កំពង់ធំ៖ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះ ពុទ្ធបរិស័ទចំណុះជើងវត្តបាណកបានបើកការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានបេឡាកាន់បច្ច័យកសាងក្នុងវត្តបាណកការាម ហៅវត្តបាណក។
ការបោះឆ្នោតនេះប្រព្រឹត្តិទៅនៅក្នុងបរិវេណវត្តបាណក ដោយមានការនិមន្តចូលរួមពីលោកមេគុណ និងអនុគុណស្រុកបារាយណ៍ លោកមេឃុំ មេភូមិ មេប៉ុស្តិ៍ ព្រមទាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋចំណុះជើងវត្តបាណកផងដែរ។
អ្នកឈរឈ្មោះជាបេឡាគ្រប់គ្រងបច្ច័យមានសមាភាពចំនួន ១២រូប មកពីភូមិទាំងបី គឺភូមិបារាយណ៍ធំ ភូមិពោធិ៍ពីរ និងភូមិបាណក ដែលចំណុះអោយវត្តបាណក។ បេក្ខភាពដែលជាប់ជាប្រធានបេឡាគឺលោកលោក វ៉ា សំអុល មកពីភូមិបាណក ហើយអនុប្រធានទី ១ អ្នកស្រី ឃួន ចាន់ធី មកពី ភូមិបារាយណ៍ធំ និងអនុប្រធានទី ២ លោក ទូច ប៊ុនលី មកពីភូមិពោធិ៍ពីរ ។
លោក ធូ សេង មេឃុំបារាយណ៍ មានប្រសាសន៍ក្នុងឳកាសនោះថា ការបោះឆ្នោតជ្រើសរើសបេឡាបច្ច័យក្នុងវត្តនេះ គឺបំណងដើម្បីបង្កើនការជឿទុកចិត្ត និងងាយស្រួលគ្រប់គ្រងចំណាយចំណូលក្នុងវត្ត ដែលជាបច្ច័យរបស់ពុទ្ធបរិស័ទ៕
ខាងក្រោមនេះជាទិដ្ឋភាព និងសកម្មភាពពុទ្ធបរិស័ទចំណុះជើងវត្តបាណកបោះឆ្នោត៖
អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។