en     km
en     km

តាយាយខ្មែរឥស្លាមធ្វើអំបោស ពីធាងដូងតស៊ូរកប្រាក់ចិញ្ចឹមជីវិតវ័យជរា

Share

ខេត្តកំពង់ធំ៖ បើលោកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៦ មកដល់ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺនៅក្បែរផ្លូវជាតិតែម្តង លោកអ្នកនឹងឃើញរោងចង់តង់កៅស៊ូ បិទបាំងដោយដើមចេក និងដើមស្វាយមួយ ទីនោះហើយជាទីកន្លែងតាយាយខ្មែរឥស្លាមពីរនាក់ផលិតអំបោសពីធាងដូង ជារបរសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

យាយជះ កំពុងសកស្លឹកដូងយកឆ្អឹងមកធ្វើអំបោស។ រូបភាព ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ

មានវ័យកាន់តែចាស់ជរាណាស់ទៅហើយ លោកតា ម៉ាត់ និងលោកយាយ ជះ រស់នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ​បច្ចុប្បន្នកំពុងធ្វើអំបោស ពីធាង ដូងយកទៅលក់តាមផ្សារ និងនៅតាមភូមិស្រុក។

តាយាយទាំងពីរប្រាប់ឱ្យដឹងថា ការធ្វើអំបោសពីធាងដូងនេះ កើតចេញពីគំនិតផ្ទាល់ខ្លួន ដែលគាត់ទាំងពីរធ្វើយូរណាស់មកហើយ។ តាយាយប្រាប់ពីរបៀបធ្វើអំបោសធាង ដូងថា ពួកគាត់ត្រូវដើររកធាងដូងក្នុងភូមិស្រុក ហើយអ្នកខ្លះក៏ជូនពួកគាត់មិនគិតថ្លៃ និងខ្លះត្រូវទិញគេផងដែរ។ នៅពេលរកធាងដូងបាន គឺត្រូវយកមកហាលថ្ងៃឱ្យស្ងួត និងសកយកស្លឹកចេញយកតែឆ្អឹង និងធាងប៉ុណ្ណោះ។

ស្លឹកដូងដែលប្រមូលបានគឺត្រូវយកទៅហាលថ្ងៃសិន ទើបសកយកឆ្អឹងមកធ្វើអំបោស។រូបភាព ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ

ចំណែកសម្ភារៈរួមផ្សំមានកំប៉ុងត្រីខ ឬកំប៉ុងទឹកក្រូច ជាមួយដងឈើ ជ័រ និងឫស្សី ជាដើម ដោយយកមកផ្គុំជាមួយធាងដូង បង្កើតបានជាអំបោសធាងដូង អាចយកទៅបោសដី និងសម្បុរពីងពាងបាន។

អំបោសធាងដូងដែលតាយាយខ្មែរឥស្លាមធ្វើគឺលក់បានក្នុងតម្លៃ ៣៥០០រៀលក្នុងមួយដើម ហើយពួកគាត់អាចធ្វើវាបានមួយថ្ងៃជិត ១០ដើម។

ចៅយាយតាមទាំងពីរខាងលើ។រូបភាព ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ

យ៉ាងណាអ្នកទាំងពីរបញ្ជាក់ថា របរនេះក៏ត្រូវចំណាយដើមខ្លះដែលគឺត្រូវទិញធាងដូង សំបកកំប៉ុង និងដងអំបោស។ តាយាយបន្ថែមថា អំបោសផលិតបានគឺមានឈ្មួញកណ្តាលមកទិញយកទៅលក់បន្ត ហើយខ្លះគាត់យកទៅលក់ខ្លួនឯងនៅផ្សារនានាទើបបានថ្លៃបន្តិច។

តាម៉ាត់ និងយាយជះ ប្រាប់ឱ្យដឹងទៀតថា របរធ្វើអំបោសធាងដូងនេះ អាចរកប្រាក់ចំណូលចិញ្ចឹមចៅ និងចិញ្ចឹមខ្លួនឯងបានក្នុងដំណើរជីវិតស្ថិតក្នុងវ័យជរានេះ៕

https://www.facebook.com/100005663835594/videos/1115704878628296/?t=6

អត្ថបទខ្លីសរសេរដោយ ​ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image