ក្រុងភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រកាសផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅខណ្ឌពោធិសែនជ័យ ដោយអំពាវនាវឲ្យពលរដ្ឋមានការដែលនឹងរងកង្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់។
បើតាមសេចក្តីជូនដំណឹងដែលចេញផ្សាយដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលចុះផ្សាយកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា ការផ្អាកការផ្គត់ផ្គង់ទឹកនេះគឺបណ្តាលមកពីគម្រោងនៃការកាត់ភ្ជាប់បណ្តាញចែកចាយទឹកថ្មីទំហំ ១១ មម នៅលើកំណាត់ផ្លូវលេខ ១១៤K ហើយនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៦២ K ដល់ផ្លូវលេខ ១២៣ K សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី ០២ ខែ សីហា ឆ្នាំ ២០១៩។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ បញ្ជាក់ប្រាប់ថា ការងារកាត់បំពង់ទឹកថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីប្រមាណ ៤ ម៉ោង គឺចាប់ពីម៉ោង ៨ នាទីយប់ ដល់ម៉ោង ១២ យប់ ហើយអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារភ្ជាប់បំពង់ទឹកថ្មីរួច។
សូមបញ្ជាក់ផងដែរថា រដ្ឋាករទឹកអំពាវនាវដល់ស្ថាប័ន សហគ្រាស រោងចក្រ ដែលមានលំនៅដ្ឋាន ទីតាំងខាងលើ ត្រូវត្រៀមទឹកបម្រុងសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដែលផ្អាកការផ្គត់ផ្គង់ដូចនេះ៕