សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) បានដាក់ក្តីកង្វល់របស់ខ្លួនពីបញ្ហាប្រឈមនៃលទ្ធភាពការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអាចនឹងរងគ្រោះដល់កម្មករកម្មការនីប្រមាណ ៧៥ ម៉ឺននាក់និងគ្រួសាររបស់ពួកគេប្រមាណ ៣លាននាក់ទៀត។
លោក កេន លូ ប្រធានសមាគម រោងចក្រកាត់ដេរ កម្ពុជា បានប្រាប់វិទ្យុស្រ្តីថា GMAC ពិតជាបានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងក្តីកង្វល់ជុំវិញការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ។តែ លោកថា GMAC មិនទាន់បញ្ចេញសេចក្តីថ្លែងការណ៍នេះជាផ្លូវការនៅឡើយទេ។
ស្តាប់សំឡេង លោក កេន លូ៖
បើយោងទៅតាម ការទទួលបានសេចក្តីថ្លែងការណ៍នេះដោយសារព័ត៌មានក្នុងស្រុកក្នុងនោះមានកាសែតភ្នំពេញប៉ុស្តិ៍បានឲ្យសរសេរដូចនេះថា៖ «GMAC ជាថ្មីម្ដងទៀតសូម [ប្រាប់] ដល់អ្នកច្បាប់នៃសហភាពអឺរ៉ុប និងមន្ត្រីនានា ក៏ដូចជាអ្នកពាក់ព័ន្ធនឹងសហភាពអឺរ៉ុបថា ការផ្អាកផលប្រយោជន៍នៃ EBA សម្រាប់វិស័យរបស់យើងនឹងមានលទ្ធផលធំធេងនោះ គឺការបាត់បង់ការងារនៅក្នុងកម្លាំងការងារផ្នែកវាយនភណ្ឌ ស្បែកជើង និងសម្ភារសម្រាប់ធ្វើដំណើរ ហើយមិនបម្រើឲ្យគោលបំណងដើមរបស់កម្មវិធី EBA ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពទេ»។
សេចក្តីថ្លែងការណ៍បន្តថា៖ «វាក៏ជារឿងគួរឲ្យសោកសៅ និងជាលទ្ធផលគួរឲ្យសោកស្ដាយសម្រាប់ GMAC និងកម្លាំងការងាររបស់ខ្លួនដែលបានខិតខំប្រឹងប្រែងយ៉ាងច្រើនក្នុងការធ្វើឲ្យប្រសើរឡើងតួនាទីរបស់អង្គការ ILO ក្នុងការឃ្លាំមើលការគោរពតាមបទដ្ឋានការងារ មិននៅតែកម្ពុជាទេ ថែមទាំងនៅក្នុងវិស័យរបស់យើងក្នុងប្រទេសផ្សេងទៀតនៅលើពិភពលោក»។
ទាក់ទិននឹង សេចក្ដីថ្លែងការណ៍នេះ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបាន រៀបរាប់ថា លោកយល់ស្របតាមអ្វីដែលសេចក្តីថ្លែងការណ៍បានលើកឡើង។ លោកថា សូម្បីតែរដ្ឋាភិបាលកម្ពុជាក៏ធ្វើការសិក្សា និង ព្យាករណ៍ផងដែរអំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ ប្រសិនបើ EBA ត្រូវបានដកប្រាកដមែននោះ ទំហំសេដ្ឋកិច្ច ក៏ ដូចជាល្បឿនសេដ្ឋកិច្ចកម្ពុជាអាចនឹងត្រូវថមថយ។
លោកបានរៀបរាប់ដូចនេះថា៖ ខ្ញុំខ្លួនឯង ក្នុងនាមជាភាគីតំណាងកម្មករ គឺយើងមើលឃើញដូចគ្នាដែរ អំពីទំហំនៃការប៉ះពាល់ ។ ចឹងមិនចំពោះ ប៉ះពាល់ដល់កម្មករ៧៥ម៉ឺននាក់ គឺប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែរ គឺប៉ះពាល់ដោយប្រយោល ពីវិស័យកាត់ដេរមួយទៀត ប្រមាណជាង៣លាននាក់ទៀត” ។
អ្នកសង្កេតការណ៍មួយចំនួន បានព្រមានថា ការដែលអាចបន្តមានការអនុគ្រោះពន្ធEBAបាន លុះត្រាតែកម្ពុជាបន្ទន់ឥរិយាបទនយោបាយ, បង្ហាញជាឥរិយាបទ និងសកម្មភាពស្ដីពីការគោរពសិទ្ធិមនុស្ស អនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធ្វើតាមសំណើ របស់សហភាពអឺរ៉ុបជាពិសេស ការធ្វើ់អោយរស់ឡើងវិញ គណបក្សសង្រ្គោះជាតិ៕