល្មើសនេះ គឺដាក់ពន្ធនាគារចាប់ពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ នោះនឹងត្រូវដាក់ពន្ធនាគារអស់មួយជីវិត ។
មាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌកម្ពុជាចែងថា ឧបឃាតគឺជាការប្រព្រឹត្តអំពើហឹង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជណាចក្រកម្ពុជា​ ឬបង្ករឱ្យមានការប៉ះពាល់ដល់បូរណភាពដែនដីជាតិ ។
ជុំវិញអ្វីដែលក្រសួងយុត្តិធម៌ហៅថាជាសកម្មភាពនៃការធ្វើរដ្ឋប្រហារនេះ សម្រាប់អ្នកដែលចូលរួមក្នុងគម្រោងក៏ត្រូវមានទោសដែរ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា សម្រាប់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងការរបស់លោក សម រង្ស៊ី គឺជាអ្នកប្រព្រឹត្តបទល្មើសមួយប្រភេទដែលច្បាប់ព្រហ្មទណ្ឌកំណត់ថា «បទល្មើសរួមគំនិតក្បត់» មានចែងនៅមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ ។ សម្រាប់ការចូលរួមក្នុងគម្រោងរបស់លោក សម រង្ស៊ីនេះ បើធ្វើឡើងដោយអ្នករាជការសារធារណៈ នឹងជាប់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ២០ឆ្នាំ ។
មាត្រា ៤៥៣ អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ ដើម្បីប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះត្រូវបានសម្ដែងចេញជារូបរាងច្បាស់លាស់ ដោយអំពើជាក់លាក់មួយឬច្រើន ។
ប៉ុន្តែ សេចក្ដីប្រកាសព័ត៌មាននេះបន្ថែមថា ប្រសិនបើបុគ្គលណាដែលបានចូលរួម ក្នុងអំពើដែលក្រសួងយុត្តិធម៌ចាត់ទុកថា ជាអំពើរួមគំនិតក្បត់នេះ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឲ្យរួចផុតពីការទទួលទោស ។
ជាថ្មីម្ដងហើយម្ដងទៀត មន្ត្រីជាន់ខ្ពស់របស់ស្ថាប័ននីតិប្រតិបត្តិ តែងតែអំពាវនាវឱ្យកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យចាត់វិធានការក្ដៅ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងបក្សពួក​ទាំងអស់ ។
កាលពីម្សិលមិញ ទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រីកម្ពុជាថា ផែនការរបស់លោក សម រង្ស៊ី​ដែលលោកហៅថាជាភេរវកម្មគឺធ្វើឡើងតាមសហរដ្ឋអាមេរិក ដែលលោកថាអាមេរិកមិនបានបន្សល់ទុកអ្វីជាដុំកំផួនសម្រាប់កម្ពុជាសោះឡើយតាំងពីដើមមក ។
លោក សម រង្ស៊ី និងក្រុមមន្ត្រីអតីតគណបក្សសង្រ្គោះជាតិ កំពុងបន្តសកម្មភាពនៅសហរដ្ឋអាមេរិក ដែលមានការលើកឡើងថាស្នើសុំអាមេរិកពិនិត្យតាមដាន និងការពារដំណើរមាតុភូមិនិវត្តរបស់លោកមកកម្ពុជា ។
នៅលើទំពរហ្វេសបុករបស់លោកស្រីមួ សុខហួ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា រហូតមកដល់ថ្ងៃទី ១៩ កញ្ញា ជាថ្ងៃចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងការងារការទូតរយៈពេល ៣ថ្ងៃ របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី នៅទីក្រុងវ៉ាស៊ីនតុន សហរដ្ឋអាមរិក ។​ លោកស្រីបញ្ជាក់ថា ជាជំនួបពិភាក្សាការងារជាមួយតំណាងរាស្ត្រអាមេរិកដ៍មានឥទ្ធិពល លោក ថិត យូហូរ (Ted Yoho) បានប្រព្រឹត្តទៅប្រកកដោយបរិយាកាសស្និទ្ធស្នាល ភាតរភាព ផ្លែផ្កា និងប្រកកដោយក្តីសង្ឃឹមដ៍ជ្រាលជ្រៅ ។
នៅក្នុងទំព័រហ្វេសបុករបស់លោក សេង ម៉េងប៊ុនរ៉ុង សកម្មជនអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១៩ កញ្ញាម្សិលមិញ សរសរថា ថ្នាក់ដឹកនាំអតីត​គណបក្សសង្គ្រោះជាតិ ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង និងលោកស្រី ជូឡុង ស៊ូមូរ៉ា ភរិយាលោកសម រង្ស៊ី បាន​ជួបពិភាក្សាការងារមួយចំនួនជាមួយនឹងមន្ត្រីក្នុងស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក និងមន្ត្រីព្រឹទ្ធសភាសហរដ្ឋអាមេរិក ដូចជាជួបជាមួយ នាយកទទួលបន្ទុកផ្នែកប្រជាធិបតេយ្យ សិទ្ធមនុស្ស និងពលកម្ម ប្រចាំតំបន់អាស៊ីខាងកើតនៃក្រសួងការបរទេស, នាយកទទួលបន្ទុកដែនដីគោគប្រចាំតំបន់អាស៊ីខាងកើតនៃក្រសួងការបរទេស, មន្ត្រីទទួលបន្ទុកការងារក្នុងប្រទេសកម្ពុជានៃក្រសួងការបរទេស, មន្ត្រីក្រសួងការពារជាតិ, នាយកប្រចាំតំបន់អាស៊ីខាងកើតនៃក្រសួងសន្តិសុខជាតិ និងមន្ត្រីទទួលបន្ទុកគោលនយោបាយការបរទេសនៃព្រឹទ្ធសមាជិក ម៉ាកូ រ៊ូប៊ីអូ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ។
លោក សម រង្ស៊ី​ប្រកាសដោយអំពាវនាវម្ដងហើយម្ដងទៀតឱ្យពលរដ្ឋចេញទៅទទួលខ្លួន និងមន្ត្រីអតីតគណបក្ស និងអំពាវនាវឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ឱ្យងើបឈរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ។
ពលរដ្ឋមួយចំនួន អះអាងដោយបង្ហាញជំហរថា នឹងចេញទៅទទួលលោក សម រង្ស៊ី ដោយមិនខ្លាចវិធានការរបស់អាជ្ញាធរនោះទេ ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយសរសេរលើទំព័រហ្វេសបុករបស់ខ្លួនក្នុងន័យដើមថា «លោក សម រង្ស៊ី ធ្វើឲ្យកម្រើកកម្លាំងមួយប្រទេស ទប់ទល់គាត់ តាមដានសកម្មភាពទាក់ទិនគាត់ដល់វត្ត តាមចាប់គាត់ដល់ប្រទេសអាស៊ាន» ។
គួររំលឹកថា លោក សម រង្ស៊ី កំពុងជាប់ក្ដីក្ដាំនៅតុលាការ ចំនួន១៤ករណីហើយ ក្នុងនោះមាន ៦ ករណី ត្រូវបានសម្រេចជាស្ថាពរ ដែលរឿងក្ដីទាំងនោះពាក់ព័ន្ធនឹងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំរបស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ។
អ្នកសិក្សាផ្នែកច្បាប់ និងសិទ្ធិមនុស្សថា រឿងទាំងអស់នេះគឺកើតឡើងដោយសាររឿងនយោបាយ ហើយបើស្ថានភាពនយោបាយល្អប្រសើរ នោះអ្នកនយោបាយទាំងអស់នឹងរួចផុតពីការជាប់ទោស និងការចោទប្រកាន់ ៕

Share

ព័ត៌មានទាក់ទង

Image