កំពង់ធំ៖កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្នុងភូមិមួយចំនួនស្ថិតក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរៃអង្គាសប្រមូលថវិកាគ្នាតាមលទ្ធភាព ចាក់ដីជួសជុលផ្លូវមួយខ្សែដើម្បីសម្រួលដល់ការធ្វើដំណើរ និងសោភ័ណភាពល្អក្នុងសហគមន៍។
ការប្រមូលថវិកាជួសជុលផ្លូវដោយប្រជាពលរដ្ឋនេះ បន្ទាប់ពីផ្លូវមួយខ្សែស្ថិតក្នុងភូមិបឹង ឃុំបឹង ស្រុក បារាយណ៍ ខេត្តកំពង់ធំ បានខូចខាត មានភក់ជ្រាំពិបាកធ្វើដំណើរ។
ផ្លូវមួយខ្សែនេះមានប្រវែងជាង ១០០ម៉ែត្រ ចាក់ដីគ្រួសក្រហមចំនួន ២០ឡាន ចំណាយថវិកាអស់ ១លាន ៤០ម៉ឺនរៀល។
លោក ជា រីន មេភូមិបឹងខាងជើងរីករាយដែលប្រជាជនចេះសាមគ្គីគ្នាប្រមូលថវិកាជួសជុលផ្លូវសម្រាប់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងបានរួមគ្នាចុះកាយដីលើផ្លូវដោយខ្លួនឯង។ យ៉ាងណាលោកមេភូមិបឹងខាងជើង សូមអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមជាថវិកា ព្រោះការជួសជុលផ្លូវមួយខ្សែនេះ ខាងភូមិនៅជំពាក់ថ្លៃដីចំនួនជាង ២០ម៉ឺនរៀលទៀត៕
អត្ថបទខ្លីសរសេរដោយ ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។