សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស របស់ប្រទេសមហាអំណាចនេះ បានចេញបទបញ្ជាបន្ទាន់មួយ ដោយ ប្រាប់ទៅពលរដ្ឋរបស់ខ្លួនដែលកំពុងមានវត្តមាននៅវេណេហ្សូអេឡា ជាពិសេស បុគ្គលិកធ្វើការងារនៅស្ថានទូត អាមេរិក ត្រូវប្រញាប់ចាកចេញពីប្រទេសវេណេហ្សូអេឡា អោយបានឆាប់បំផុត។
បើតាមទីភ្នាក់ងារសារព័ត៌មានUPI សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក បានចេញការព្រមាននេះ ទៅកាន់ពលរដ្ឋខ្លួន កាលពីថ្ងៃទី២៤មករាដែលថា អំពើចលាចល និងការចាប់ពលរដ្ឋបរទេសអាចកើតមាននៅក្នុងប្រទេសវេណេហ្សូអេឡា ។ តែការព្រមាននេះ គឺចំពេល មានសេចក្ដីរាយការណ៍ថាក្រុមប្រឹក្សាសន្តិសុខជាតិរបស់ អាមេរិកប្រជុំគ្នាកំណត់យុទ្ធសាស្ត្រ កងទ័ព ចូលលុកលុយដើម្បីបញ្ជប់របបរបស់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ។
លោកប្រធានាធិបតីដូណាល់ត្រាំ បាន សម្រចទទួលស្គាល់ លោក Juan Guaido ជាប្រធានាធិបតីស្ដីទី ដោយចាត់ទុក លោកម៉ាឌូរ៉ូជាមេដឹកនាំខុសច្បាប់ ។
បន្ទាប់ពីអាមេរិកគេសង្កេតឃើញប្រទេស ជាច្រើនទៀតនៅក្នុងទ្វីបអាមេរិក និងក្រុមប្រទេសសហភាពអឺរ៉ុប និងអង់គ្លេស ក៏បានចាត់ទុកប្រធានរដ្ឋសភា វ័យក្មេង មកពីគណបក្សប្រឆាំង ជាមេដឹកនាំវេណេហ្សូអេឡាស្របច្បាប់ដែរ។ យ៉ាងណាចិន រុស្ស៊ី តួកគី នៅតែទទួលស្គាល់លោកម៉ាឌូរ៉ូជាមេដឹកនាំស្របច្បាប់ ។
ដោយសារករណីនេះ លោកម៉ាឌូរ៉ូបាន បញ្ជាអោយបិទស្ថានទូតរបស់ខ្លួននៅអាមេរិក ហើយប្រកាសបណ្ដេញអ្នកការទូតអាមេរិក ចេញពីវេណេហ្សូអេឡា ។ តែសេតវិមានបានបង្គាប់អោយអ្នកកាទូតខ្លួនបន្តនៅក្នុងស្ថានទូតអាមេរិកនៅវេណេហ្សូអេឡា ដោយអាមេរិក ចាត់ទុកលោក Juan Guaido ជាមេដឹកនាំវេណេហ្សូអេឡាស្របច្បាប់។ ភាពចម្រុងចម្រាស់នេះ បាននាំអោយ ឋានៈនិងតួនាទីរបស់លោកម៉ាឌូរ៉ូនៅលើឆាកអន្តរជាតិ កាន់តែបាត់បង់ ។
ដោយសារករណីនេះ សហរដ្ឋអាមេរិក បានស្នើទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ដើម្បីវាយតម្លៃស្ថានការណ៍ចុងក្រោយនៅវេណេហ្សូអេឡា ជាពិសេស តួនាទីរបស់លោកម៉ាឌូរ៉ូ ។ តែនៅពេលជាមួយគ្នា អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានទទូចសុំអោយលោកម៉ាឌូរ៉ូ និងលោក Juan Guaido បើកការចរចាជាបន្ទាន់ដើម្បី រកដំណោះស្រាយរួមគ្នាមួយ ធ្វើឱ្យមានភាពកក់ក្ដីដល់ពលរដ្ឋឡើងវិញ ។ ចំណែកសហភាពអឹរ៉ុប បារាំងនិងអង់គ្លេស ក៏បានយល់ស្របតាមសំណើរបស់សហរដ្ឋអាមេរិកដែរ ។ អ្នកសង្កេតការណ៍ព្រមានថា របបលោកម៉ាឌូរ៉ូអាចនឹងរំលំឆាប់ៗនេះហើយ ៕