រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង រំឮកពលរដ្ឋកុំនាំគ្នាធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ព្រោះថា របបប្រជាធិបតេយ្យគឺពលរដ្ឋត្រូវត្រៀមខ្លូនទៅបោះឆ្នោតរៀងរាល់៥ឆ្នាំម្តងដើម្បីជ្រើសរើសតំណាងរបស់ខ្លួន។ ការបោះឆ្នោត កាលពីឆ្នាំ២០១៨ ពលរដ្ឋមួយចំនួន ដែលគាំទ្របក្សប្រឆាំងគឺបក្សសង្រ្គោះជាតិ មានការខកចិត្ត ដោយបក្សដែលពួកគាត់ស្រឡាញ់ ត្រូវបានរំលាយហើយ ហាមចូលរួមការបោះឆ្នោត ។ អ្នកសង្កេតការណ៍ថា ការអំពាវនាវរបស់សម្ដេចសខេងថា ជាការលួងចិត្តពលរដ្ឋប៉ុណ្ណោះ ប៉ុន្តែមិនឈរលើទិដ្ឋភាពជាក់ស្ដែងនៃឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតឡើយ។
ស្តាប់សំឡេង លោក សេរីវឌ្ឍនៈ៖
តាមអត្ថន័យនៃ រដ្ឋធម្មនុញ្ញ គឺកម្ពុជា ប្រកាន់ខ្ជាប់នូវរបបសេរីពហុបក្ស ។ សមាជិកសភា ជាតំណាងអោយឆន្ទៈរបស់ប្រជាជន។ រាជរដ្ឋាភិបាល ជាស្ថាប័នអនុវត្តច្បាប់។ ស្ថាប័ននីតិប្រតិបត្តិនេះ ក៏កើតចេញពីសមាជិកបោះឆ្នោតគាំទ្រ ហើយបានបង្កើតចេញជារូបរាងឡើង។ យ៉ាងណា ឆន្ទៈរបស់ប្រជាជន ជាអ្នកកំណត់ជោគវាសនា ដល់បក្សនយោបាយ នីមួយៗ ថាតើបក្សនោះ គឺគួរឡើងកាន់អំណាចដឹកនាំ រាជរដ្ឋាភិបាល ដែរឬទេ គឺមានរយៈពេល ៥ឆ្នាំម្ដង។ តែការបោះឆ្នោតសភានីតិកាលទី៦កាលពីថ្ងៃទី ២៩កក្កដា គឺបក្សប្រឆាំងធំមួយ ដែលមានតុល្យភាព កម្លាំងនយោបាយ ជាមួយនឹងបក្សកាន់អំណាច ត្រូវខកខានការចូលរួមប្រកួតដោយតុលាការកំពូលរំលាយបក្សនេះ។ តែបែបនេះ សម្ដេចសខេង បានប្រាប់ពលរដ្ឋចង់ដោះដូរការដឹកនាំ សូមកុំប្រើហង្សាផ្ដួលរំលំរជារដ្ឋាភិបាល គឺត្រូវចូលរួមបោះឆ្នោតដែលសម្ដេចថាមានប្រាំឆ្នាំម្ដងគឺប្រសើរជាង។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមួយកន្លែង នៅខេត្តបាតដំបង កាលពីថ្ងៃពុធទី១៣សីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺសម្ដេច ស ខេងបាន ថ្លែងថា កម្ពុជាពេលនេះមានសន្តិភាពពេញលេញ ហើយមានសេរីភាព ក្នុងការពង្រីកមុខរបររបស់ខ្លួន ប៉ុន្តែ សម្ដេចថា មិនត្រូវជឿការឃោសនាអូសទាញពីមជ្ឈដ្ឋានអ្នកនយោបាយខ្លះ ដែលមានបំណងកៀរគរ ធ្វើការបះបោរ ឬធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាឬមានគោលដៅ ផ្ដួលរំលំរាជរដ្ឋាភិបាលនោះទេ។ សម្ដេចថា ឆន្ទៈរបស់ប្រជាជនត្រូវស្ដែងចេញពីការបោះឆ្នោត ក្នុងការជ្រើសរើស តំណាងរបស់ខ្លួន ដែលសម្ដេចថា នេះការប្រសើរជាងការបះបោរប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល។
សម្តេច ស ខេង៖ អញ្ជឹងហើយបានយើងសព្វថ្ងៃនេះ គឺខំពង្រឹងសុខសន្តិភាពក្នុងប្រទេស ហើយការដែលផ្តួលរដ្ឋាភិបាលគឺវាអត់ត្រូវ! ហើយកាលណាតែយើងធ្វើបែបនេះ គឺកម្ពុជាយើងដូចរុះរើសារថ្មីអញ្ចឹង! ហើយបើរុះរើឡើងវិញ មិនដឹងថាពេលណាយើងធ្វើបានប៉ុនហ្នឹងឡើងវិញទេ! ហើយរបបប្រជាធិបតេយ្យគឺមានរយៈពេល ៥ ឆ្នាំម្តង! ហើយបើចង់ប្តូរគឹយើងបោះឆ្នោតទៅ ធ្វើឲ្យបានត្រឹមត្រូវតាមច្បាប់ទៅ។
សម្តេច ស ខេង ថ្លែងទៀតថា ប្រវត្តិសាស្ត្របានបង្ហាញហើយថា ការផ្តួលរំលំរដ្ឋាភិបាល ប្រទេសជាតិនឹងត្រូវខ្ទេចខ្ទាំ ពិបាកស្តារឡើងវិញ។
សម្ដេចស ខេង បានថ្លែង ដូចនេះ គឺស្របពេល លោកសមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ បានប្រកាសពីគម្រោងវិលចូលកម្ពុជាវិញ ទាំងគ្មានការបើកភ្លើងខៀវពីនាយករដ្ឋមន្ត្រី ។
លោក សម រង្ស៊ី បានអះអាងថា នឹងចូលកម្ពុជាវិញឆាប់ៗ ដើម្បីកៀងគរ មហាជនឲ្យចូលរួមសង្គ្រោះកម្ពុជា ដែលលោកថាមកចាប់ខ្លួនសម្ដេចហ៊ុនសែនទៀតផង។ លោកសមរង្ស៊ី ថ្លែងថា កម្ពុជាត្រូវតែបោះឆ្នោតឡើងវិញ ព្រោះការបោះឆ្នោតសភា ឆ្នាំ២០១៨ និងការរំលាយបក្សសង្រ្គោះជាតិ មិនអោយចូលរួមបោះឆ្នោត គឺជាការបំពានឆន្ទៈពលរដ្ឋដែលគាំទ្របក្សសង្រ្គោះជាតិ រួចទៅហើយ។
លោក ឯមសុវណ្ណារ៉ា អ្នកវិភាគបញ្ហានយោបាយកម្ពុជា ហាក់មិនយល់ស្របនឹងប្រសាសន៍របស់ សម្ដេចសខេងនោះទេ ។ លោកយល់ថាការធ្វើរលាយ លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់ គណបក្សសង្រ្គោះជាតិ គឺជាការលុបបំបាត់ឆន្ទៈរបស់ម្ចាស់ឆ្នោតមួយហើយ ។ លោកបន្តថា ដល់ពេល បោះឆ្នោតសភាឆ្នាំ២០១៨ ដែលបក្សប្រឆាំងធំជាងគេមិនមានឱកាសចូលរួម ហើយពលរដ្ឋចេញទៅបោះឆ្នោត មួយ ចំនួនគូសអោយខូចសន្លឹកឆ្នោតគឺស្ដែងចេញពីការបោះឆ្នោតមួយមិនបានឈរលើគោលការណ៍ ប្រជាធិបតេយ្យរួចទៅហើយ។
លោក ឯម សុវណ្ណារ៉ា បានបន្តថា ៖ការទៅបោះឆ្នោតឃុំសង្កាត់ហ្នឹង! ប្រជាពលរដ្ឋបានគាំទ្រ ហើយជ្រើសតាំងតំណាងឃុំសង្កាត់របស់ខ្លនហ្នឹង ហើយក្នុងហ្នឹងមានជាង ៥០០ ហើយវាគឺវាបាត់បង់អ្វីដែលគេហៅថាជា ឆន្ទៈរបស់ប្រជាពលរដ្ឋ។ អាហ្នឹង! គេហៅអាជ្ញាធររដ្ឋាភិបាល ពុំបានមើលឃើញពីតំណាងពលរដ្ឋ ឬ ការជ្រើសរើសរបស់ពលរដ្ឋ នៅពេលដែលរំលាយគណបក្សសង្គ្រោះជាតិនេះ! រដ្ឋាភិបាលមិនគោរពនូវស្មារតីរបស់គណបក្សប្រឆាំងរួចទៅហើយ!
យ៉ាងណា ខណៈនេះ កម្ពុជា កំពុងរងការគាបសង្កត់ ពីសហគមន៍អន្តរជាតិ ជាពិសេស សហភាពអឺរ៉ុបនិង សហរដ្ឋអាមេរិក អោយស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការធ្វើអោយបក្សប្រឆាំងដែលតុលាការកំពូលរំលាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧ រស់ឡើងវិញ ក្នុងការទាមទារអោយមានការបោះឆ្នោតឡើងវិញដែរ ៕