en     km
en     km

សម្តេចហ៊ុន សែន៖ ខេត្តកំពតនឹងមានកំពង់ផែទឹកជ្រៅមួយបន្ថែមពីលើកំពង់ផែព្រះសីហនុ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថា នាពេលអនាគត កម្ពុជាត្រូវតែមានកំពង់ផែទឹកជ្រៅមួយបន្ថែមលើកំពង់ផែក្រុងព្រះសីហនុ ដើម្បីដឹកទំនិញចេញទៅក្រៅប្រទេស។

លោកសោមលាភ រាយការណ៍៖

 

ថ្លែងនៅក្នុងពិធីដាក់សម្ភោធឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទឹកស្អាតនៅខេត្តកំពត ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន នូវទឹកប្រាក់ប្រមាណជាង២៦លានដុល្លារអាមេរិក បានធ្វើឡើងនៅថ្ងៃទី ២ មេសានេះ សម្ដេច ហ៊ុន សែនថា ខេត្តនេះត្រូវតែមានកំពង់ផែសម្រាប់នាំចេញទំនិញពីកម្ពុជាទៅក្រៅប្រទេស ។

នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា ខេត្តកំពត មានតួនាទីសំខាន់មួយ ក្នុងការដឹកជញ្ជូនតភ្ជាប់ ចេញទៅប្រទេសក្រៅ ។

យ៉ាងណា សម្ដេចថា ខេត្តនេះ គឺព្រំដែនគោក តភ្ជាប់ជារបៀងមាត់សមុទ្រ តភ្ជាប់ពីប្រទេសវៀតណាម មកឆ្លងកាត់ខេត្តកំពត ឆ្លងកាត់ខេត្តព្រះសីហនុ និងឆ្លងកាត់ខេត្តកោះកុង តាមផ្លូវជាតិលេខ៤៨ ទៅខេត្តត្រាត របស់ប្រទេសថៃ ។

សម្ដេច បន្ថែមថា ការតភ្ជាប់ ជាមួយប្រទេសជិតខាង នឹងធ្វើទៅបាន ទាល់តែតភ្ជាប់ផ្ទៃក្នុងនៃកម្ពុជាជាមុនសិន ។

នាយករដ្ឋមន្ត្រីកម្ពុជាថា ការអភិវឌ្ឍខេត្តកំពត គឺផ្តើមចេញពីការ រកបាននូវសុខសន្តិភាព និងការដាក់ចេញនូវយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវ ។

បន្ថែមពីលើនេះ សម្ដេច ថាកម្ពុជាត្រូវតែពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងឱ្យកាន់តែប្រសើរថែមទៀត ។ ការពង្រឹងទំនាក់ទំនងនេះ កែប្រែតំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាព និងមានការអភិវឌ្ឍ។

នាឱកាសនោះ សម្ដេច បានប្រកាស ចរចាបើកច្រកព្រំដែនបន្ថែម ជាមួយអាជ្ញាធរថៃ ឡាវ និងវៀតណាម នឹងធ្វើឡើង។

សម្ដេច ហ៊ុន សែនថា នៅតំបន់ក្បែរព្រំដែន ប្រជាពលរដ្ឋបានប្រើប្រាស់ដីធ្លី ដែលជាតំបន់អតីតសមរភូមិ ដាំដុះ ធ្វើជាទីផ្សារលក់ដូរ ធ្វើជាសណ្ឋាគារ ជារមណីយដ្ឋានទេសចរណ៍ផងដែរ ។

យ៉ាងណា ព្រំដែន ជាមួយប្រទេសជិតខាងវិញ ក៏បានប្រែក្លាយ និងកំពុងបន្តជំរុញឱ្យមានការធ្វើពាណិជ្ជកម្ម ព្រោះព្រំដែន បានក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ ។

សម្ដេចបន្ថែមថា ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម មានប្រមាណ៥០០០លានដុល្លារ ។​ដោយឡែក ប្រទេសថៃវិញ មានប្រមាណ៧០០០លានដុល្លារ និងមានទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ឡាវ ផងដែរ ។

កម្ពុជាមានកំពង់ផែធំៗដូចជា កំពង់ផែក្រុងភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ និងកំពុងផែរាម ។ យ៉ាងណា កំពុងផែក្រុងព្រះសីហនុជាកំពង់ផែទឹកជ្រៅដែលដឹកនាំទំនិញចេញចូលច្រើនជាងគេ ។

កម្ពុជាបច្ចុប្បន្ន កំពុងបង្កើនការគៀងគរវិនិយោគបរទេសជាច្រើន ជាពិសេសគឺប្រទេសជិតខាង និងប្រទេសកុំម្មុយនីស្ត ខណៈដែលទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារសហភាពអឺរ៉ុប ដែលជាទីផ្សារធំជាងគេសម្រាប់កម្ពុជា កំពុងតែគម្រាមនឹងដកហូតការអនុគ្រោះពន្ធនាំចូល ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image