បាត់ដំបង៖ កសិករមួយចំនួនក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានខាតបង់ប្រាក់កាស ខណៈភាពរាំងស្ងួតកាលពីពេលកន្លងទៅបានបណ្តាលឱ្យស្រូវរបស់ពួកគេខូចខាត។ មិនខុសពីកសិករខាងលើនោះទេ លោក ទិន រ៉ៃយ៉ា ក៏ជាកសិករមួយរូបរងផលប៉ះពាល់ពីភាពរាំងស្ងួតនេះដែរ តែលោកអាចមានចំណូលទប់ទល់ក្នុងការចំណាយប្រចាំថ្ងៃ ដោយសារការធ្វើកសិកម្មចម្រុះ។
លោក ទិន រ៉ៃយ៉ា ជាកសិករមួយរស់នៅក្នុងភូមិស្ទឹងថ្មី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឱ្យដឹងថា គ្រោះរាំងស្ងួតជាច្រើនខែបានបណ្តាលឱ្យដំណាំស្រូវរបស់លោក និងអ្នកភូមិខ្លះខូចស្វិតអស់។ លោកបន្តថា បើទោះបីត្រូវបង់ខាតលើដំណាំស្រូវក៏ពិតមែន តែលោកទទួលបានចំណូលពីការចិញ្ចឹមមាន់ ទា និងបណ្តុះផ្សិតស(ផ្សិតសៀម)លក់ ដែលអាចទទួលចំណូលបានគ្រប់រដូវ។
កសិករស្រុកមោងឫស្សីរូបនេះបន្តថា លោកអាចបេះផ្សិតសក្នុងមួយថ្ងៃជាង ៥ គីឡូដោយក្នុងមួយគីឡូលក់បាន ៤ ពាន់រៀល។ ចំណែកការចិញ្ចឹមទាវិញ លោកអាចរើសស៊ុតទាលក់បានពី ២០-៣០ គ្រាប់ក្នុងមួយថ្ងៃផងដែរ។ ដោយឡែកការចិញ្ចឹមមាន់វិញ គឺចិញ្ចឹមសម្រាប់លក់ពេលបុណ្យទានធំៗ ដែលចំណូលទាំងនេះ អាចផ្គត់ផ្តង់ជីវភាពក្នុងគ្រួសារ និងការរៀនសូត្ររបស់កូនៗពិសេសធ្វើឱ្យជីវភាពគ្រួសារធូរធាជាងមុន។
ជាគោលដៅនាពេលអនាគតលោក ទិន រ៉ៃយ៉ា ប្រាប់ថា លោកមានគម្រោងឈានទៅបង្កើតជាកសិដ្ឋានដ៏ធំតែម្តង ដោយមិនពឹងផ្អែកលើការដាំស្រូវតែមួយមុខដូចមុនឡើយ៕
ខាងក្រោមជារូបភាពកន្លែងចិញ្ចឹមមាន់ ទា និងបណ្តុះផ្សិតសរបស់លោក រ៉ៃយ៉ា៖
អត្ថបទខ្លីសរសេរដោយ ឆូន ដានី យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។