en     km
en     km

ពលរដ្ឋភូមិដាច់ស្រយាលមួយក្នុងស្រុកបារាយណ៍ប្រឈមបញ្ហាអនាម័យ

Share

ខេត្តកំពង់ធំ៖ នៅដាច់ឆ្ងាយពីទីរួមស្រុកបារាយណ៍ ភូមិបឹងរាល ខ្លះហៅថាតំបន់បឹងរាល ឬភូមិទ្រនប់ ភូមិដាច់ស្រយាលមួយនេះនៅមិនទាន់មានឈ្មោះច្បាស់លាស់នោះឡើយ បើតាមការផ្ដល់ព័ត៌មានពីពលរដ្ឋអ្នករស់នៅភូមិនេះ។

ធ្វើដំណើរចេញពីភូមិសំរោង ឃុំបារាយណ៍ ប្រហែល១០គីឡូម៉ែត មកដល់ភូមិបឹងរាល យើងនឹងឃើញផ្ទះប្រជាពលរដ្ឋសង់តាមបណ្តោយមាត់ព្រែកតូចមួយអមជាហូរហែរ។ ផ្ទះភាគច្រើនសង់ពីឈើប្រក់ស្លឹកមានជើងសសរតូចៗ ហើយលំនៅខ្លះមានត្រឹមតែប្រក់តង់កៅស៊ូពណ៌ខៀវប៉ុណ្ណោះ។

ផ្លូវចូលក្នុងភូមិបឹងរាល។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

ភាគច្រើននៃប្រជាជនរស់នៅក្នុងភូមិបឹងរាល ​ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំនេះ ជាគ្រួសារក្រីក្រនិងប្រកបរបរនេសាទជាចម្បង។

អង្គុយលើផ្ទះតូចចាស់ទ្រុឌទ្រោមមួយជាមួយកូនៗអ្នកស្រី ពា ខេង មានស្រុកកំណើតនៅភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានមករស់នៅភូមិបឹងរាលនេះរយៈពេល ៣០ឆ្នាំមកហើយ។ អ្នកស្រីប្រាប់ឱ្យដឹងថា ពលរដ្ឋដែលមករស់នៅទីនេះភាគច្រើនជាអ្នកចំណាកស្រុកមកពីទីតាំងផ្សេងៗ និងភាគច្រើនជាអ្នកភូមិ ចតុលោក ។

ជីវភាពពលរដ្ឋភូមិបឹងរាល។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

អ្នកស្រី ពា ខេង និយាយថា អ្នកមករស់នៅទីនេះខ្លះគ្មានដីនៅក្នុងភូមិសំរាប់រស់នៅ ក៏សម្រេចចិត្តមករស់នៅនិងរកស៊ីក្នុងភូមិនេះ។ ភូមិនេះមិនមានផ្ទះធំនោះឡើយ ព្រោះពួកគាត់ត្រូវរើទៅតាមទឹក ពេលទឹកឡើងគេត្រូវរើឡើងគោកបន្តិច ហើយពេលទឹកស្រក់វិញគេត្រូវរើចុះមកវិញ ដើម្បីកុំឱ្យនៅឆ្ងាយពីប្រភពទឹកដែលពួកគេពឹងអាស្រ័យលើការនេសាទ។

ស្រ្តីមានរាងធាត់បន្តិចរូបនេះប្រាប់បន្តថា​ អ្នកភូមិរស់នៅទីនេះភាគច្រើនជាអ្នកនេសាទប្រកបរបរ ដាក់មោង ចងសន្ទូច ដាក់លបទល់ លបលង់ រាយប្រកៃ និងបង់សំណាញ់ដើម្បីរកត្រីជាដើម។ នៅពេលការរកត្រីមិនបានសមប្រកបពួកគេឆ្លៀតទៅរកក្តាម ខ្យង ខ្ចៅ ដើម្បីលក់ និងយកមកធ្វើជាម្ហូប។

ពលរដ្ឋភាគច្រើនប្រកបការងារនេសាទ។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

ងាកមកបញ្ហាអនាម័យវិញ ក្នុងភូមិនេះមិនមានបណ្តាញទឹកស្អាតប្រើនោះទេ ចំណែកបង្គន់ក៏ពុំមានគ្រប់គ្រាន់ដែរ។

ស្រ្តីដែលអង្គុយក្នុងផ្ទះដែលធ្លុះធ្លាយជញ្ជាំងដោយអន្លើៗនិយាយបន្តថា ប្រភពទឹកដែលពួកគាត់យកមកប្រើប្រាស់និងបរិភោគ គឺយកមកពីក្នុងប្រឡាយ និងបឹង។ ដោយឡែកក្នុងខែប្រាំងវិញពលរដ្ឋនាំគ្នាជីកជាអណ្ដូងទឹកដើម្បីប្រើប្រាស់និងទទួលទាន។ អ្នកស្រីឱ្យដឹងទៀតថា ពលរដ្ឋភាគច្រើនមិនសូវបានធ្វើទឹកឱ្យសុទ្ធល្អដោយការដាំ ឬដាក់ធុងចម្រុះនោះទេ គឺប្រើនិងទទួលទានផ្ទាល់តែម្តង។

អណ្តូងទឹកក្នុងភូមិបឹងរាលដែលពលរដ្ឋប្រើប្រចាំថ្ងៃ។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

ចំណែកការបន្ទោបង់វិញ ពលរដ្ឋច្រើនបន្ទោបង់នៅតាមកម្ពោតព្រៃនាៗពាសវាលពាសកាល ហើយនៅពេលទឹកជន់ឡើង ពួកគេក៏បន្ទោបង់ដាក់ក្នុងទឹកតែម្ដង។

យ៉ាងណាអ្នកស្រី ពា ខេង បានបញ្ជាក់ថា ពេលមានបញ្ហាឈឺស្កាត់តិចតួចពលរដ្ឋច្រើនព្យាបាលតាមរបៀបបូរាណគឺ កោសខ្យល់ ជប់ខ្យល់ រឺប្រើឳសថបុរាណដាំបរិភោគ។ ករណីមានជម្ងឺធ្ងន់ធ្ងរពួកគេត្រូវបញ្ជូនឡើងមកមន្ទីរពេទ្យនៅទីរួមស្រុក ឬមន្ទីរពេទ្យក្នុងផ្សារ។

ពលរដ្ឋភូមិបឹងរាលភាគច្រើនជាអ្នកនេសាទមិនសូវមានជីវភាពធូធារឡើយ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

យ៉ាងណាពីរឆ្នាំកន្លងមកនេះ ភូមិបឹងរាលត្រូវបានអាជ្ញាធរតភ្ជាប់មកជាបណ្តើរ តែពលរដ្ឋអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងពិសេស បញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image