ភ្នំពេញ៖ តាមរយៈសាររបស់អគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានផ្ញើសារដល់សាធារណៈជន អំពីបេសកកម្មដ៏ចម្បងមួយរបស់ក្រុមហ៊ុននេះ ដែលបង្កើតឡើងនូវបរិយាកាសជួញដូរប្រកបដោយ ភាពយុត្តិធម៌ តម្លាភាព និងភាពមានអំណោយផលដល់វិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស ។ យ៉ាងណា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងពេលដ៏សមស្របមួយ នឹងបង្កើតនូវផលិតផលថ្មីៗ សម្រាប់អ្នកចូលរួមទីផ្សារនេះ ។
លម្អិតព័ត៌មាននេះដោយ លោក សោម លាភ
ទិដ្ឋភាពទូទៅនៃផ្សារមូលបត្រកម្ពុជា
អស់រយៈពេលជិត ១០ ឆ្នាំ នៃការបង្កើតក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឃើញថាទីផ្សារមួយនេះនៅមានភាពថ្មីថ្មោងឡើយក្នុងការធ្វើឱ្យខ្លួនឯងជាទីពេញនិយមពីប្រជាជនកម្ពុជា និងបរទេសគ្រប់មជ្ឈដ្ឋាន ។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានភាគហ៊ុនចំនួន ៥៥ ភាគរយកាន់កាប់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង ៤៥% ទៀត កាន់កាប់ដោយក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្សារនេះបាននិងកំពុងតែទទួលការចាប់អារម្មណ៍ជាច្រើនក្នុងការវិនិយោគ។
ផ្សារមូលបត្រ ជាទីកន្លែងដែលមានសកម្មភាពលក់ដូរ ឬដោះដូរភាគហ៊ុន ឬទំនិញផ្សេងៗ រួមមាន ៖ ប័ណ្ណភាគហ៊ុន សញ្ញាប័ណ្ណ(ប័ណ្ណទទួលស្គាល់បំណុល) និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ។
យ៉ាងណាមិញ ប្រទេសកម្ពុជាអាចរក្សាបាននូវកំណើនសេដ្ឋកិច្ច៧ ភាគរយក៏ពិតមែន តែប្រទេសនេះមិនទាន់ពឹងផ្អែកច្រើនទេលើវិស័យមូលបត្រ ទាក់ទិនទៅនឹងការជួញដូរភាគហ៊ុន ខណៈវិស័យនេះជាវិស័យមួយដែលចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិខ្លាំងបើធៀបទៅនឹងប្រទេសដទៃ ។
កម្រិតកំណើននៃការវិនិយោគ
មានកត្តាជាច្រើនដែលប៉ះពាល់ កំណើននៃការវិនិយោគ ។ កត្តាទាំងនោះមានដូចជា កម្សោយនៃការយល់ដឹងរបស់ប្រជាជនកម្ពុជា និងស្ថានភាពថ្មីថ្មោងរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។
បើទោះបីជា កំណើននៃការវិនិយោគនៅមានលក្ខណៈយឺតយ៉ាវ តែគេសង្កេតឃើញថា មកដល់ឆ្នាំ ២០១៩ នេះ ការវិនិយោគលើទីផ្សារភាគហ៊ុនកម្ពុជា មានការកើនឡើងគួរកត់សម្គាល់ គឺក្នុងនោះមានទាំងវិនិយោគិនក្នុងស្រុក រួមទាំងវិនិយោគិនបរទេសផងដែរ ។
កាលពីថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០១៩ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានចេញផ្សាយនូវទិន្នន័យសង្ខេបអំពីលទ្ធផលជួញដូរសម្រាប់ត្រីមាសទី១ ក្នុងឆ្នាំ២០១៩ បញ្ជាក់ថា ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម បានកើនឡើងប្រមាណ២ដង ពោលគឺក្នុងមួយថ្ងៃពីប្រមាណ ជាង ១០០ លានរៀល (១០៦,៨៨ លានរៀល) ឬប្រហែលជាង២៥០០០ដុល្លារអាមេរិក ( ២៦.៧១៩ ដុល្លារអាមេរិច) នៅឆ្នាំ២០១៨ ទៅជាង ២១០លានរៀល ( ២១១,២៦ លានរៀល) ឬប្រហែល ជាង ៥២០០០ ដុល្លារអាមេរិក ( ៥២.៨១៦ ដុល្លារអាមេរិច) ក្នុងឆ្នាំ ២០១៩ ។
តាមទិន្នន័យនេះ ក្នុងឆ្នាំ២០១៩ ទំហំជួញដូរភាគហ៊ុនរវាងវិនិយោគិនជាស្ថាប័ន ឬនីតិបុគ្គល និងវិនិយោគិនជារូបវ័ន្តបុគ្គល(បុគ្គលម្នាក់ៗ) មានភាគរយប្រហាក់ប្រហែលគ្នាពោលគឺ៤៧%ទល់នឹង៥៣% ខណៈកាលពីឆ្នាំ២០១៨ វិនិយោគិនជាស្ថាប័នបានជួញដូរច្រើនលើសលុបគឺប្រមាណជាង៧៧%នៃទំហំជួញដូរភាគហ៊ុនសរុប ។
ជាងនេះទៅទៀត ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ទំហំជួញដូរភាគហ៊ុនរបស់ជនជាតិខ្មែរ មានការកើនឡើងទ្វេដងរហូតដល់ទៅ ២៩ % បើធៀបនឹងឆ្នាំ២០១៨ មានតែ ១១% ។ ដោយឡែក តួលេខការជួញដូររបស់វិនិយោគិនបរទេសថយចុះពី៨៩% ក្នុងឆ្នាំ២០១៨ មក ៧១% វិញ ក្នុងនោះ វិនិយោគិនថៃបានក្លាយជាវិនិយោគិនបរទេសចំណាត់ថ្នាក់ទី១ ដោយ គិតតាមទឹកប្រាក់ជួញដូរភាគហ៊ុនសរុប ដែលមានចំនួន ១៣ពាន់លានរៀល (ប្រហែល ៣,២៥ លានដុល្លារអាមេរិច) ។
មន្ត្រីប្រតិបត្តិផ្នៃកផាត់ចោល និងទូទាត់មូលបត្រនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា គឺលោក ទ្រី តៃហ៊ី មានប្រសាសន៍ថាការវិនិយោគក្នុងរយៈពេល ៦ ខែក្នុងឆ្នាំ ២០១៩ នេះ មាន ប្រមាណ ១៤០០០ ០០០ហ៊ុន ។ ដោយឡែក ចំនួនសាច់ប្រាក់ដែលជួញដូរក្នុងមួយថ្ងៃគឺ ៩០ លានរៀល ឬស្មើប្រមាណ ២២៥០០ ដុល្លាអាមេរិក ។ ចំនួននេះនៅមានកម្រិតតិចតួចនៅឡើយ។ ប៉ុន្តែបើធៀបទៅនឹងរយៈពេល ២ ឆ្នាំមុន ឃើញថាមានការកើនឡើងគួរកត់សម្គាល់ ។ ជាងនេះ ចំនួនវិនិយោគិនបច្ចុប្បន្នមានចំនួនជាង ២០០០០នាក់ ប៉ុន្តែវិនិយោគិនដែលវិនិយោគសកម្មមានប្រមាណតែ ២ រយឬ ៣រយនាក់តែប៉ុណ្ណោះ ខណៈអ្នកផ្សេងទៀត គឺគ្រាន់តែវិនិយោគម្ដងហើយ បញ្ឈប់ ឬអ្នកខ្លះគ្រាន់តែបើកគណនីតែមិនវិនិយោគជាដើម ។ លោកបញ្ជាក់ថា បច្ចុប្បន្ន ការលក់ទិញភាគហ៊ុន ក្នុងមួយថ្ងៃមានចំនួនជាមធ្យមប្រមាណជាង ១០០០០ ហ៊ុនតែប៉ុណ្ណោះ រាប់បញ្ចូលទាំងអស់នៃចរន្តនៃការទិញលក់របស់ក្រុមហ៊ុនទាំង ៥ ។
បច្ចុប្បន្នក្រុមហ៊ុនដែលចុះបញ្ជីដាក់លក់ភាគហ៊ុនជាសាធារណៈមានចំនួនប្រាំក្រុមហ៊ុន គឺក្រុមហ៊ុន ហ្គ្រេនទ្វីនអ៊ីធ័រណេសិនណលខេមបូឌា, រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ, កំពង់ផៃស្វ័យតភ្នំពេញ, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងកំពង់ផៃស្វ័យតក្រុងព្រះសីហនុ ។ លោកទ្រី តៃហ៊ីថា ចំនួនតិចនៃក្រុមហ៊ុនលក់ភាគហ៊ុន ជាកត្តាធ្វើឱ្យវិនិយោគិនពិបាកជ្រើសរើសក្រុមហ៊ុនណាមួយដើម្បីធ្វើការវិនិយោគជាមួយ ។ បើទោះបីជាបែបនេះក្ដី គណៈកម្មការទីផ្សារមូលបត្រកម្ពុជា កំពុងរៀបចំយុទ្ធសាស្ត្រដើម្បីបង្កើនក្រុមហ៊ុនចុះបញ្ជី និងបង្កើនវិនិយោគិន ។
ហានីភ័យ និងឱកាសចំណេញ
បើយោងតាមអត្តបទជំនួយសា្មរតីរបស់ផ្សារមូលបត្រកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី ០៨ សីហា ២០០៨ ការវិនិយោគលើមូលបត្រផ្ដល់អត្ថប្រយោជន៍សំខាន់ៗចំនួនពីរ គឺទី ១ ទទួលបានភាគលាភ និងទី២ ទទួលបាននូវប្រាក់ចំណេញនៅពេលដែលវិនិយោគិនលក់ភាគហ៊ុនរបស់ខ្លួនចេញវិញ នៅពេលថ្លៃភាគហ៊ុនឡើងថ្លៃ ។
ជាក់ស្ដែងថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីឆ្នាំ ២០១៨ ទទួលបានចំណូលរហូតដល់ទៅ៦៦ លានដុល្លារ ហើយបានបែងចែកភាគលាភជូនភាគហ៊ុនិកចំនួនប្រមាណ ២០០ រៀល (១៧.៦០រៀល ឬប្រហែលជា ០.០៨ សេនដុល្លារអាមេរិក) ក្នុងមួយហ៊ុនដល់ភាគហ៊ុនិករបស់ខ្លួន ។
ទន្ទឹមនឹងនេះ វិនិយោគិនដែលបោះទុនចូលក្នុងវិស័យភាគហ៊ុន អាចនឹងប្រឈមនឹងហានីភ័យមួយចំនួន អាចឱ្យខាតបងប្រាក់កាស នៅពេលដែលតម្លៃនៃភាគហ៊ុនធ្លាក់ចុះ ឬមានការប្រែប្រួល ។
បើយោងតាមការចុះផ្សាយលើគេហទំព័រផ្សារហ៊ុន បានបែងចែកហានីភ័យនោះជា ៣ ប្រភេទ ទី១ គឺហានិភ័យជាប្រព័ន្ធ ឬហានិភ័យទីផ្សារ ដែលហានីភ័យនេះសម្ដៅទៅលើភាពមិនច្បាស់លាស់ដែលកើតមានឡើងចំពោះទីផ្សារទាំងមូល និងមិនអាចចៀសវាងបានតាមការធ្វើពិពិធកម្ម ដូចជា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ហានិភ័យអតិផរណា ហានិភ័យអស្ថិរភាពនយោបាយ និងហានិភ័យនៃការកើនឡើងអត្រាការប្រាក់ជាដើម ។
ទី ២ គឺហានិភ័យមិនមែនជាប្រព័ន្ធ គឺសម្ដៅទៅលើភាពមិនច្បាស់លាស់ដែលកើតមានចំពោះក្រុមហ៊ុន ឬវិស័យណាមួយ ដែលហានិភ័យប្រភេទនេះរួមមានការមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់សងបំណុលដែលជំពាក់គេ ការកេងបន្លំផ្ទៃក្នុងនៃបញ្ជីគណនេយ្យ សកម្មភាពជួញដូរផ្ទៃក្នុងជាដើម។
ទី៣ គឺហានិភ័យ ដែលអ្នកទិញនិងអ្នកលក់មិនអាចរកគ្នាឃើញ ដើម្បីជួញដូរនៅពេលត្រូវការ និងនៅពេលតម្លៃសមស្របមួយ ។
តាមសៀវភៅជំនួយសា្មរតីចុះផ្សាយកាលពីថ្ងៃទី ០៨ សីហា ២០០៨ បានបង្ហាញពីយុទ្ធសាស្ត្រមួយចំនួន សម្រាប់វិនិយោគិនថ្មី ។ ពោល គឺវិនិយោគិនទាំងអស់ ត្រូវយល់ដឹងឱ្យច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន កំណត់គោលដៅច្បាស់លាស់ក្នុងការវិនិយោគ ចាប់ផ្ដើមវិនិយោគពីទំហំតូចសិន យល់ដឹងពីហានីភ័យ បង្កើនចំណេះដឹង និងជំនាញលើការវិនិយោគ ។
កង្វល់ និងអ្វីដែលវិនិយោគិន និងអ្នកមិនទាន់វិនិយោគចង់បាន
គោលបំណងនៃការវិនិយោគ របស់វិនិយោគិនទាំងអស់ គឺសម្លឹងឃើញភាគលាភ និងប្រាក់ចំណេញពីតម្លៃនៃភាគហ៊ុន ។
វិនិយោគិនជនជាតិខ្មែរម្នាក់ ដែលបានប្រើអស់រយៈពេលប្រមាណមួយឆ្នាំក្នុងការវិនិយោគលើភាគហ៊ុន មានប្រសាសន៍ថា ការវិនិយោគលើទីផ្សារភាគហ៊ុន ជាជម្រើសល្អសម្រាប់ប្រជាជនកម្ពុជា ពិសេសអ្នកដែលទើបបញ្ចប់មហាវិទ្យាល័យ ។
លោក ឡាំ មុយសុង សព្វថ្ងៃជាវិស្វករមួយរូប ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី ២៧ ខែមិថុនាថា លោកបានចំណាយថវិកាប្រមាណ៩ រយដុល្លារអាមេរិកហើយ ក្នុងការវិនិយោគទៅលើទីផ្សារភាគហ៊ុននៅកម្ពុជា ។ ទន្ទឹមនឹងការបោះទុនចូលទៅក្នុងវិស័យនេះ លោកបញ្ជាក់ថា លោកទទួលបានប្រាក់ចំណេញ ក៏មានការខាតបងមួយចំនួនដែរ ។ បើគិតមកដល់ពេលនេះ តាមរយៈការវិនិយោគអស់ប្រមាណមួយឆ្នាំ លោកបានចំណេញគិតជាប្រាក់ប្រមាណ៣ សែនរៀល ។
តាមរយៈបទពិសោធន៍នឹងការអង្កេតរបស់ខ្លួន លោកឡាំ មុយសុងថា លោកខ្លួនឯងផ្ទាល់នៅតែមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងតម្លាភាពរបស់ក្រុមហ៊ុនមួយចំនួនដែលតែងតែពន្យាពេលក្នុងការរាយការណ៍អំពីព័ត៌មានស្ដីពីការលក់ទិញ ចំណូល និងចំណេញប្រចាំត្រីមាស និងប្រចាំឆមាស ។
ក្នុងនាមលោកជាវិនិយោគិនលើទីផ្សារភាគហ៊ុនមួយរូប លោកចង់ឃើញមានការចេញព័ត៌មាននិងរបាយការណ៍ពីក្រុមហ៊ុននានាដែលប្រតិបត្តិការណ៍លើវិស័យនេះ ត្រូវផ្សព្វផ្សាយជាសាធារណៈដោយពុំមានការពន្យាពេល និងចុះផ្សាយដោយភាសាសាមញ្ញ មានការពន្យល់ឱ្យបានច្បាស់លាស់ ដើម្បីឱ្យអ្នកមិនបានស្វែងយល់ពីចរន្តហិរញវត្ថុ មើលងាយយល់ ខណៈលោកខ្លួនឯងផ្ទាល់ ក៏ពិបាកក្នុងការយល់ដែរ ។
លោក ឡាំ មុយសុងថា ហានីភ័យក្នុងទីផ្សារមូលបត្រកម្ពុជានៅមានកម្រិតទាបនៅឡើយ ។ យ៉ាងណា លោកនៅតែផ្តោតសំខាន់ទៅលើតម្លាភាព ប្រសិនបើលោកគិតថាមានតម្លាភាពច្រើនហើយ លោកនឹងវិនិយោគលុយបន្ថែមទៀត តែបើមិនទាន់ទេ លោកមិនបន្ថែមលុយនោះទេ ។
យ៉ាងណាលោកក៏បានបន្ថែមថា គណៈកម្មការមូលបត្រកម្ពុជា មិនទាន់មានការទទួលខុសត្រូវខ្ពស់នៅឡើយនោះទេ ពោលគឺវិធានការរបស់គណៈកម្មការនេះមិនទាន់មានប្រសិទ្ធភាព ។ ជាក់ស្ដែងលោកថា ការពន្យាពេលរបស់ក្រុមហ៊ុនមួយចំនួន អាចជាការយកពេលដើម្បីជាការក្លែងបន្លំរបាយការណ៍ដើម្បីផលប្រយោជន៍ តែក្រុមហ៊ុននេះនៅតែអាចធ្វើបែបនេះបានបន្តទៀត ។
លោក អ៊ិន សុផល គ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនមួយកន្លែង ក៏បង្ហាញការមើលឃើញថា ការវិនិយោគលើទីផ្សារភាគហ៊ុននៅកម្ពុជានៅមានកម្រិតតិចតួចនៅឡើយ ព្រោះប្រជាជនកម្ពុជាមិនមានច្រើនទេ ដែលយល់ដឹងពីប្រតិបត្តិការណ៍ និងដំណើរការនៃការលក់ទិញនេះ ។ លោកថាការជួញដូរលើវិស័យនេះ មានការចំណេញតិចតួចណាស់ ហើយក៏មិនជាមានហានីភ័យច្រើនទេ ។
លោកបន្ថែមដូចនេះថា «ហើយមួយទៀត ទាក់ទងនឹងអាការឡើងថ្លៃ ចុះថ្លៃនឹងក៏វាមានអឺកម្រិត ចឹងវាមិនអាចឡើងដូចថាថ្លៃភាគហ៊ុននឹងវាមិនអាចឡើងថ្លៃគាប់ពពកហើយធ្លាក់ភ្លាមៗនោះទេ បាទវាតិចណាស់» ។
តែលោកថា ការវិនិយោគលើទីផ្សារភាគហ៊ុននេះ ជាជម្រើសល្អសម្រាប់អ្នក មិនសូវមានពេលចូលរួមវិនិយោគដើម្បីទទួលបានផលចំណេញ ។ លោកបន្ថែមថា ការធ្វើបែបនេះ អាចជាការល្អជាងយកប្រាក់ទៅដាក់ក្នុងធនាគារព្រោះធនាគារឱ្យការប្រាក់ទាប ហើយម្យ៉ាងគឺល្អជាងការចង់ការប្រាក់ និងចំណាយប្រាក់ទៅលេងតុងទីនជាដើម ។
វិនិយោគិនដែលប្រឡូកក្នុងវិស័យផ្សារភាគហ៊ុនមានបទពិសោធន៍ជាងមួយឆ្នាំរូបនេះ មិនមានការព្រួយបារម្ភចំពោះការក្ស័យធនរបស់ក្រុមហ៊ុនដែលដាក់លក់ភាគហ៊ុនទាំងអស់នោះទេ។ លោកពន្យល់ថាដើម្បីលក់ភាគហ៊ុនបានគឺក្រុមហ៊ុនទាំងអស់ត្រូវ ត្រូវពិនិត្យតាមដានយ៉ាងម៉ត់ចត់ពីគណៈកម្មការមូលបត្រកម្ពុជា និងមានលក្ខខ័ណ្ឌតឹងតែង ពាក់ព័ន្ធទៅនឹងដើមទុន ចំណូល និងចំណាយរបស់ក្រុមហ៊ុនទាំងនោះ ។ ជាងនេះ ក្រុមហ៊ុនខ្លះក៏ជាក្រុមហ៊ុនចម្រុះដែលមានភាគហ៊ុនរបស់រដ្ឋផងដែរ ។
លោក ហម ពៅ និស្សិតច្បាប់ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចយល់ថា ការជួញដូរភាគហ៊ុន នៅកម្ពុជាអាចជាជម្រើសល្អសម្រាប់ប្រជាជនកម្ពុជា ។
ក្នុងវ័យ ២១ ឆ្នាំ លោក ហម ពៅ មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីកាលពីថ្ងៃទី ២៦ មិថុនាថា លោកមានការចាប់អារម្មណ៍ចំពោះការជួញដូរភាគហ៊ុន ហើយមិនយូរទៀតទេ លោកនឹងវិនិយោគលើវិស័យនេះ ។
លោក ហម ពៅមានប្រសាសន៍ក្នុងអត្តន័យដើមថា «ព្រោះថាវាជាការវិនិយោគមួយ កាលណាយើងដាក់បានមានភាគហ៊ុនអីចឹង នៅពេលដែលមានចំណេញអីចឹងយើងទទួលបានភាគលាភ ណាមួយយើងមិនចាំបាច់ដូចថាចំណាយជាច្រើនដូចថាត្រូវមានការគ្រប់គ្រង ត្រូវមានបុគ្គលិកជាច្រើនអីទេ »។
និស្សិតច្បាប់រូបនេះបន្ថែមថា ហានីភ័យតែងតែមាន តែអ្វីដែលសំខាន់គឺវិនិយោគិនត្រូវ សិក្សា អំពីវាឱ្យបានច្រើន ។
លោក ង៉ូយ វិឆ្ឆ័យ បុគ្គលិកព័ត៌មានវិទ្យាផ្នែកសុវត្តិខុសបណ្ដាញ មានប្រសាសន៍ថា លោកមានការចាប់អារម្ភខ្លាំងចំពោះការវិនិយោគលើទីផ្សារមូលបត្រនេះ តែលោក ថា លោកនៅតែមិនទាន់មានទំនុកចិត្តលើប្រតិបត្តិការណ៍របស់ភាគីពាក់ព័ន្ធលើវិស័យនេះនៅឡើយ ។ លោកបន្តថា លោកតែងតែស្វែងរកព័ត៌មានស្ដីពីការវិនិយោគតាមប្រព័ន្ធអ៊ីធ័រណេត ។
អ្នកស្រី រស់ ខាន់ស្រីពៅ ធ្លាប់ជាអ្នកចងការប្រាក់ឯកជនម្នាក់ ប្រាប់ថាបច្ចុប្បន្ន ការចងការប្រាក់គឺមិនទូលំទូលាយទៀតទេ ព្រោះមានស្ថាប័នមីក្រូហិរញវត្ថុ ឬធនាគារឯកជនជាច្រើនផ្ដល់កម្ចីដែលមានការប្រាក់ទាប ។ អ្នកស្រីមិនទាន់បានយល់ពីប្រតិបត្តិការណ៍នៃការវិនិយោគលើភាគហ៊ុននៅឡើយនោះទេ ហើយបើសិនជាមានឱកាសល្អ អ្នកស្រីនឹងវិនិយោគភាគហ៊ុននេះដែរ ។
លក្ខខ័ណ្ណគ្រឺះរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រជាសាធារណៈ
របាយការណ៍សមិទ្ធិផលការងារឆ្នាំ ២០១២ ដល់ ២០១៧ របស់គណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនណាមួយ ចង់ដាក់លក់ភាគហ៊ុនជាសាធារណៈត្រូវចុះបញ្ជីជាដាច់ខាត ដោយតម្រូវឱ្យមានការរាយការណ៍អំពីចំណូលរបស់ក្រុមហ៊នក្នុងរយៈពេលណាមួយដែលបានកំណត់ ។ ជាក់ស្ដែង បើក្រុមហ៊ុនណាចង់ដាក់លក់ភាគហ៊ុននៅលើទីផ្សារគោល គឺក្រុមហ៊ុននោះត្រូវមានដើមទុនយ៉ាងតិច ៧,៥ លានដុល្លារ និងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលបានសវនកម្មត្រឹមត្រូវក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ រួមទាំងចំណូលវិជ្ជមាន ។ មួយវិញទៀត ប្រសិនបើក្រុមហ៊ុន ចង់លក់ភាគហ៊ុនលើទីផ្សារកំណើន ក្រុមហ៊ុននោះត្រូវមានដើមទុនយ៉ាងតិច ៥០ ម៉ឺនដុល្លារ និងមានរបាយការណ៍ហិរញ្ញវត្ថុឆ្លងកាត់ការធ្វើសវនកម្មរយៈពេលយ៉ាងតិច ១ឆ្នាំចុងក្រោយ ។
ជាងនេះ ក្រុមហ៊ុនទាំងអស់ ដែលដាក់លក់ភាគហ៊ុន ត្រូវតែផ្ដល់ព័ត៌មានដល់សាធារណៈជន អំពីហេតុភេទទាំងអស់ បើទោះបីជាកើតឡើងជាប្រការវិជ្ជមាន ឬអវិជ្ជមានចំពោះក្រុមហ៊ុនទាំងនោះក្ដី ។ ជាងនេះ ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងនោះ ក៏ត្រូវតែផ្សព្វផ្សាយដែរ ។ នេះក៏ជាកាតព្វកិច្ចមួយ ត្រូវអនុវត្តន៍ ។
ផែនការសកម្មភាពគៀងគរវិនិយោគិនបន្ថែមរបស់ផ្សារមូលបត្រកម្ពុជា
លោក ទ្រី តៃហ៊ី មន្ត្រីនៃក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា មានប្រសាសន៍ថា គណៈកម្មការមូលបត្រកម្ពុជា បាននិងកំពុងរៀបចំឱ្យមានភាពងាយស្រួលដល់ក្រុមហ៊ុនទាំងអស់ក្នុងការចុះបញ្ជី និងប្រើប្រាស់ពេលតិចជាងមុន រួមទាំងសម្រួលលក្ខខ័ណ្ឌដាក់បន្ទុកដល់ក្រុមហ៊ុនទាំងនោះមួយចំនួន ។ ជាងនេះ ក៏មានការបន្ធូរបន្ថយផ្នែកពន្ធដាផងដែរ ។
តែយ៉ាងណា លោកទទួលស្គាល់ថា គណៈកម្មការមូលបត្រកម្ពុជា មានភាពលំបាកក្នុងការគៀងគរឱ្យក្រុមហ៊ុនងាកមកដាក់លក់ភាគហ៊ុនជាសាធារណៈ ដោយសារកត្តានៃការយល់ដឹងរបស់ក្រុមហ៊ុនផ្ទាល់ ការមិនទាន់បានត្រៀមខ្លួន ដើម្បីបំពេញឱ្យគ្រប់លក្ខខ័ណ្ណ ។
គណៈកម្មការផ្សារមូលបត្រកម្ពុជា បាននិងបន្តរៀបចំសិក្សាសាលាដើម្បីបញ្ជ្រាបការយល់ដឹងលើវិស័យនេះដល់សាធារណៈជន សំដៅបង្កើនវិនិយោគិន ។ យ៉ាងណា ក៏មានការសិក្សា និងរៀបចំទៅលើរចនាសម្ព័ន្ធទីផ្សារមូលបត្រដើម្បីឱ្យមានភាពរឹងមាំជាងមុន ដើម្បីផ្ដល់ទំនុកចិត្តដល់វិនិយោគិនទាំងអស់ ។ នេះបើតាមលោក ទ្រី តៃហ៊ីបញ្ជាក់បន្ថែម ។
គុណវិបត្តិក្នុងប្រតិបត្តិការជួញដូរភាគហ៊ុនលើទីផ្សារមូលបត្រ
មានការលើកឡើងថា ការជួញដូរលើទីផ្សារភាគហ៊ុនមិនខុសគ្នាទៅនឹងការលែងល្បែងស៊ីសងនោះទេ ។ យុវជនម្នាក់សុំមិនបញ្ចេញឈ្មោះថា ការទិញហ៊ុននៅផ្សារមូលបត្រ គឺជាការយកលុយទៅឱ្យក្រុមហ៊ុនគ្រប់គ្រង ដែលការកំណត់ហានីភ័យ ឬខាតបង់យ៉ាងណាគឺនៅលើដៃរបស់គេ ។
លោកមានប្រសាសន៍ដូចនេះថា «វាដូចជាយើងនៅក្នុងព្រៃមួយដែលមានសុទ្ធតែខ្លា» ។
ពុទ្ធិមូលបត្រ លេខ ៣៧ ចេញផ្សាយឆ្នាំ ២០១៩ ដោយគណៈកម្មការមូលបត្រកម្ពុជា បញ្ជាក់ថា ការជួញដូរភាគហ៊ុនមិនដូចការលែងល្បែងស៊ីសងនោះទេ ។ អត្តបទចេញផ្សាយនេះ បានធ្វើការប្រៀបធៀបរវាងការជួញដូរភាគហ៊ុន ជាមួយការលែងល្បែងស៊ីសង ដោយការជួញដូរភាគហ៊ុន វិនិយោគិនមុននឹងសម្រេចចិត្តជួញដូរ ពួកគាត់អាចតាមដាន និងសិក្សាអំពីផ្សារមូលបត្រ, ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ និងទិន្ន័យវិភាគរបស់អ្នកជំនាញឱ្យបានច្បាស់លាស់ ។ ដោយឡែក ការលែងល្បែងស៊ីសង គឺជាការភ្នាល់គ្នាដោយមិនពឹងផ្អែកទៅលើព័ត៌មាន ឬការវិភាគណាមួយច្បាស់លាស់នោះទេ ។
ជាងនេះ ការបែងចែកភាគលាភរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ មានគោលនយោបាយច្បាស់លាស់ត្រូវបានដាក់ចេញជារៀងរាល់ឆ្នាំ ហើយវិនិយោគិនទាំងអស់អាចកំណត់ពីផលចំណេញជាមធ្យមដែលរំពឹងទុកក្នុងរយៈពេលវែង ។ ចំណែកឯអ្នកលែងល្បែងស៊ីសង មិនមានមូលដ្ឋានច្បាស់លាស់ក្នុងការគណនាលើអត្រាចំណេញឡើយ ។
បើទោះបីជាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយមានការធ្លាក់ចុះដែលធ្វើឱ្យភាគហ៊ុននិកនឹងខាតបង់ក៏ពិតមែន ក៏ប៉ុន្តែការខាតបង់នេះ នឹងមិនជាបញ្ហានោះទេ បើភាគហ៊ុននិកទាំងអស់មិនលក់ភាគហ៊ុននោះ ហើយទុកដោយរង់ចាំតម្លៃហ៊ុនឡើងថ្លៃវិញ ។ ដោយឡែក ល្បែងស៊ីសងមិនអាចបញ្ចៀសការខាតបង់បានឡើយ ដែលអាចបណ្ដាលឱ្យមានការខាតបង់ទាំងស្រុង ។
បើតាមអត្តបទរបស់លោក អ៊ឹង អ៊ូ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១២ ក៏បានរំលេចឡើងនូវគុណវិបត្តិនៃការជួញដូរលើទីផ្សារមូលបត្រមួយចំនួនផងដែរ ។ ជាក់ស្ដែង គុណវិបត្តិទាំងនោះមានការឆក់ឱកាសចំណេញក្នុងការទិញលក់ភាគហ៊ុន ដែលភាគហ៊ុនិកបានគិតគូរយ៉ាងហ្មត់ចត់ ដើម្បីទទួលបានផលចំណេញ។ តែការណ៍នេះប្រឈមទៅនឹងហានីភ័យខ្ពស់ ពោលគឺអាចជះឥទ្ធិពលដល់តម្លៃភាគហ៊ុន ព្រោះពេលខ្លះអាចធ្វើឱ្យលើសឬខ្វះភាគហ៊ុន អាចធ្វើឱ្យមានភាពប្រែប្រួលតម្លៃភាគហ៊ុនខ្លាំង ។
ជាងនេះ អត្តបទរបស់លោក ក៏បញ្ជាក់អំពីគុណវិបត្តិនៃការជួញដូរផ្ទៃក្នុង ដែលលោក សម្ដៅថា មានបុគ្គលិករបស់ក្រុមហ៊ុនចុះបញ្ជីដាក់លក់ភាគហ៊ុន យកព័ត៌មានសម្ងាត់ ឬផ្ទៃក្នុងដើម្បីមកជួញដូរភាគហ៊ុនក្នុងគោលបំណងយកចំណេញផ្ទាល់ខ្លួន ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានការជួញដូរក្លែងក្លាយ និងការប្រើឧបាយកលទីផ្សារ ដែលសម្ដៅទៅលើការប្រតិបត្តិការណ៍ធ្វើផែនការជួញដូរដែលមានលក្ខណៈសិប្បនិម្មិតទាក់ទងនឹងមូលបត្រនៅផ្សារមូលបត្រ ។ យ៉ាងណា ការបញ្ចេញព័ត៌មានក្លែងក្លាយដែលបណ្ដាលឱ្យមានភាពយល់ច្រឡំពីសាធារណៈជន ក៏ជាគុណវិបត្តិលើទីផ្សារមូលបត្រផងដែរ ។
ជាងនេះ ក៏មានការលើកឡើងថា ក្រុមហ៊ុនមួយចំនួនដែលកំពុងប្រតិបត្តិការលក់ភាគហ៊ុនភាគដល់សាធារណៈ តែងតែពន្យាពេលក្នុងការរាយការណ៍របាយការណ៍ហិញ្ញវត្ថុរបស់ក្រុមហ៊ុនជាដើម ។ ជាងនេះ ការសុំពន្យារពេលក្នុងការចេញរបាយការណ៍ទាំងនោះ អាចដើម្បីជាការក្លែងបន្លំឯកសារ ដើម្បីផលប្រយោជន៍ជាដើម ។
កម្រិតតម្លាភាពរបស់ភាគីពាក់ព័ន្ធ
លោក ទ្រី តៃហីមន្ត្រីនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនណាមួយ មិនអាចបង្ហាញរបាយការណ៍តាមការកំណត់ គឺក្រុមហ៊ុននោះ អាចជូនដំណឹងដល់គណៈកម្មការទីផ្សារមូលបត្រកម្ពុជា ។ តែយ៉ាងណា ប្រសិនបើការស្នើសុំពន្យារពេលនេះត្រូវបានអនុញ្ញាតក្នុងរយៈពេលកំណត់សមស្របណាមួយហើយ តែក្រុមហ៊ុនទាំងនោះ នៅតែមិនបានបង្ហាញរបាយការណ៍ទៀតរយៈពេលកំណត់លើកទី ៣ គឺគណៈកម្មការមូលបត្រកម្ពុជា នឹងលុបឈ្មោះចេញពីបញ្ជី ។
កញ្ញា បូ រ៉ាវី លេខាធិការក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានប្រសាសន៍ថា ក្រុមហ៊ុនរបស់កញ្ញា តែងតែចេញរបាយការណ៍តាមការកំណត់ ។ តែយ៉ាងណា ក៏មានយឺតយ៉ាវបន្តិចផងដែរ ដោយសារមានការផ្លាស់ប្ដូរសាវនករ ព្រោះទំហំនៃការលក់ភាគហ៊ុនកើនឡើងកាន់តែធំ ។ កញ្ញាអំពាវនាវឱ្យវិនិយោគិន កុំចាំបាច់បារម្ភពីការក្លែងបន្លំឯសារ ឬរបាយការណ៍ចំណូល ចំណាយ ព្រោះការស្នើសុំពន្យារពេលបង្ហាញរបាយការណ៍ជាសាធារណៈនោះ គឺមានការត្រួតពិនិត្យ តាមដាន និងសិក្សាពីគណៈកម្មការមូលបត្រកម្ពុជាយ៉ាងច្បាស់លាស់ ។
«ពួកយើងអត់មានក្លែងបន្លំឯកសារអីទេ ហើយអឺបញ្ហាក៏យើងបានអឺមានមូលហេតុច្បាស់លាស់ដែរ» ។
ការបើកឱ្យលក់ទិញភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជា បានហាមឃាត់ចំពោះបុគ្គលមួយចំនួនមិនឱ្យចូលរួមនោះទេ ។ ជាក់ស្ដែងមានដូចជា បុគ្គលិករបស់គណៈកម្មការមូលបត្រកម្ពុជា និងបុគ្គលិករបស់ផ្សារមូលបត្រកម្ពុជា ដើម្បីចៀសវាងកុំឱ្យមានការប្រើប្រាស់ព័ត៌មាន ដើម្បីវិនិយោគយកចំណេញជាដើម ។ ជាងនេះ ក្រុមហ៊ុនមូលបត្រកម្ពុជាមួយចំនួន ក៏បានហាមឃាត់បុគ្គលិកខ្លួនក្នុងការវិនិយោគផងដែរ ។ ការមិនឱ្យបុគ្គលទាំងនេះវិនិយោគ គឺដើម្បីជាការផ្ដល់ទំនុកចិត្ត និងរក្សានូវអត្ថប្រយោជន៍ដល់វិនិយោគិនទាំងអស់ ដែលជាអតិថិជនរបស់ខ្លួន ។
លោក ទ្រី តៃហ៊ីថា ផ្សារមូលបត្រកម្ពុជាមានក្រុមសម្រាប់ត្រួតពិនិត្យថា តើមានបុគ្គលិករបស់ផ្សារមូលបត្រកម្ពុជាវិនិយោគដែរឬអត់ ព្រោះជាដាច់ខាតគឺមិនតម្រូវឱ្យពួកគាត់វិនិយោគនោះទេ ។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកផ្សារមូលបត្រកម្ពុជា មិនអាចផ្ដល់ព័ត៌មានឱ្យសាច់ញាតិរបស់ខ្លួនបានឡើយ ។ យ៉ាងណា មានការត្រួតពិនិត្យកិច្ចការដោយក្រុមរបស់គណៈកម្មការមូលបត្រកម្ពុជា ។
លោកស្រី គឹម សុផានីតា អ្នកនាំពាក្យក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា បុគ្គលដែលដឹងព័ត៌មានច្រើនពីក្រុមហ៊ុនលក់ភាគហ៊ុន ពោលគឺបុគ្គលិកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឬបុគ្គលិកក្រុមហ៊ុនលក់ភាគហ៊ុននោះផ្ទាល់គឺមិនអនុញ្ញាតឱ្យជួញដូរភាគហ៊ុននោះទេ ។ តែករណីលើកលែង គាត់អាចជួញដូរបានដោយរាយការណ៍ទៅគណៈកម្មការមូលបត្រកម្ពុជាជាចាំបាច់ ។ លោកស្រីថា កន្លងមកមិនទាន់មានបុគ្គលដែលត្រូវបានហាមឃាត់ក្នុងការវិនិយោគទាំងនោះ បំពានបម្រាម ហើយវិនិយោគនៅឡើយនោះទេ ។
ពាក់ព័ន្ធទៅនឹងការបង្ហាញរបាយការណ៍របស់ក្រុមហ៊ុនលក់ភាគហ៊ុន កន្លងមកលោកស្រីមើលឃើញថា មានភាពល្អប្រសើរហើយ តែលោកស្រីទទួលស្គាល់ដែរថា មានការយឺតយ៉ាវមួយចំនួនតូច ។ លោកស្រី គឹម សុផានីតា បន្ថែមថា ការតម្រូវឱ្យចេញរបាយការណ៍ទាន់ពេលវេលាពីក្រុមហ៊ុនលក់ភាគហ៊ុនគឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុន ដែលមានសារៈសំខាន់ណាស់ ។
លោកស្រីថា «កាតព្វកិច្ចដែលដាក់ទៅក្រុមហ៊ុនចុះបញ្ជីត្រង់ចំណុចនេះវាមានសារៈសំខាន់សម្រាប់ខ្លួនគាត់ផ្ទាល់ទេ ពីព្រោះវាបានបង្ហាញអំពីភាពដែលអាចជឿទុកចិត្តបានរបស់គាត់សម្រាប់ភាគហ៊ុននិករបស់គាត់» ។
លោក សាន ចាន់កុម្ភៈគណនេយ្យករជំនាញ និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានអាប់ប៉ូឡូ មានប្រសាសន៍ថា ការដែលផ្សារមូលបត្រកម្ពុជាមិនទាន់រីកលូតលាស់ខ្លាំង គឺដោយសារមិនសូវមានការចាប់អារម្មណ៍ពីបណ្ដាប្រជាពលរដ្ឋ។ ម្យ៉ាងទៀតដោយសារតែរាជរដ្ឋាភិបាលកម្ពុជាមិនទាន់អាចបង្ហាញទៅសាធារណៈជន អំពីការកាត់បន្ថយអំពើពុករលួយបានប្រសើរនៅឡើយនោះ ។ ជាងនេះ តុលាការមិនយុត្តិធម៌ក៏ជាកត្តាធំចូលរួមផ្សំផងដែរ ។
លោកបន្ថែមដូចនេះថា«ដូចថាផ្សារហ៊ុនមួយឡើងនៅលើទីផ្សារចឹង ដល់ហើយស្រាប់តែម៉ាធីប គ្រុបនឹង ដូចថាស៊ីអ៊ីអូអីលួច លួចលុយលួចអីយកទៅប្រើផ្ទាល់ខ្លួនចឹងទៅ ធ្វើឱ្យបាត់បង់ចំណូលក្រុមហ៊ុនចឹងទៅណា ។ ដល់ពេលនឹងតើអ្នកណាអ្នកទទួលខុសត្រូវនឹង តើតុលាការយើងនឹងមានភាពយុត្តិធម៌ផ្ដល់អីឱ្យដល់អ្នកទិញប័ណ្ណមូលបត្រនឹងណា មូលបត្រភាគហ៊ុននឹងអត់» ។
លោកបន្ថែមថា តម្លៃប្រែប្រួលរបស់ភាគហ៊ុន គឺរដ្ឋជាអ្នកកំណត់ ។ លោកមានប្រសាសន៍ក្នុងន័យដើមថា «ទីពីរគឺរដ្ឋយើងនឹង ច្បាប់យើងនឹងគឺកំណត់ថ្លៃឡើងចុះនឹងរួចទៅហើយ ចឹងវាអត់មានចំណេញអីលើសនឹងទេ វាឡើងក៏មិនឡើងលើសនឹងដែរ ចង់យាយ(និយាយ)ចឹងណា វាឡើងៗស្លូ(Slow) ដោយសារ យើងកំណត់Variable ហើយ កំណត់ដែលវាអាចចុះបានប៉ុន្មានឡើងបានប៉ុន្មាន» ។
លោកស្រី គឹម សុផានីតា អះអាងថា ក្រុមហ៊ុនដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាដើម្បីលក់ភាគហ៊ុនទាំងអស់ជាក្រុមហ៊ុនគួរឱ្យទុកចិត្តខ្លាំង ។ លោកស្រីបញ្ជាក់ថា គឺមានតម្លាភាពខ្ពស់បំផុត ព្រោះដោយសារតែលក្ខខ័ណ្ឌតម្រូវគឺមានភាពតឹងរ៉ឹងច្រើន មុនពេលក្រុមហ៊ុនទាំងនោះអាចឡើងផ្សារហ៊ុនបាន ។
លោកស្រីបន្ថែមថា របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងនោះទៀតសោត សុទ្ធតែឆ្លងកាត់ការធ្វើសវនកម្ម ពីសវនករដែលទទួលស្គាល់ពីអាជ្ញាធរជំនាញ។ មិនត្រឹមតែប៉ុណ្ណោះ កាតព្វកិច្ចនៃការចេញរបាយការណ៍ហិរញ្ញវត្ថុជាសាធារណៈនេះ ត្រូវបន្តធ្វើរហូតបើទោះបីជាព័ត៌មានវិជ្ជមាន ឬអវិជ្ជមានក្ដី ។ យ៉ាងណា មានការតាមដានពីគណៈកម្មការមូលបត្រកម្ពុជា ក្នុងការចេញផ្សាយរបាយការណ៍របស់ក្រុមហ៊ុនទាំងនោះ ប្រសិនបើមានភាពមិនប្រក្រតីក្រុមហ៊ុនសាម៉ីនោះ នឹងទទួលរងនូវការពិន័យ គឺអាចឈានទៅដល់ការដកចេញពីបញ្ជីលក់ភាគហ៊ុន ។
លោកស្រីគឹម សុផានីតា បន្ថែមទៀតថា វិនិយោគិន និងពលរដ្ឋកម្ពុជាគួរទុកចិត្តទៅលើតម្លាភាពលើផ្សារមូលបត្រកម្ពុជា ហើយពិចារណាចូលរួមវិនិយោគឱ្យបានកាន់តែច្រើនកាន់តែល្អ ដើម្បីជាប្រយោជន៍ខ្លួនឯងផង និងប្រទេសជាតិផង ។ ការវិនិយោគលើផ្សារភាគហ៊ុន ជាប្រភេទនៃការវិនិយោគដែលច្បាប់ទទួលស្គាល់ពេញទី ហើយបើទោះបីជាវិនិយោគិនមានដើមទុនតិចតួចក៏ដោយ ក៏អាចមានឱកាសចំណេញច្រើននាពេលអនាគត ។
លោក គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងសន្ទរកថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១២ ថា ការអភិវឌ្ឍវិស័យមូលបត្រ គឺជាកម្មវត្ថុយុទ្ធសាស្ត្រមួយនៃវិស័យហិញ្ញវត្ថ ដែលទទួលបានការចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ។
លោកបន្ថែមតាមរយៈសន្ទរកថានោះទៀតថា ទម្រាំបានបើកជាផ្សារមូលបត្រកម្ពុជាជាផ្លូវការ ដើម្បីអនុញ្ញាតឱ្យមានសកម្មភាពជួញដូរភាគហ៊ុននោះ គឺមានការត្រៀមខ្លួនពីភាគីពាក់ព័ន្ធ មានការគិតគូរយ៉ាងល្អិតល្អន់អំពីក្របខ័ណ្ឌគតិយុត្តជាដើម ។
លោក សុខ ដារ៉ា អគ្គនាយរងគណៈកម្មការមូលបត្រកម្ពុជា ថាគណៈកម្មការនេះធានានូវប្រសិទ្ធិភាពទីផ្សារ តម្លាភាព យុត្តិធម៌ និងសណ្ដាប់ធ្នាប់ តាមរយៈការអនុវត្តតាមច្បាប់ដែលមានជាធរមាន ។
លោកសុខ ដារ៉ាបន្ថែមថា ពាក់ព័ន្ធទៅនឹងការប្រែប្រួលថ្លៃភាគហ៊ុន គឺប្រែប្រួលទៅតាមយន្តការទីផ្សារ ។ យ៉ាងណា ទាំងគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ មិនអាចកែប្រែធ្វើយ៉ាងណាឱ្យមានបម្រែបម្រួលតម្លៃភាគហ៊ុននោះទេ ។
លោកអំពាវនាវឱ្យវិនិយោគិន និងសាធារណៈជន មុននឹងធ្វើការវិនិយោគ ត្រូវធ្វើការកត់សម្គាល់ឱ្យបានច្បាស់អំពីប្រតិបត្តិការណ៍ទាំងនោះឱ្យប្រាកដថា បុគ្គលនោះធ្វើឡើងមានការអនុញ្ញាត្តត្រឹមត្រូវ ឬអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា, ព្យាយាមស្វែងរកព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយអំពីផលិតផលមុននឹងសម្រេចចិត្តវិនិយោគ ដើម្បីបញ្ចៀសនូវហានីភ័យផ្សេងៗ ។
បើតាមរបាយការណ៍របស់គណកម្មការមូលបត្រកម្ពុជាចុះផ្សាយកាលពីថ្ងៃទី ៤ កក្កដា ឆ្នាំ ២០១៨ គឺគណៈកម្មការមូលបត្រកម្ពុជា ត្រួតពិនិត្យ តាមដាន និងឃ្លាំមើលជាប្រចាំទៅលើប្រតិបត្តិការនៃការជួញដូរមូលបត្រ នៅក្នុងទីផ្សារមូលបត្រ ដោយធានាបាននូវការជួញដូរមួយប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងការពារប្រយោជន៍វិនិយោគិន ។
ប្រតិបត្តិការទីផ្សារជួញដូរភាគហ៊ុន មានតួអង្គសំខាន់ៗមួយចំនួនដូចជា គណៈកម្មការមូលបត្រកម្ពុជា ដែលចាត់ទុកថាជាអាជ្ញាធរ, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ជាកន្លែងជួញដូរភាគហ៊ុន និងក្រុមហ៊ុនមូលបត្រ ជាឈ្មួញកណ្ដាល ឬជាអន្តរការីជាជំនួយដល់ក្រុមហ៊ុន និងភាគហ៊ុនិកក្នុងការជួញដូរភាគហ៊ុន ។
កញ្ញា ឆាយ ស្រីហួយ ប្រធានភា្នក់ងារក្រុមហ៊ុនមូលបត្ររបស់ក្រុមហ៊ុនកាណាសិឃ្យូរីធី ប្រាវិទ្យុស្ត្រីកាលពីថ្ងៃទី ១ កក្កដាថា ក្រុមហ៊ុនរបស់កញ្ញា ក៏កំពុងធ្វើការជួញដូរ ក្នុងនាមជាវិនិយោគិនជានីតិបុគ្គល ដើម្បីទទួលបានផលចំណេញដើម្បីផ្គត់ផ្គង់ក្រុមហ៊ុន ។
កញ្ញាបន្ថែមថា ក្រុមហ៊ុនកាណាសិឃ្យូរីធី មានផ្នែកបម្រើសេវាកម្មជាប្រភេទធានាទិញ គឺជាការជំនួយដល់ក្រុមហ៊ុនទាំងឡាយណាមានបំណងបោះផ្សាយភាគហ៊ុនជាសាធារណៈដើម្បីឱ្យទទួលបានជោគជ័យ ។ កញ្ញាបន្ថែមថា ក្រុមហ៊ុនរបស់ខ្លួន ក៏ធ្វើជាអន្តរការីសម្រាប់ធ្វើការជួញដូររវាងភ្ញៀវ និងភ្ញៀវនៅក្នុងទីផ្សារ រួមទាំងមានសេវាកម្មទីផ្សារទាក់ទិនទៅនឹងហិរញ្ញវត្ថុជាដើម ។
កញ្ញាបន្ថែមថាក្រុមហ៊ុនកាណាសិឃ្យូរីធី មិនហាមឃាត់បុគ្គលិករបស់ខ្លួនមិនឱ្យវិនិយោគភាគហ៊ុនលើទីផ្សារមូលបត្រនោះទេ ។ «បទបញ្ជាផ្ទៃក្នុងគឺយើងអត់ហាមទេ ប៉ុន្តែយើងមានការតាមដាន និងត្រួតត្រាពីអ្នកជំនាញផ្នែកច្បាប់ ក្នុងការអនុវត្តរបស់គាត់កុំឱ្យលើសពី មានន័យថាអត្ថប្រយោជន៍ ទំនាស់ផលប្រយោជន៍រវាងបុគ្គលិកជាមួយភ្ញៀវអ៊ីចឹងណា» នេះបើតាមកញ្ញាបន្ថែម ។
សម្រាប់ក្រុមហ៊ុនកាណាសិឃ្យូរីធី គឺតាមរយៈកញ្ញាស្រីហួយបញ្ជាក់ថា ក្នុងនាមជាអន្តរការី ក្រុមហ៊ុនមូលបត្រមួយនេះ យកជាកម្រៃជើងសារពីវិនិយោគិនជាអតិថិជនរបស់ខ្លួន ក្នុងចំនួន ០.៥% នៃទឹកប្រាក់ជួញដូរដែលប្រតិបត្តិការជោគជ័យរបស់ភាគហ៊ុនិក ។
ក្រុមហ៊ុនកាណាសិឃ្យូរីធី មានវិនិយោគិនដែលបើគណនីជួញដូរជាមួយប្រមាណជាង ១ពាន់នាក់ ហើយការជួញដូរជាមធ្យមក្នុងមួយថ្ងៃចន្លោះពី២ពាន់ទៅ ៣ ពាន់ហ៊ុន ។
គណនេយ្យករជំនាញគឺលោក សាន ចាន់កុម្ភៈថា ផ្សារមូលបត្រកម្ពុជាបានបង្កើតឡើងប្រមាណជា ៧ ឆ្នាំមកនេះ គឺនៅថ្មីនៅឡើយសម្រាប់កម្ពុជា ហើយជាងនេះគឺនៅមានកម្រិតតូចខ្លាំង បើប្រៀបធៀបផ្សារប្រភេទនេះទៅនឹងប្រទេសក្នុងតំបន់ ។ ជាងនេះ ការវិនិយោគលើទីផ្សារមូលបត្រ ពាក់ព័ន្ធនឹងការជួញដូរភាគហ៊ុននេះ គឺនាពេលបច្ចុប្បន្ន វិនិយោគិនទទួលបានផលចំណេញនៅមានកម្រិតទាបខ្លាំង ។
លោកបន្ថែមថា ក្នុងប្រទេសរីកចម្រើន គេតែងតែវិនិយោគលើទីផ្សារភាគហ៊ុន ហើយលោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកចាប់អារម្មណ៍សិក្សាស្វែងយល់ និងវិនិយោគលើវិស័យនេះ ។ លោកមានជំនឿចិត្តថា ប្រហែលជា ១៥ ឆ្នាំទៅមុខទៀត ផ្សារមូលបត្រកម្ពុជានឹងក្លាយជាទីផ្សារលក់មូលបត្រដែលមានការនិយមច្រើនពីប្រជាពលរដ្ឋក្នុងការបោះទុនវិនិយោគ ។ ប៉ុន្តែលោក សាន ចាន់កុម្ភៈគិតថា ប្រសិនបើកម្ពុជាបាត់បង់ការអនុគ្រោះពន្ធនាំចូលទំនិញទៅសហភាពអឺរ៉ុប នោះអាចនឹងបង្ករប៉ះពាល់ដល់តម្លៃហ៊ុននៅទីផ្សារមូលបត្រកម្ពុជាមួយចំនួនផងដែរ ។
ចំពោះក្រុមហ៊ុនណាដាក់លក់ភាគហ៊ុនជាសាធារណៈត្រូវតែជាប្រភេទក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ហើយប្រសិនបើក្រុមហ៊ុនណាមួយ ប្រកាសក្ស័យធន គឺក្រុមហ៊ុននោះនឹងលក់ទ្រព្យសម្បត្តិសេសសល់របស់ក្រុមហ៊ុន យកទៅសងអ្នកផ្គត់ផ្គង់ក្រុមហ៊ុន បន្ទាប់មកគឺសងម្ចាស់សញ្ញាប័ណ្ណ ឬមូលបត្របំណុល និងជាចុងក្រោយគឺម្ចាស់ភាគហ៊ុន ។ ក្រុមហ៊ុនប្រភេទនេះសងត្រឹមកម្រិតដែលមានលទ្ធភាព ក្នុងការលក់ទ្រព្យសម្បតិ្តរបស់ខ្លួនតែប៉ុណ្ណោះ ។
លោក សាន ចាន់កុម្ភៈថា ចំពោះក្រុមហ៊ុនដែលបោះផ្សាយមូលបត្រលក់ជាសាធារណៈ គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតជាលក្ខខ័ណ្ណមួយត្រឹមត្រូវ ហើយក្រុមហ៊ុនទាំងនោះត្រូវទទួលខុសត្រូវទៅលើរបាយការណ៍របស់ខ្លួន ពោលគឺរបាយការណ៍ត្រូវតែតម្លាភាព និងរាយការណ៍ជូនគណៈកម្មការមូលបត្រកម្ពុជាតាមការកំណត់ ។ ជាងនេះ ក្រុមហ៊ុនទាំងនោះ ត្រូវការពារផលប្រយោជន៍របស់ភាគហ៊ុនិក ដោយការប្រាកដប្រជា និងតម្លាភាពក្នុងកិច្ចការទាំងអស់ ។
ដំណោះស្រាយវិវាទ
ប្រសិនបើមានបញ្ហាជម្លោះ គឺភាគីជម្លោះអាចដាក់ពាក្យបណ្ដឹងទៅគណៈកម្មការមូលបត្រកម្ពុជាតាមរយៈនាយករដ្ឋានកិច្ចការគតិយុត្តនៃគណៈកម្មការនេះ ។ យ៉ាងណា ភាគីជម្លោះដែលដាក់ពាក្យបណ្ដឹងត្រូវមានសមត្ថភាពគតិយុត្តដោយខ្លួនឯង ឬអ្នកតំណាងស្របតាមបញ្ញត្តិនៃច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមប្រការ ៤ នៃប្រកាសស្ដីពីការដោះស្រាយវិវាទក្នុងវិស័យមូលបត្រ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ ។
អ្នកជំនាញពាណិជ្ជកម្មអន្តរជាតិថាការវិនិយោគលើទីផ្សារភាគហ៊ុននៅកម្ពុជា គឺជាជម្រើសល្អជាជាងការយកលុយទៅចងការប្រាក់ ឬលេងតុងទីន ។ លោក លី វីរៈថា សកម្មភាពនៃការចងការប្រាក់ បើយកអត្រាការប្រាក់តាមច្បាប់កំណត់ គឺតិចណាស់ ខណៈដែលការណ៍នេះគឺមានហានីភ័យខ្ពស់ ។ នេះបើតាមវិទ្យុបារាំងអន្តរជាតិ ។
ច្បាប់ស្ដីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ឆ្នាំ ២០០៧ មាន ៥៨ មាត្រា ក៏បានចែងអំពីវិវាទ និងវិធានការដាក់ទណ្ឌកម្មផងដែរ លើវិស័យមូលបត្រនេះ ។ មាត្រា ៤៣ នៃច្បាប់នេះ បានចែងអំពីការផ្សះផ្សារវិវាទលើការធ្វើអាជីវកម្មមូលបត្រ ដោយភាគីទាំងសងខាង ដាក់វិវាទនោះទៅគណៈកម្មការមូលបត្រកម្ពុជា ដើម្បីផ្សះផ្សារ តែលើកលែងតែបទល្មើសព្រហ្មទណ្ឌ ៕
អត្ថបទដោយ សោមលាភ