en     km
en     km

រដ្ឋាភិបាលសម្រេចផាកពិន័យក្រុមហ៊ុនជុងយៀនដែលនាំចូលកាកសំណល់ផ្លាសិ្ទកមកកម្ពុជា

Share

ក្រុងភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ពិន័យដល់ក្រុមហ៊ុនជុងយៀន ផ្លាស្ទិក មេនូហ្វេកឈ័រ បន្ទាប់ពីកម្ពុជាបានរកឃើញថានាំចូលនូវកាកសំណល់ផ្លាស្ទិកប្រមាណ ៨៣ កុងតឺន័រមកកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មានទាក់ទងកាកសំណល់ផ្លាស្ទិកដែលមានចំនួន ៨៣ កុងតឺន័រ មានទំងន់ប្រមាណ ១៦០០០ តោននាំចូលមកបរទេសនេះ ដែលធ្វើឡើងនៅអគ្គនាយកដ្ឋានគយ និង រដ្ឋាករ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ពិន័យ ៣ ចំនុចធំៗ លើក្រុមហ៊ុននេះ។ ទីមួយក្រុមហ៊ុន ជុងយៀន ត្រូវតែនាំចេញកាកសំណល់ផ្លាស្ទិកនេះទៅប្រទេសដើមវិញត្រឹមថ្ងៃទី ២៤ ខែ សីហា ទី២ ពិន័យជាទឹកប្រាក់ប្រមាណ ១០៣៧,៥លានរៀល ចូលជាថវិកាជាតិ ទី៣ ក្រុមហ៊ុននេះត្រូវអនុវត្តឲ្យចប់សព្វគ្រប់មុនថ្ងៃទី ២៤ ខែ សីហាជាកំហិត។

រដ្ឋាភិបាលកម្ពុជាបានរកឃើញថា ក្រុមហ៊ុន ជុងយៀន នេះមានថៅកែឈ្មោះ សួន ឡុក ជាជនខ្មែរ ពោលគឺមិនមានពាក់ព័ន្ធនឹងជនជាតិចិន ឬ ភាគហ៊ុនរបស់ក្រុមហ៊ុនចិនណាមួយនោះឡើយ។

កុងតឺន័រប្រមាណ ៨៣ ទូរ មានទម្ងន់ ១៦០០ តោន មានផ្ទុកកាកសំណល់សំរាមពីសហរដ្ឋអាមេរិក និង កាណាដាដែលត្រូវបាននាំចូលមកកម្ពុជាចាប់តាំងពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ នេះគឺត្រូវបានឆែកឆេរដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករសហការជាមួយនឹិងសមត្ថកិច្ចពាក់ព័ន្ធ។

ទំនិញជាកាកសំណល់ប្លាស្ទីកបាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន (២៧ លើក) មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា។

តាមឯកសារដឹកជញ្ជូនបានរកឃើញថា មានកុងតឺន័រចំនួន ៧០ (មានទម្ងន់១,៣២២ តោន) បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន ១៣ (មានទម្ងន់២៧០ តោន) បាននាំចេញមកពីប្រទេសកាណាដា។ ឯកសារដឹកជញ្ជូនក៏បានបញ្ជាក់ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី(២២ ជើង) ម៉ាឡេស៊ី (២ ជើង) និង វៀតណាម(៣ ជើង)។

តាមការត្រួតពិនិត្យដោយឧបករណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយឧបករណ៍ មន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ទំនិញជាកាកសំណល់ប្លាស្ទីកនោះមិនមានផ្ទុកសារធាតុគ្រោះថ្នាក់ ផ្សេងឡើយ៕

Share

ព័ត៌មានទាក់ទង

Image