en     km
en     km

លោក ញូចាន់ ប្រកបរបរដាក់លបទល់រកត្រីបេ្តជ្ញាមិនប្រព្រឹត្តិបទល្មើសនេសាទ

Share

ខេត្តកំពង់ធំ៖ វិធីសាស្ត្រនៃការនេសាទត្រីរបស់ប្រជាពលរដ្ឋខ្មែរមានច្រើនបែប ច្រើនសណ្ឋាន គួបផ្សំជាមួយឧបករណ៍នេសាទច្រើនប្រភេទផងដែរ។

លោក ញូចាន់ កំពុងជួសជុលលបរបស់គាត់នៅក្នុងរោងមួយកន្លែង។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

លោក ញូចាន់ អ្នកនេសាទមួយរូបរស់នៅភូមិចតុលោក  ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សព្វថ្ងៃប្រកបមុខរបរដាក់លបទល់ ដែលលោកចេះពីលោកឳពុកម្តាយ ដែលធ្វើឱ្យលោកមានភាពស្ទាត់ជំនាញទាំងការធ្វើ និងការដាក់លបយកត្រី។

លោក ញូចាន់ ប្រាប់ឱ្យដឹងថា លបទល់ដែលលោកធ្វើមានកម្ពស់ប្រហែលជាមួយម៉ែត្រកន្លះ ទំហំប៉ុនធុងសាំង ឬទំហំមួយអោប។ ចំណែកសម្ភារៈធ្វើលបទល់មានដូចជា ដើមឫស្សី សាច់អួនក្រឡាបួន ខ្សែលិញឡុងខ្មៅឬលិញឡុងតាន់។ រីឯឃ្នងខាងក្នុងគឺប្រើដើមក្រវ៉ាន់ភ្នំ ដើមឈ្លើយ ឬដើមជូពៅ តែសព្វថ្ងៃពិបាករក ទើបលោកយកដែកសរសៃធ្វើជាឃ្នងជំនួសវិញ ព្រោះមានភាពងាយស្រួលនិងឆាប់រហ័ស។

លបរបស់លោក ញូចាន់ បញ្ឈរតម្រាប់គ្នាត្រៀមយកទៅដាក់ត្រី។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

លោកឱ្យដឹងបន្ថែមថា បច្ចុប្បន្នលោកមានលបទល់ចំនួន ៥០ ។ ចំណែកការដាក់វិញគឺពីរថ្ងៃទើបទៅលើកម្តង ដែលលោកអាចរកត្រីបានជាង ៥គីឡូក្រាម។ លោកបន្ថែមថា លោកអាចលក់ត្រីបានប្រាក់ប្រហែលជា ៥ម៉ឺនរៀលក្នុងពេលទៅលើកម្តងៗ។ លោក ញូចាន់ បន្តទៀតថា រដូវដែលអាចរកត្រីបានច្រើនគឺចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ។

លោក ញូចាន់ ប្រជានេសាទឃុំបារាយណ៍។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

លោកថា របរដាក់លបរកត្រីនេះអាចរកប្រាក់​ផ្គត់ផ្គង់គ្រួសារការសិក្សារបស់កូនៗបានប្រសើរ ដោយលោកមិនចាំបាច់ទៅនេសាទខុសច្បាប់ ដូចជាការឆក់ និងប្រើឧបករណ៍នេសាទហាមឃាតឡើយ៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image