en     km
en     km

លោក សុខ ឥសាន្ត៖ អ្នកគាំទ្រCPP អាចនាំគ្នាក្រោកប្រឆាំងវត្តមានលោកសម រង្ស៊ីចូលស្រុក

Share

ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានឱ្យដឹងតាមរយៈ ប្រព័ន្ធតេឡេក្រាមរបស់លោកថា អ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា អាចនឹងចេញមកប្រឆាំង និងជំទាស់តទល់ជាមួយនឹងវត្តមានរបស់លោក សម រង្ស៊ី មកកម្ពុជា ។ តែយ៉ាងណាក្ដី លោកថា សមត្តកិច្ចនឹងបង្ក្រាបអ្នកណាដែលផុសផុល និងដែលទៅគាំទ្រលោក សម រង្ស៊ី ។ យ៉ាងណា មន្ត្រីសិទ្ធិមនុស្សថា​ ប្រសិនបើមានការបង្រ្កាបពលរដ្ឋដែលប្រើប្រាស់សិទ្ធិរបស់ខ្លួនត្រឹមត្រូវនោះ ជាការរំលោភសិទ្ធិមនុស្សដែលការពារដោយច្បាប់យ៉ាងធ្ងន់ធ្ងរ ។

លោក សោម លាភ រាយការណ៍!

 

បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីតគណបក្សសង្គ្រោះជាតិ បានសម្រេចឱ្យ លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ អ្នកនាំពាក្យបក្សកាន់អំណាច គឺលោក សុខ ឥសាន្ត បានបង្ហាញពីឧបសគ្គមួយចំនួនចំពោះលោក សម រង្ស៊ី ក្នុងការវិលមកកម្ពុជា ។

ជាក់ស្ដែង លោក សុខ ឥសាន្ត បានអះអាងថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា អាចនឹងចេញទប់ទល់ប្រឆាំងនឹងវត្តមាន របស់ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង ករណីលោក សម រង្ស៊ី វិលចូលកម្ពុជា ។ នេះបើតាមការឱ្យដឹងរបស់លោក សុខ ឥសាន តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅថ្ងៃទី ២២ មករានេះ ។

យ៉ាងណា លោក សុខ ឥសាន្ត បង្ហាញពីជំហរមិនច្បាស់លាស់ចំពោះការវិល ឬមិនវិលមកកម្ពុជារបស់លោក សម រង្ស៊ី ទេ ពោលគឺម្ដងលោក សុខ ឥសាន្តថា លោក សម រង្ស៊ី មិនមកកម្ពុជា ម្ដងលោកថាលោក សម រង្ស៊ី ចូលកម្ពុជាជាដើម ។ លោកថា បើលោកសម រង្ស៊ីមកកម្ពុជា អាចជាហេតុធ្វើឱ្យកម្លាំងក្នុងស្រុកដែលគាំទ្រគណបក្សប្រជាជនកម្ពុជាក្រោកឡើងធ្វើការតបតផងដែរ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគម្រាមលោក សម រង្ស៊ីថា អាជ្ញាធរកម្ពុជា នឹងអនុវត្តទោសតាមច្បាប់ដែលមាននៅកម្ពុជាទៅលើលោក សម រង្ស៊ី  ហើយសម្ដេចថា កម្ពុជាបានត្រៀមកម្លាំងរួចរាល់ហើយសម្រាប់ចាប់អ្នកនយោបាយកំពុងនិរទេសខ្លួនរូបនេះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ។ ក្រៅពីសម្ដេច ហ៊ុន សែន ក៏មានមន្ត្រីនៃស្ថាប័ននីតិប្រតិបត្តិ គម្រាមដូចនេះដែរ ពោលគឺមានលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រួមទាំងលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះឯង ។

លោក សុខ ឥសាន បញ្ជាក់បែបនេះថា “ផ្ទុយទៅវិញ បើសិនជាមកមែននោះ អាចនឹងមានអ្នកមួយចំនួនទៅគាំទ្រ ទទួលដែលតែយ៉ាងណាសមត្ថកិច្ច នឹងមានវិធានការណ៍តាមដីការចាប់ខ្លួន ហើយកម្លាំងគាំទ្រ របស់គណបក្សប្រជាជនកម្ពុជា នឹងអាចចេញដើម្បីទប់ទល់ បើសិនជាមានអំពើអនាធិបតេយ្យកើតឡើង”

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបានបញ្ជាក់បន្ថែមទៀតថា កម្លាំងទៅគាំទ្រលោក សម រង្ស៊ី មិនច្រើនដូចមុនទេ ។ លោកថា សមត្ថកិច្ចកម្ពុជាមានបទពិសោធន៍ច្រើន មិនបណ្ដោយឱ្យបញ្ហាក្លាយជារឿងធំឡើយ ហើយក៏នឹងមានការបង្រ្កាដោយហឹង្សា ដែលលោក សុខ ឥសាន្តថា «ប្រាកដជាមានមួយដាក់មួយ មានពីរដាក់ពីរហើយ»

លោក អំ សំអាត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅថ្ងៃទី ២២​ ខែ មករានេះថា ប្រសិនបើមានការបង្រ្កាបពលរដ្ឋ ដោយសារពលរដ្ឋអនុវត្តសិទ្ធិរបស់ខ្លួនត្រឹមត្រូវ មិនបំពាននរណានោះ ជាការរំលោភសិទ្ធិមនុស្សខ្លាំង ។

កាលពីថ្ងៃទី ២០ មករា គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ បានចេញផ្សាយសេចក្ដីប្រកាសរបស់ខ្លួនស្ដីពីលទ្ធផលនៃកិច្ចប្រជុំ ដែលបានសម្រេច និងរៀបចំដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ចូលមកកម្ពុជាវិញ ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សមួយនេះ មានដូចជាការបង្កើតក្រុមការងាររៀបចំកងកម្លាំងទទួលលោក សម រង្ស៊ី,  ពង្រីកសកម្មភាពការទូត, ពង្រីកការផ្សព្វផ្សាយព័ត៌មាន ជុំវិញបញ្ហាជាតិ ដែលបង្កើតដោយរបបលោក ហ៊ុន សែន, ទំនាក់ទំនងឱ្យបានស្អិតរមួតជាមួយអ្នកប្រជាធិបតេយ្យគ្រប់មជ្ឈដ្ឋាន និងរៀបចំថវិកាផងដែរ ។

លោក សម រង្ស៊ី ធ្លាប់នីរទេសខ្លួនពីការចាប់ខ្លួន ចំនួន៤លើកមកហើយ ។ តែមុនលោក ចូលកម្ពុជា វិញ លោកតែងតែ ទទួលបានការបើកភ្លើងខៀវពីសម្ដេចនាយករដ្ឋមន្រ្តី និងការលើកលែងទោស ដោយព្រះមហាក្សត្រ ។

កាលលោកវិលមកវិញ នៅថ្ងៃទី១៩កក្កដា ឆ្នាំ២០១៣ គឺមុនមួយសប្ដាហ៍នៃការបោះឆ្នោតសភានីតិកាលទី៥ គឺជាឆន្ទួៈរបស់លោកផ្ទាល់ តែក្រោយបន្តិចមានការលើកលែងទោស ដោយព្រះមហាក្សត្រ ។ កាលវិលវិញរបស់លោកសមរង្ស៊ីនៅពេលនោះ មានអ្នកគាំទ្រ ជិតមួយលាននាក់មកទទួលលោក។ តាមអ្នកវិភាគ លោកសមរង្ស៊ី វិលមកវិញ ទំនងលោកចង់បង្ហាញ ឆន្ទៈលោកជាថ្មីទៀតដោយសង្ឃឹមថា នឹងអ្នកគាំទ្រមកទទួលលោកដូចឆ្នាំ២០១៣ ។ តែបែបនេះក្ដី អាជ្ញាធរកម្ពុជា ដូចជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃធ្លាប់ព្រមានការអនុវត្តទោស ចាប់ខ្លួនលោកសមរង្ស៊ី បើអ្នកនយោបាយ ដែលលោកខាងលិចគាំទ្ររូបនេះ វិលចូលកម្ពុជាមែននោះ ៕

អត្តបទដោយ៖ សោម លាភ

Share

ព័ត៌មានទាក់ទង

Image