en     km
en     km

មន្រ្តីពាក់ព័ន្ធបើកយុទ្ធនាការចែកថ្នាំអាប៊ែតទប់ស្កាត់បញ្ហាជំងឺគ្រុនឈាម

Share

កំពង់ធំ៖ ដើម្បីទប់ស្កាត់បញ្ហាជំងឺគ្រុនឈាមដែលកំពុងផ្ទុះឡើងខ្លាំងស្ទើរទូទាំងប្រទេស អាជ្ញាធរ និងមន្រ្តីនៃមន្ទីរសុខាភិបាល ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើកយុទ្ធនាការចុះអប់រំប្រជាពលរដ្ឋពីបញ្ហាជំងឺគ្រុនឈាម ហើយបានចែកថ្នាំអាប៊ែតដើម្បីកម្ចាត់ដង្កូវនិងមូលខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ យុទ្ធនាការនេះធ្វើឡើងកាលពីចុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ដែលដឹកនាំដោយលោកអភិបាលស្រុកបារាយណ៍ សហការជាមួយប្រធានការិយាល័យសុខាភិបាលគ្រប់គ្រងស្រុកបារាយណ៍ និងស្រុកសន្ទុក ។

លោក អ៊ូង សារឿន ជាអភិបាលស្រុកបារាយណ៍ មានប្រសាសន៍ថា អត្រានៃជំងឺគ្រុនឈាមលើកុមារក្នុងស្រុកបារាយណ៍ហាក់មានការកើនឡើង ជាងឆ្នាំមុនៗដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ លោកអភិបាលស្រុកបារាយណ៍អំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់បញ្ហាជំងឺគ្រុនឈាមនេះ តាមរយៈការធ្វើអនាម័យក្នុងបរិវេនគេហដ្ឋាន បំផ្លាញជម្រុកមូស បើកទ្វារបង្អួចឱ្យមានពន្លឺគ្រប់គ្រាន់ពេលថ្ងៃ។

ជាងនេះត្រូវឱ្យកុមារគេងក្នុងមុង និងស្លៀកសំលៀកបំពាក់ជាប់ខ្លួនដើម្បីការពារកុំឱ្យមូសខ្លាខាំ។ មួយវិញទៀត ត្រូវដាក់ថ្នាំអាប៊ែតក្នុងពាងដើម្បីសម្លាប់ដង្កូវទឹក និងមូសខ្លា។

ក្នុងយុទ្ធនាការនោះដែរ ប្រធានការិយាល័យសុខាភិបាលគ្រប់គ្រងស្រុកបារាយណ៍ និងស្រុកសន្ទុក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវប្រញាប់បញ្ចូនកូនមកមន្ទីរពេទ្យឱ្យបានទាន់ពេលវេលាករណីកូនក្តៅខ្លួនខ្លាំង និង មានកន្ទួលក្រហមលើស្បែក ដែលសង្ស័យថាមានបញ្ហាជំងឺគ្រុនឈាម។

ការទទូចបែបនេះ ព្រោះលោកវេជ្ជបណ្ឌិតលើកឡើងថា ការបណ្តែតបណ្តោយឱ្យកុមារក្តៅខ្លួនខ្លាំងរយៈពេលយូរ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ សូមបញ្ជាក់ថា យុទ្ធនាការនិងការចុះអប់រំពីបញ្ហាជំងឺគ្រុនឈាមនេះ ធ្វើឡើងនៅក្នុងអង្គសិក្ខាសាលាមួយស្ថិតក្នុងភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

អត្ថបទ៖ ហុក ដេប៉ូ យុវជនស្រុកបារាយណ៍

Share

Image Not Found
Image

ព័ត៌មានទាក់ទង