កំពង់ធំ៖ លោក ពេជ្រ ស៊ីន កសិករមួយរូបរស់នៅក្នុងភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រកបរបររកខ្យង ជារបរបន្ទាប់បន្សំក្រៅពីការងារស្រែចំការនិងចិញ្ចឹមសត្វ។
កសិកររូបនេះប្រាប់ពីរបៀបរកខ្យងថា លោកត្រូវដើររកចំណីខ្យងមានដូចជា វល្លិឪឡឹកផ្អែម ដើមត្រសក់ ដើមត្រឡាច ដើមននោង និងសំបកខ្នុរ ជាដើម។ ការរកខ្យងលោកត្រូវដើរយកចំណីទាំងនោះ ទៅដាក់តាមភ្លឺស្រែ មាត់បឹង ប្រឡាយ នៅពេលល្ងាច ដើម្បីទាក់ ទាញខ្យងមកស៊ី ហើយនៅពេលម៉ោង ២ ទៀបភ្លឺលោកត្រូវដើរប្រមូលខ្យងទាំងនោះវិញ។ ក្នុងមួយថ្ងៃលោកអាចរកខ្យងបានជិត ១០ ទៅ ២០គីឡូ ដោយក្នុងមួយគីឡូអាចលក់បានពី ៤០០០រៀល ទៅ ៥០០០រៀល។
លោក ពេជ្រ ស៊ីន ឱ្យដឹងបន្តថា របររកខ្យងតាមស្រែ និងមាត់បឹង ប្រឡាយ នេះបានបង្កើនប្រាក់ចំណូលជួយជីវភាពក្រុមគ្រួសារបានមួយចំណែក ដូចជាការចំណាយលើការហូបចុកប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ៕
អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។