en     km
en     km

គណៈកម្មាធិការអចិន្ត្រៃយ៍CNRP សម្រេចឱ្យលោក សម រង្ស៊ីវិលចូលកម្ពុជាវិញ

Share

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្រ្គោះជាតិ បានសម្រេចឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ  ដែលសេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់​ថ្នាក់​ដឹកនាំ​នៃអតីតគណបក្សប្រឆាំងជួបប្រជុំគ្នានៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៩នេះ ។

រាយការណ៍ដោយលោក សោម លាភ

 

គណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សនេះ បានសម្រេចជាឯកឆន្ទដោយសមាសភាព១៥ ​លើ២៤  លើ់ការវិលចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី ដែលបច្ចុប្បន្ន​ជា​ប្រធា​ន​ស្ដី​ទីរបស់​គណ​បក្សសង្រ្គោះជាតិ។

តាមប្រសាសន៍របស់លោកអេងឆៃអ៊ាង អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ចាត់ទុកថាការវិលមកវិញរបស់លោក សម រង្ស៊ី នឹងធ្វើឡើងតាមការសម្រេចនេះ ហើយក្រៅពីនេះ ថ្នាក់​ដឹកនាំ នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ថែមទៀតពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រយុទ្ធ​សាស្រ្ត​របស់អតីតគណបក្សសង្រ្គោះជាតិ នៅពេលលោកសមរង្ស៊ីវិល​ចូល​ប្រទេសវិញ។

តាមរយៈវីដេអូផ្សាយផ្ទាល់នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៩ ធ្វើឡើងក្រោយពេលកិច្ចប្រជុំគណៈកម្មារធិការអចិន្ត្រៃយ៍របស់គណបក្សនេះបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងមានការចូលរួមពីលោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ មន្ត្រីជាន់ខ្ពស់ ព្រមទាំងសកម្មជនគណបក្សនេះមួយចំនួន  ។

លោក អេង ឆៃអៀង ថ្លែងថា ការប្រជុំរបស់គណៈកម្មការអចិន្ត្រៃយ៍ពេញលក្ខណៈថ្ងៃនេះ ជាលើកទីមួយ របស់គណបក្សសង្គ្រោះជាតិ  ។

លោកថា គណបក្សសង្រ្គោះជាតិ គាំទ្រសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមកលើកម្ពុជា ដើម្បីឱ្យមានការអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

លោកបន្ថែមថា កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សង្រ្គោះជាតិ ដែលកំពុងរៀបចំការចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី ពោលគឺលោកថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនេះ បានអនុម័តកិច្ចការចំនួនប្រាំ ដែលគណបក្សនេះត្រូវធ្វើ ។

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់ថា គណបក្សនេះមានមនុស្សសម្រាប់ទទួលខុសត្រូវលើការសម្រេចនូវកិច្ចការទាំង ៥ នេះ ។

យ៉ាងណា ការប្រកាសរៀបចំផែនការនៃការវិលចូលកម្ពុជារបស់លោក សម រង្ស៊ី នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានអះអាងថា កម្ពុជាត្រៀមកម្លាំងជាស្រេចសម្រាប់ចាប់លោក សម រង្ស៊ី គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ តែនៅពេលចុង​ក្រោយនេះ គឺនៅថ្ងៃទី ១៤ មករា សម្ដេចបាន បង្ហើបពីការចង់ចរចាជាមួយសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យធូរស្រាល សភាពការណ៏នយោបាយដែលនាំអោយ គណបក្សសង្រ្គោះជាតិ អាចរស់ឡើងវិញ។ 

ស្របពេលនេះ សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន  បានបង្ហាញជំហររបស់ខ្លួនពាក់ព័ន្ធនឹងការគាំទ្រលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ហើយក៏ស្វាគមន៍លោកចូលមកកម្ពុជាយ៉ាងឱឡារឹកផងដែរ ។

អ្នកវិភាគថា ប្រសិនបើលោក សម រង្ស៊ី វិលចូលកម្ពុជា អាចនឹងមានច្រកចេញនយោបាយកម្ពុជាឱ្យធូរស្បើយឡើងវិញ ។ លោក សម រង្ស៊ី ធ្លាប់នីរទេសខ្លួនពីការចាប់ខ្លួន ចំនួន៤លើកមកហើយ ។ តែមុនលោក ចូលកម្ពុជា វិញ លោកតែងតែ ទទួលបានការបើកភ្លើងខៀវពីសម្ដេចនាយករដ្ឋមន្រ្តី និងការលើកលែងទោស ដោយព្រះមហាក្សត្រ ។

កាលលោកវិលមកវិញ នៅថ្ងៃ​ទី ១៩ កក្កដា ឆ្នាំ២០១៣ គឺមុនមួយសប្ដាហ៍នៃការបោះឆ្នោតសភានីតិកាលទី៥ គឺជា​ឆន្ទួៈរបស់លោកផ្ទាល់ តែក្រោយបន្តិចមានការលើកលែងទោស ដោយព្រះមហាក្សត្រ ។ កាលវិលវិញរបស់លោកសមរង្ស៊ីនៅពេលនោះ មានអ្នកគាំទ្រ ជិតមួយលាននាក់មក​ទទួលលោក ។ តាមអ្នកវិភាគ លោកសមរង្ស៊ី វិលមកវិញ ទំនងលោកចង់បង្ហាញ ឆន្ទៈ​លោក​ជាថ្មីទៀតដោយសង្ឃឹមថា នឹងអ្នកគាំទ្រមកទទួលលោកដូចឆ្នាំ២០១៣ ។ តែបែបនេះក្ដី អាជ្ញាធរកម្ពុជា ដូចជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃធ្លាប់​ព្រមានការ​អនុវត្តទោស ចាប់ខ្លួនលោកសមរង្ស៊ី បើអ្នកនយោបាយ ដែលលោកខាងលិចគាំទ្ររូបនេះ វិលចូលកម្ពុជាមែននោះ ៕

អត្តបទដោយ៖ សោម លាភ

Share

Image Not Found
Image

ព័ត៌មានទាក់ទង