ខេត្តបាត់ដំបង៖កត្តាជីវិភាពខ្វះខាតជាកត្តាចម្បងគេនាំឲ្យយុវតីមួយរូបបោះបង់ការសិក្សាទាំងវ័យក្មេង។
យុវតី ស៊ិន វរ្ម័ន មានវ័យ ១៦ ឆ្នាំ បានបោះបង់ការសិក្សាត្រឹមថា្នក់ទី ១០ កាលពីខែមួយខែមុន ព្រោះឪពុកម្តាយរបស់នាងគ្មានលទ្ធភាពឲ្យកូនរៀនរហូតបន្តទៀត។ ម្តាយរបស់នាងជា មេផ្ទះ ហើយឪពុកជាគ្រូគង្វាល។
យុវតី វរ្ម័ន បញ្ជាក់ថា គ្រួសារនាងក្រីក្រណាស់ និងមានបងប្អូនបង្កើតច្រើនគឺចំនួន ៨ នាក់ ដែលជាបន្ទុកធ្ងន់សម្រាប់គ្រួសាររបស់គាត់ បើទោះបីជាបងៗរបស់នាងមានគ្រួសារអស់ហើយក៏ដោយ។
យុវតីរូបបន្ថែមថា ម្យ៉ាងទៀតសាលារៀនឆ្ងាយពីផ្ទះរបស់នាងគឺមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ។
យុវតី ស៊ិន វរ្ម័ន៖ «ខ្ញុំមានអាយុ ១៦ ឆ្នាំ ខ្ញុំឈប់រៀននៅថ្នាក់ទី ១០ នៅវិទ្យាល័យមោងឫស្សី មូលហេតុដោយសារគ្មានលុយ អត់មានមធ្យោបាយធ្វើដំណើរទៅសាលា គ្មានអ្នកជួយកិច្ចផ្ទះ ប៉ុន្តែនាងនូវចង់រៀនបន្ត»។
បច្ចុប្បន្នយុវតី វរ្ម័ន រស់នៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
នាងសង្កេតឃើញថា មានអ្នកភូមិជាមួយនាងពីរបីនាក់ទៀតបានឈប់រៀនដែរនៅឆ្នាំនេះ ប្រហែលជាមកពីបញ្ហាជីវភាព។
អត្រានៃការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ មានចំនួន ៩៣,៥%សម្រាប់បឋមសិក្សា និង ៥៥,៧% សម្រាប់អនុវិទ្យាល័យ និង ២៥,១% នៅវិទ្យាល័យ។
បើតាមតួលេខរបស់រាជរដ្ឋាភិបាលបានបង្ហាញថា ជារៀងរាល់ឆ្នាំនៅថ្នាក់បឋមសិក្សា មានសិស្ស៦,៦% រៀនត្រួតថ្នាក់ និងសិស្ស ៤,៦% បោះបង់ការសិក្សា។ ចំពោះកម្រិតអនុវិទ្យាល័យវិញ មានសិស្ស ២,៨% រៀនត្រួតថ្នាក់ជារៀងរាល់ឆ្នាំ និង ១៩,៤% បោះបង់ការសិក្សាចោល៕ អត្ថបទ៖ ណុល គឹមឡាង