កំពង់ធំ៖ អង្គុយក្រោមផ្ទះលើអង្រឹង ដៃទាំងពីរទាញយកសរសៃក្រណាត់ចាក់ចុះចាក់ឡើងរហ័សរហួន នេះជាសកម្មភាពអ្នកស្រី ឡាច ទឹម កំពុងចាក់អង្រឹងក្រណាត់យ៉ាងស្ទាត់ជំនាញ។
អ្នកស្រី ឡាច ទឹម វ័យជាង៥០ឆ្នាំ ជាស្រ្តីមេម៉ាយជាង ១៥ឆ្នាំ ហើយបច្ចុប្បន្នរស់នៅជាមួយកូនៗបួននាក់ដែលធ្វើការងារនៅរោងចក្រកាត់ដេរ។ ស្រ្តីមេម៉ាយដែលរស់នៅក្នុងភូមិ បន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រូបនេះឱ្យដឹងថា អ្នកស្រីចាក់អង្រឹងមួយថ្ងៃអាចបាន ៣ អង្រឹង ដែលលក់បានប្រហែលមួយម៉ឺនរៀលក្នុងមួយអង្រឹង។
អ្នកស្រីបន្តថា ការចាក់អង្រឹងក្រណាត់លក់នេះត្រូវការចំណាយដើមទុនតិចតួច ដោយត្រូវទិញក្រណាត់ពីរោងចក្រក្នុងមួយគីឡូថ្លៃមួយពាន់រៀល។ ពេលចាក់អង្រឹងបានច្រើនល្មមហើយ អ្នកស្រីយកអង្រឹងនេះទៅលក់ក្នុងភូមិស្រុក ព្រោះមិនមានម៉ូយមកទទួលយកលក់បន្តនោះទេ។
ក្នុងវ័យកាន់តែចាស់ មុខរបរចាក់អង្រឹងក្រណាត់លក់នេះ ជាជម្រើសល្អសម្រាប់អ្នកស្រីដើម្បីបានប្រាក់ចំណូលខ្លះចាយវាយប្រចាំថ្ងៃ និងមានពេលមើលថែចៅតូចៗព្រោះម្តាយរបស់ចៅទៅធ្វើការរោងចក្រ៕
អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្រ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។