ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរបង្ហាញនៅលើទំព័រហ្វេសបុករបស់ខ្លួនថា នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន ពិបាកនឹងដោះស្រាយបញ្ហារបស់លោក កឹម សុខា ដែលលោក ហៅថា «លោកហ៊ុន សែនទាល់ច្រកក្នុងការរកដំណោះស្រាយករណី កឹម សុខា »។ តែអ្នកនាំពាក្យបក្សកាន់អំណាចថា លោកមិនខ្វល់ពីសម្ដីរបស់ លោក សម រង្ស៊ី នោះទេ ។
រាយការណ៍ដោយលោក សោម លាភ
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ នៅតែបន្តសរសេរតាមរយៈទំព័រហ្វេសបុកដែលបង្ហាញអំពីបរាជ័យ ឬបញ្ហារបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេច ហ៊ុន សែន ដែលឡើងដឹកនាំអំណាចនៅកម្ពុជាបន្តក្នុងអាណត្តិទី ៦ នេះ ។
លោក សម រង្ស៊ី បន្តការសរសេររិះគន់ម្ដងហើយម្ដងទៀត បើទោះបីជាសម្ដេច ហ៊ុន សែន បញ្ជាក់ជាច្រើនលើកហើយថា សម្ដេច មិនឆ្លើយឆ្លងជាមួយលោកបន្តទៀតទេ ព្រមទាំងសម្ដេចធ្លាប់បោះសម្ដីថា ការសរសេរតាមទំព័រហ្វេសបុករបស់លោក សម រង្ស៊ី គឺដោយសារតែគ្មានការងារធ្វើប៉ុណ្ណោះ ។
មកដល់ថ្ងៃនេះ គឺជាសប្ដាហ៍ទី ៣ នៃឆ្នាំថ្មី ឆ្នាំ ២០១៩ នឹងជាថ្ងៃ ដែលសហភាពអឺរ៉ុប ចាប់ផ្ដើមដកការអនុគ្រោះពន្ធអង្ករពីកម្ពុជាជាស្ថាពរ។
លោក សម រង្ស៊ី បានចេញលិខិតមួយទៀត ដែលមាន ៥ ចំណុចធំៗ៖
ចំណុចផ្ដើមទី ១ របស់លោក សម រង្ស៊ី គឺលោកមិនភ្លេចទេ ក្នុងការបង្ហាញអំពីស្ថានភាព និងភាពរឹងមាំនៃដៃគូនយោបាយស្លាប់រស់របស់លោក គឺលោក កឹម សុខា ហើយក៏ជាស្ថាបនិកក្នុងការបង្កើតគណបក្សសង្រោះជាតិ ដែលលោក កឹម សុខា កំពុងតែរស់នៅក្នុងផ្ទះរបស់លោក ក្រោមការត្រួតពិនិត្យរបស់តុលាការកម្ពុជា ។
លោក សម រង្ស៊ី ថាទិដ្ឋភាពរស់នៅរបស់លោក កឹម សុខា ថា ជាការឃុំខ្លួននៅក្នុងផ្ទះ ដែលការហៅបែបនេះត្រូវបានបដិសេធជាច្រើនដងពីអាជ្ញាធរកម្ពុជា និងមន្ត្រីរបស់រាជរដ្ឋាភិបាល រួមទាំងសហមេធាវីការពារក្ដីឱ្យលោក កឹម សុខា ។
ជាក់ស្ដែង លោក សម រង្ស៊ី បញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា មិនអាចដោះស្រាយបានក្នុងករណីរឿងក្ដីលោក កឹម សុខា បានទេ ។
លោក បញ្ជាក់ពីមូលហេតុពាក់ព័ន្ធនឹងករណីនេះ គឺមាន៥ ចំណុចដោយលោកធ្វើការ ពន្យល់ដូចនេះថា៖
១- ដោះលែង កឹម សុខា ក៏មិនបាន ពីព្រោះខ្លាច កឹម សុខា ទៅដឹកនាំគណបក្សសង្គ្រោះជាតិវិញ ជាមួយ សម រង្ស៊ី ហើយធ្វើឲ្យគណបក្សនេះ ផុសផុលឡើងវិញ ដូចកាលពីមុនឆ្នាំ ២០១៧ ។ ចង់បំបែក កឹម សុខា ពី សម រង្ស៊ី ក៏បំបែកមិនបាន ពីព្រោះទាំងប្រជារាស្ត្រ ទាំង សម រង្ស៊ី និងទាំង កឹម សុខា ខ្លួនឯង នៅតែរក្សាគោលជំហរ “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ។
២- មិនដោះលែង កឹម សុខា ក៏មិនបាន ពីព្រោះខ្លាចទទួលទណ្ឌកម្ម ពីអន្តរជាតិ ដែលទាមទារការដោះលែង កឹម សុខា ហើយនេះជាលក្ខខណ្ឌទី ១ របស់គេ ។
៣- កាត់ទោស កឹម សុខា ក៏មិនបាន ពីព្រោះរកភស្តុតាងចោទប្រកាន់មិនបាន ។
៤- មិនកាត់ទោស កឹម សុខា ក៏មិនបាន ពីព្រោះបើមិនកាត់ទោសទេ តាមផ្លូវច្បាប់ ត្រូវតែដោះលែង កឹម សុខា មុនថ្ងៃ ៣ មីនា ២០១៩ ។
៥- សូមឲ្យព្រះមហាក្សត្រលើកលែងទោសឲ្យ កឹម សុខា ក៏មិនបាន ពីព្រោះគ្មានទោសអ្វីឲ្យលើកលែងផង។ ហ៊ុន សែន ចេះតែចង់យកព្រះមហាក្សត្រ មកធ្វើជាឡប់ឡែ ដូចដែលគាត់បានយកការលើកលែងទោសពីព្រះមហាក្សត្រនេះ មកធ្វើជាឡប់ឡែ ដើម្បីរំដោះខ្លួនគាត់ចេញពីការភ្នាល់គ្នា ជាមួយ សម រង្ស៊ី ។
ករណីលោក កឹម សុខា គឺជាករណីមួយដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានគម្រាមដាក់ទណ្ឌកម្មដោយផ្ដាច់ការអនុគ្រោះពន្ធពីកម្ពុជា ។
ថ្នាក់ដឹងនាំជាន់ខ្ពស់កម្ពុជា តែងតែអះអាង សេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា មិនអាចស្លាប់បានទេ បើទោះបីជាអន្តរជាតិផ្ដាច់ការអនុគ្រោះពន្ធក៏ដោយ ។
សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៤ មករា ប្រកាសថា នឹងកម្ទេចបក្សប្រឆាំងបើអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជាមែននោះ ។
បណ្ដាអ្នកវិភាគ តែងតែបង្ហាញការមើលឃើញថា ប្រសិនបើអន្តរជាតិដាក់សម្ពាធ ឬទណ្ឌកម្មមកលើកម្ពុជា អ្នកដែលរងទុក្ខធំបំផុតនោះគឺពលរដ្ឋកម្ពុជា ។
ដោយឡែក លោក សម រង្ស៊ី បញ្ជាក់ដោយលើកយកការបញ្ចេញមតិ (Comment) នៅលើបណ្ដាញសង្គម របស់មនុស្សបួនាក់ដែលបញ្ចេញមតិម្ដងហើយម្ដងទៀតដែលលោក អះអាងថា ពលរដ្ឋកម្ពុជាភាគច្រើនចង់ឱ្យអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជា ដោយខ្លួនសុខចិត្តទ្រាំមួយគ្រាសិន ។
ជាក់ស្ដែង លោកសរសេរដូចនេះថា «ប្រជាពលរដ្ឋភាគច្រើន នៅកម្ពុជា យល់ឃើញថា បើអន្តរជាតិដាក់ទណ្ឌកម្ម មកលើរបប ហ៊ុន សែន កាន់តែខ្លាំង និងកាន់តែឆាប់: គឺកាន់តែល្អ ។ ប្រជាពលរដ្ឋទាំងនោះ សុខចិត្តលំបាក ហើយសុខចិត្តអត់ទ្រាំ មួយគ្រា ពីព្រោះពួកគាត់ចង់ឲ្យរបប ហ៊ុន សែន ដួលរលំឲ្យឆាប់ ដោយសង្ឃឹមលើទណ្ឌកម្មពីអន្តរជាតិនេះ» ។
ក្រោយពេលដែលលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អ្នកនិយម កឹម សុខា បង្ហាញនូវអាកប្បកិរិយា មិនពេញចិត្តសោះឡើយ ដោយពួកគាត់ថា នេះជាការធ្វើបក្សប្រហារជាដើម ។ ករណីនេះអ្នកវិភាគបានគម្រាមអំពីការបែកបាក់គ្នានៃគណបក្សនេះ បើមិនមានការប្រុងប្រយ័ត្នខ្ពស់ ។
កឹម សុខា និងសម រង្ស៊ី ជាមនុស្សតែមួយ គឺជាឃ្លាមួយដ៏ពេញនិយមរបស់លោក សម រង្ស៊ី និងអ្នកនិយម សម រង្ស៊ី តែងតែនិយាយ ។ ពួកគាត់តែងតែអះអាងថា នេះជាការបង្ហាញអំពីភាពរឹងមាំរបស់ផ្ទៃក្នុងគណបក្សនេះ ។ លោក សម រង្ស៊ី សរសេរថា ភាពរឹងមាំរបស់គណបក្សសង្គ្រោះជាតិ ធ្វើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា មានកំហឹងយ៉ាងខ្លាំង ។
លោក បានសរសេរថា «ហ៊ុន សែន កំពុងតែខឹងសម្បារ ពីភាពរឹងមាំ នៃគណបក្សសង្គ្រោះជាតិ ដែលគាត់មិនអាចបំបែកបាន។ គាត់បានខំឲ្យរដ្ឋសភាទីងមោងរបស់គាត់ ធ្វើច្បាប់មួយពិសេស ដើម្បីអូសទាញមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨ រូប ដែលត្រូវបានតុលាការអាយ៉ងរបស់គាត់ ដកសិទ្ធិធ្វើនយោបាយ កាលពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការអាយ៉ងនេះ រំលាយលើក្រដាស ក្នុងឆ្នាំ ២០១៧។ ទោះបីគាត់ខំសម្លុតផង ខំឲ្យលុយផង និងខំសន្យាឲ្យតំណែងផង តែគាត់បានអូសទាញមន្ត្រីគណបក្សសង្គ្រោះជាតិ ត្រឹមតែ ២ នាក់គត់ (គឺ គង់ គាំ និងកូនប្រុសម្នាក់) លើ ១១៨ នាក់។ នេះជាបរាជ័យមួយដ៏អាម៉ាស់ សម្រាប់ ហ៊ុន សែន ដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិ យល់ឃើញថា គណបក្សសង្គ្រោះជាតិ នៅតែរឹងមាំដដែល ហើយនឹងដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ» ។
លោក សួស យ៉ាង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា កាលពីថ្ងៃទី ១៧ មករា ម្សិលមិញថា ថ្នាក់ដឹកនាំកម្ពុជាលេងគិត ពិចារណាទៅលើសម្ដីរបស់លោក សម រង្ស៊ីទៀតហើយ ព្រោះបុគ្គលម្នាក់នេះធ្វើអ្វីក៏ដើម្បីតែខ្លួនឯងដែរ ហើយលោក ក៏គ្មានការឆ្លើយតបជាមួយនោះទេ ។
គណបក្សប្រឆាំង និងអន្តរជាតិមួយចំនួន ចាត់ទុកថា កម្ពុជាមិនអនុត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក្រោយពេលដែលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ បិទសិទ្ធិសេរីភាពមន្ត្រី ១១៨ រូបនៃបក្សនេះក្នុងការធ្វើសកម្មភាពនយោបាយ និងចាប់ប្រធានគណបក្សនេះដាក់ពន្ធនាគារជាដើម ។ សកម្មភាពទាំងនេះ ធ្វើឡើងមុនពេលដែលកម្ពុជារៀបចំប្រព្រឹត្តទៅនៃដំណើរការនៃការបោះឆ្នោតសភានីតិកាលទី ៦ ដែលបានកន្លងផុតទៅប្រមាណជាជាងកន្លះឆ្នាំមកហើយ ។ ទាំងនេះគឺជាមូលហេតុដែលសហគមន៍អន្តរជាតិ ទាមទារឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ បើពុំនោះទេ ពួកគេនឹងដាក់ទណ្ឌកម្មនៅកម្ពុជា ជាពិសេសគឺទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួនលោក ពាក់កណ្ដាលយប់ ។ យ៉ាងណា ការចាប់ខ្លួនលោក កឹម សុខា គឺក្រោមបទចោទថា ក្បត់ជាតិ ដោយយោងតាមវីដេអូដែលលោក បានថ្លែងសន្ទរកថានៅបរទេស កាលពីថ្ងៃឆ្នាំ ២០១៣ ដែលអាជ្ញាធរមានសមត្តកិច្ចហៅថាជាបទល្មើសជាក់ស្ដែង ។
លោក កឹម សុខា ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងអស់រយៈពេល១ ឆ្នាំ និងប្ដូរលោក មករស់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យ និងតាមដានតាមផ្លូវតុលាការ ។ ការផ្លាស់លោក មកនៅក្នុងផ្ទះនេះ គឺក្រោមហេតុផលថា ដោយសារបញ្ហាសុខភាពរបស់លោក ។
លោក កឹម សុខា ជាប់បម្រាមយ៉ាងតឹងរឹងពីតុលាការ ដោយកំណត់ដែនដីឱ្យលោកដើរ និងមិនឱ្យជួបបរទេសណាមួយដែលពាក់ព័ន្ធនឹងរឿងក្ដី និងជាពិសេសគឺមនុស្សរបស់គណបក្សសង្រ្គោះជាតិ ៕
អត្តបទដោយ៖ សោម លាភ