ក្រុងភ្នំពេញ៖ នៅក្នុងប្រវតិ្តសាស្រ្តសម័យថ្មីនេះ ចិនកាន់តែពង្រីកមាឌ និង ឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើងៗ ទាំងទ្វីបអាហ្រ្វិក និង អាស៊ី។ នៅអាស៊ីអាគ្នេយ៍ ចិនក៏កំពុងបង្កើនល្បឿនរបស់ខ្លួនវាតទី ហើយកម្ពុជាជាប្រទេសតូចមួយនៅក្នុងតំបន់ក៏មិនអាចគេចរួចពីចំហាយឥទ្ធិពលចិនបានដែរ។ សម្រាប់កម្ពុជា បើផ្អែកលើកត្តាធនធានធម្មជាតិ និង បរិយាកាសនយោបាយ ចិនហាក់់មានប្រៀបជាងប្រទេសណាទាំងអស់ក្នុងការចាប់យកទំនាក់ទំនងការទូត និង សេដ្ឋកិច្ចជាដើម។ ហេតុផលនេះហើយទើបធ្វើឲ្យពលរដ្ឋកម្ពុជាមានក្តីកង្វល់ពីអនាគតប្រទេសជាតិរបស់ខ្លួន។ លោកសមរង្ស៊ីអ្នកនយោបាយតំណាងអោយក្រុមប្រឆាំង និងសម្ដេចនាយករដ្ឋមន្ត្រី កំពុងតែខ្វែងគំនិតគ្នាជាខ្លាំង ជុំវិញទស្សនៈនយោបាយសេដ្ឋកិច្ចចិននៅកម្ពុជា ។
លោក សេរីវឌ្ឍនៈ ជូនសេចក្ដីប្រែសម្រួល៖
នៅក្នុងតំបន់អាស៊ាន ចិនមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់ ដោយប្រទេសធំនេះ ពង្រីកឥទ្ធិពលសេដ្ឋកិច្ច នយោបាយ យោធា និង ទំនាក់ទំនងការទូត ។ ក្នុងចំណោមសមាជិកអាស៊ាន ទាំង១០ប្រទេស ចិនចាប់យកកម្ពុជា ជាគោលដៅនៃការអនុវត្តមានប្រសិទ្ធភាពនៃយុទ្ធសាស្ត្រ ខ្សែ ក្រវ៉ាត់មួយ ផ្លូវមួយ -One Belt and One Road initiatives – ។
តាមរយៈយុទ្ធសាស្ត្រនេះ ចិននិងកម្ពុជា ដូចជាបងប្អូននឹងគ្នា ហើយចំណងទាក់ទងរឹងដូចដែកថែប។
ដោយមើលឃើញដូចនេះ ទំនាក់ទំនងកម្ពជា -ចិន កាន់តែ រឹងមាំ ទោះជាមានក្រុមប្រឆាំង វាយប្រហារ ក៏ដោយ។
តំលៃវិនិយោគទុននិងប្រាក់បំណុលពាន់លានដុល្លារអាចនាំអោយកម្ពុជារងឥទ្ធិពលនយោបាយចិន
សមុទ្រកម្ពុជា មានភូមិសាស្ត្រ ជាមួយនឹងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ ជាមួយប្រទេសក្នុងតំបន់អាស៊ាន និង សហរដ្ឋអាមេរិក។ ក្នុងដែនកោះ នៃប្រជុំកោះស្ព្រាតលី ចិនបានស្ថាបនា កោះសិប្បនិម្មិត យ៉ាងតិចដប់កោះ ហើយកោះទាំងនោះ ក្លាយជាទីតាំងកងទ័ពរបស់ចិន។ ខណៈមានការសង្ស័យ ថាកម្ពុជា គឺនៅឆ្នេររាមក៏អាចជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិនផងដែរ។ ករណីនេះនាំអោយអាមេរិក មានការព្រួយបារម្ភជាខ្លាំង។
កាលពីពេលថ្មីៗនេះ ឧបការីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ លោក Joseph Felter បានសរសេរលិខិតផ្ញើទៅរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្តេច ទៀ បាញ់ ដោយដាក់ការសង្ស័យថា ចិនអាចសង់មូលដ្ឋានទ័ពជើងទឹកនៅក្បែរឆ្នេរសមុទ្ររាម។ ការសង្ស័យរបស់អាមេរិក ក៏បានកើតឡើង នឹងការចុះផ្សាយរបាយការណ៍ស៊ើបអង្កេតមួយរបស់កាសែតអាមេរិក The Wall Street Journal ចង្អុលបង្ហាញថា ទីតាំងឆ្នេររាមកម្ពុជា អនាគត គឺជាមូលដ្ឋានទ័ពជើងទឹករបស់ចិន ។ ដោយកំហឹងនឹងសារព័ត៌មាន ធ្វើអោយកម្ពុជា សឹងតែ ប្ដឹងសារព័ត៌មាននេះទៅហើយ ។
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការដោយការពារថា កម្ពុជាគឺគ្មានវត្តមានកងទ័ពចិននោះទេ។ សម្តេចបានអះអាងថា កម្ពុជាគ្មានហេតុផលណាមួយក្នុងការយល់ព្រមឲ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានថ្លែងការពារថា កម្ពុជាជាប្រទេសដែលគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ហើយក៏គ្មានហេតុផលណាមួយដែលតម្រូវឲ្យមានវត្តមានកងទ័ពចិននៅលើទឹកដីកម្ពុជានោះទេ។
សម្ដេចនាយករដ្ឋមន្ត្រី បានអះអាងថា នៅពេលកម្ពុជា ជួបការលំបាក ចិនគឺជាប្រទេស ដែលជួយកម្ពុជាទាន់ពេលវេលា។ សំណង់ធំៗជាច្រើនរាប់ទាំងស្ពានថ្នល់ផងគឺ កម្ពុជា មិនអាចខ្វះអ្នកជំនាញចិនបានឡើយ។ សម្ដេច ប្រាប់ថា អ្នកជំនាញចិនមកកម្ពុជា គឺដើម្បីបង្គ្រប់ធនធានមនុស្សអោយកម្ពុជា។
សម្តេចក៏បានថ្លែងការពារពីវត្តមានជនជាតិចិននៅកម្ពុជារួមទាំងការវិនិយោគរបស់ចិនគឺជាភព្វសំណាងទៅវិញដែលកែប្រែមុខមាត់ក្រុងព្រះសីហនុឲ្យក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ច នឹងជាតំបន់ឆ្នេរដ៏ធំជាងនៅអាស៊ីអាគ្នេយ៍។
សម្តេច ហ៊ុន សែនបានថ្លែងយ៉ាងជឿជាក់ថា បញ្ហាវិនិយោគរបស់ចិនកំពុងក្លាយជារបៀបវារៈនយោបាយដែលក្រុមប្រឆាំងនឹងរដ្ឋាភិបាល បាញុះញង់ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចបានថ្កោលទោសយ៉ាងខ្លាំង ទៅកាន់បក្សប្រឆាំង ដែលព្យាយាមបំផ្លាញទំនាក់ទំនង និង ការវិនិយោគរបស់ចិននៅកម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្ដេចហ៊ុនសែន កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩នេះនៅខេត្តព្រះសីហនុ។
សម្តេច ហ៊ុន សែន បន្តថា៖ «អ្នកដែលមិនចង់ឃើញការអភិវឌ្ឍ និង ការរីកចម្រើន ខ្លះគេថានេះគឺជាអន្ទាក់របស់ចិន នេះគឺជាអាណានិគមរបស់ចិន នេះជាការលក់ដីឲ្យចិន ប៉ុន្តែខ្ញុំសូមសួរបញ្ជាក់ថា តើអ្នកដែលរស់នៅខេត្តកំពង់សោមនេះទទួលយកនូវអត្ថប្រយោជន៍ប៉ុណ្នា? ហើយនៅពេលការសាងសង់ត្រូវបានបញ្ចប់ នោះក្រុងព្រះសីហនុនឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចនឹងជាឆ្នេរសមុទ្រដ៏ធំជាងគេ! »
ចំណែកប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្សី ក៏ធ្លាប់បានសម្តែងក្តីកង្វល់ ពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាទាំងនេះផងដែរ។ លោកថា ចិនកំពុងប្រើនូវយុទ្ធសាស្រ្តវាតទី ដោយយកកម្ពុជា ជាមូលដ្ឋានយោធាក្នុងការបម្រើនូវផលប្រយោជន៍នយោបាយលើគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយក្នុងការពង្រីកអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក សម រង្សីបន្តថា៖ «ចិនចូលមកឥឡូវនេះ ធ្វើចៅហ្វាយខ្មែរ មើលងាយខ្មែរ ធ្វើបាបខ្មែរ យកដីខ្មែរឲ្យចិនធ្វើអីតាមចិត្ត ហ៊ុនសែនទទួលលុយពីចិន ហ៊ុន សែនការពារចិន ប្លន់ដីប្លន់ស្រែប្លន់ចំការ ឥឡូវនេះមកសង់មូលដ្ឋានយោធាចិន ព្រោះចិនកំពុងតែអនុវត្តនយោបាយវាតទីប្រទេសជិតខាង ដោយយកកម្ពុជា ជាឈ្នាន់គឺវាគ្រោះថ្នាក់ណាស់»។
ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលសេដ្ឋកិច្ចក៏អាចនិយាយបានថា ជាចំណុចមួយដែលជួយរក្សាប្រជាប្រិយភាពដល់បក្សកាន់អំណាច។
កម្ពុជាស្រូបបានទាំងវិនិយោគនិងប្រាក់កម្ចីពាន់លានដុល្លារពីចិន
ចិនបានផ្ដល់ជំនួយជាច្រើនពាន់លានដុល្លារចាប់តាំងពីឆ្នាំ ១៩៩៤ ដោយផ្តោតទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាសរសៃឈាមនៃការអភិវឌ្ឍមីក្រូសេដ្ឋកិច្ច និង ម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏ក្លាយជាប្រទេសដែលដាក់ទុនរកស៊ីយ៉ាងច្រើនសំបើមនៅកម្ពុជាទៀតផង គឺប្រមាណជា ៦៩០០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា។
ក្រៅពីជំនួយ មិត្តចិនក៏ជាម្ចាស់បំណុលដ៏ធំជាងគេសម្រាប់កម្ពុជាដែលគិតមកត្រឹមឆ្នាំ ២០១៩ នេះ កម្ពុជាជំពាក់ចិនប្រមាណ ៤ ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចស្តីពីបំណុលសារធារណៈកម្ពុជា។
អ្នកវិភាគបារម្ភថា ការខ្ចីបុលពីប្រទេសចិនយ៉ាងច្រើនសន្ធឹកសន្ធាប់នេះអាចជាភាពគ្រោះថ្នាក់មួយ ឬ អាចហៅបានថាជាអន្ទាក់បំណុលដែលស្រាយមិនរួច ដូចករណីប្រទេសស្រីលង្ការ ដែលគ្មានប្រាក់ក្នុងការសងទៅប្រទេសចិន ហើយប្រទេសនេះក៏សម្រេចត្រូវប្រគល់ទឹកដីនៅតាមឆ្នេរសមុទ្រទៅឲ្យប្រទេសចិនគ្រប់គ្រងក្រោមរូបភាពសម្បទានរយៈពេល ៩៩ ឆ្នាំ។
ក្រុងព្រះសីហនុ កំពុងប្រែក្លាយជា China Town ជាក្រុងម៉ាកាវមួយនៅកម្ពុជា
ប្រមាណ ១៥០ កាស៊ីណូជាទីតាំងលេងល្បែងស្របច្បាប់កំពុងបើកដំណើរនៅកម្ពុជា ។នេះបានតាមសារព័ទ៌មាន AsiaNews ចុះផ្សាយកាលពី ខែមករា។ នៅខេត្តជាប់ឆ្នេរនៃភាគនិរតី គឺក្រុងព្រះសីហនុមានដល់ទៅ៨៨កាស៊ីណូ គឺជានិយ័តកម្មជំនួញល្បែងនៅកម្ពុជា។នេះបើតាមសម្ដីរបស់លោក ភីរុម អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច។
កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណចំនួន ៥២ នៅកាស៊ីណូនៅឆ្នាំ ២០១៩ ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរាយការណ៍ថាចំនួនកន្លែងលេងល្បែងកើនឡើង ៥៣ ភាគរយធៀបនឹងឆ្នាំមុន។
ទិន្នន័យនេះបានធ្វើឱ្យមជ្ឍដ្ឋានទាំងឡាយកំពុងប្រដូចថា ខេត្តជាប់ឆ្នេរកម្ពុជាប្រៀបខ្លួននឹងក្រុងម៉ាកាវប្រទេសចិន។ ទន្ទឹមនឹងនេះគេក៏ឃើញសំណង់អាគារដោយលំហូរវិនិយោគចិន និង កំណើនអចលនទ្រព្យពិតជាកើនឡើងជាខ្លាំងនៅក្នុងខេត្តនេះ។
យ៉ាងណាមិញ គេវាយតម្លៃថា វត្តមានកើនឡើងឥទ្ធិពលចិន និង វិនិយោគនេះ ជាពិសេសនៅភូមិភាគនិរតីនៃប្រទេសកម្ពុជាកើតមាននូវអស្ថេរភាព និងឧក្រិដ្ឋកម្មជាញឹកញាប់។
ក្រុមអ្នកសិក្សាសង្គម យល់ថា វត្តមាននៃកន្លែងបនល្បែងបង្កឱ្យមាននូវការព្រួយបារម្ភជាពិសេសអ្នកក្នុងតំបន់តែម្ដង បើទោះបី ប្រជាជនកម្ពុជាមិនអនុញ្ញាតឱ្យទៅរកសេវាកម្មល្បែងកម្សាន្ដនៅកាស៊ីណូ។ តែរបាយការណ៍របស់អង្គការទាំងឡាយស្វែងរកគណនេយ្យភាពសង្គម មើលឃើញថា ប្រជាពលរដ្ឋរស់នៅទីនោះធ្លាក់ក្នុងភាពក្រីក្រ។
ក្រុមអ្នកសិក្សាសង្គម ថាក្រុងព្រះសីហនុ គឺជាតំបន់អភិវឌ្ឍធំមួយ ដែលកំពុងវាយលុកដោយជនជាតិចិន ក្រុមហ៊ុនចិន កាន់កាប់ដីធ្លី អាគារធំៗ និង អាជីវកម្មនានា ដែលបានគម្រាមកំហែង បង្ខំឱ្យពលរដ្ឋ អាជីវករក្នុងស្រុក បរទេសមួយចំនួន ធ្វើចំណាកស្រុក លក់ផ្ទះសំបែង និង ទៅរកស៊ីនៅខេត្តផ្សេងៗ ។
ការវិនិយោគយ៉ាងសំបើមរបស់ចិន ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តព្រះសីហនុដែលជាខេត្តជាប់ឆ្នេរមួយកំពុងទទួលយកនូវលំហូរយ៉ាងគំហុកនៃជនជាតិចិនដែលកំពុងក្រសោបយកទាំងអស់នូវអាជីវកម្មក្នុងខេត្តឆ្នេរដ៏ល្បីនេះ រាប់ចាប់តាំងពីកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន រហូតដល់មុខរបរតូចតាចទៀតផង ជារួមគឺជនជាតិចិនជាម្ចាស់អាជីវកម្ម ៩៥ ភាគរយ។ នេះបើយោងទៅតាមទិន្នន័យរបស់អាជ្ញាធរ ខេត្តព្រះសីហនុ។
ម្លោះហើយ តាមរយៈជំនួយ និង ការវិនិយោគរបស់ចិន ទើបកម្ពុជាទទួលរងនូវឥទ្ធិពលនយោបាយ និង សេដ្ឋកិច្ចយ៉ាងខ្លាំងដែលជាកត្តាមួយធ្វើឲ្យប្រទេសនៅលើឆាកអន្តរជាតិបានលើកឡើងថា កម្ពុជាជាប្រទេសចិននិយម ឬ មានទំនោរទៅរកចិន។
កម្ពុជា អាចត្រូវទាញចូលក្នុងជម្លោះភូមិសាស្ត្រ តំបន់ ករណីសង្ស័យ មូលដ្ឋានទ័ពចិននៅកម្ពុជា
ទោះជានាយករដ្ឋមន្ត្រី និងក្រសួងការបរទេសកម្ពុជា ច្រានចោល ការចុះផ្សាយរបស់ សារព័ត៌មាន អាមេរិក The Wall Street Journal ថាកម្ពុជា កំពុងស្ថាបនា មូលដ្ឋានទ័ពជើងទឹកអោយប្រទេសចិន នៅឆ្នេររាម សម្រាប់មជ្ឈដ្ឋានខ្លះ ជាពិសេស អាមេរិក មិនអាចទទួលយកបានឡើយ។ នៅក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី២សីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeoបានសរសើរ កម្ពុជា ដែលអះអាងថា នឹងមិនអនុញ្ញតិអោយមានកងទ័ពចិននៅកម្ពុជាឡើយ ។ លោកសូមអោយសមាជិកអាស៊ាន ជួយដឹងជួយលឺរឿងនេះ ហើយយកគំរូតាមកម្ពុជា។
ក្នុងន័យនេះ សម្រាប់ អាមេរិក កំពុងសិក្សាថែមទៀត ថាតើកម្ពុជាអះអាងមានការពិតដែរឬទេ។តែលោក Pompeo ព្រមាន ថាចិនអាចនឹងយកតំបន់អាស៊ីអាគ្នេយ៌ បើសមាជិកណាមួយមានអនុញ្ញតិអោយ មានមូលដ្ឋានទ័ពចិនតាំងនៅ។
អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា កម្ពុជាគួរបង្កើតក្រុមជំនាញអន្តរជាតិមួយ ចុះស្រាវជ្រាវរឿងនេះ ហើយធ្វើកំណត់ត្រា ច្បាស់លាស់។
នៅក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី អ្នកវិភាគរូបនេះ មើលឃើញថា ការវិនិយោគយ៉ាងគំហុករបស់ចិនគឺស្របតាមទិសដៅរបស់គម្រោងផ្លូវមួយខ្សែរក្រវ៉ាត់មួយដែលគេផ្តោតយ៉ាងពិសេសនៅតំបន់អាស៊ី។ លោកបន្តថា កម្ពុជាគឺជាប្រទេសដែលមានទីតាំងនៅចំកណ្តាលអាស៊ីតែម្តង ហើយជាប្រទេសមួយដែលចិនកំពុងយកចិត្តទុកដាក់ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន ព្រោះកម្ពុជាជាប្រទេសមានដែនជាប់សមុទ្រចិនខាងត្បូងដែលចិនកំពុងវាតទីកាន់កាប់។
លោកបន្តថាប្រសិនបើកម្ពុជា ប្រកាន់ខ្លួនយកតាមគោលនយោបាយរបស់មហាអំណាចណាមួយខ្លាំងពេកនោះកម្ពុជាអាចនឹងប្រឈមនឹងវិបត្តិមនោគមន៍វិជ្ជានយោបាយ។ លោកបានផ្តល់អនុសាសន៍ថា ប្រសិនបើកម្ពុជាចង់រក្សាតុល្យភាពទទួលយកផលចំណេញនយោបាយពីមហាអំណាចទាំងលោកខាងលិច និង ចិន គឺកម្ពុជាត្រូវរក្សាជំហររបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនព្រោះចិនមិនមែនជាអ្វីដែលកម្ពុជាអាចពឹងទាំងស្រុងបានទេនៅថ្ងៃអនាគត។
លោក ឯម សុវណ្ណារ៉ា៖«ដើម្បីរក្សានូវតុល្យភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ កម្ពុជាត្រូវរក្សាឲ្យបាននូវកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិចឲ្យបានល្អ គឺលោកខាងលិច រក្សាជំហរខ្លួនឯងឲ្យអព្យាក្រិត្យ សំខាន់គោលនយោបាយច្បាប់កម្ពុជាយើងមានហើយ នយោបាយអព្យាក្រិត្យមិនចូលបក្សសម្ព័ន្ធ តែឥរិយាបទនយោបាយកម្ពុជាបច្ចុប្បន្នហ្នឹង គឺធ្វើឲ្យគេយល់ច្រឡំថាយើងនៅក្រោមឥទ្ធិពលរបស់ចិនហើយ អាហ្នឹងជាអ្វីដែលកម្ពុជាគួរតែគិតពិចារណាសារជាថ្មី! »។
យ៉ាងណា ក៏ដោយ ឥទ្ធិពល នយោបាយចិន នៅកម្ពជា តាមរយៈការវិនិយោគដ៏គំហុកនៅ ខេត្តព្រះសីហនុ បានកំពុងប្រែក្លាយមុខមាត់ ឆ្នេរសមុទ្រកម្ពុជា ជាសំណង់ស្គឹមស្គៃ រីកដូចផ្សិត ខណៈពលរដ្ឋចិន ចាប់យកទីនោះ ជាក្រុងម៉ាកាវទី២របស់ខ្លួនដែលនាំអោយ មជ្ឈដ្ឋាននៃក្រុមប្រឆាំងនៅកម្ពុជា បានហៅចិន ធ្វើអាណានិគមថ្មីហើយទំនើប លើដែនដីកម្ពជា ក្រោយពីអាណានិគមបារាំងដកចេញពីវិញនៅឆ្នាំ ១៩៥៣៕
អត្ថបទដោយ៖ សេរីវឌ្ឍនៈ