en     km
en     km

កម្ពុជាស្នើចិនសហការជួយផ្ដល់ជំនាញក្នុងការទប់ស្កាត់គ្រឿងញៀននៅកម្ពុជា

Share

ភ្នំពេញ៖ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន បានស្នើសុំឱ្យ ចិនជួយ សហប្រតិបត្តិការពិនិត្យ បណ្ដុះបណ្ដាលលើការគ្រប់គ្រងបច្ចេកទេស និងការព្យាបាលអ្នកញៀនថ្នាំសម្រាប់ខេត្តព្រះ សីហនុ ដែលជាខេត្តសម្បូរជនជាតិចិនរស់នៅ ។ ការស្នើនេះ ក្រោយពេលដែលចំនួននៃគ្រឿងញៀនមានការកើនឡើងនៅឆ្នាំ ២០១៨ ។

លោក សោមលាភ រាយការណ៍៖

 

នាប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនជនជាតិចិនដែលមាននៅកម្ពុជាកាន់តែច្រើនឡើងៗ ។ ជនជាតិចិនទាំងនោះ អ្នកខ្លះមកធ្វើវិនិយោគ អ្នកខ្លះមកដើម្បីទេសចរណ៍ ហើយគេសង្កេតឃើញថា ខេត្តព្រះសីហនុ និងតំបន់កំពង់សោម មានច្រើនជាងគេ ។

រាជរដ្ឋាភិបាលកម្ពុជាតែងតែអះអាងថា ចិនចូលមកកម្ពុជាមិនមែនជាការខាតបង់របស់កម្ពុជាទេ ផ្ទុយទៅវិញគឺពួកគេមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើនសេដ្ឋកិច្ចនៃប្រទេសនេះ ។ នាយករដ្ឋមន្ត្រីកម្ពុជាថា ជនជាតិចិនទាំងនោះ នឹងត្រឡប់ទៅប្រទេសពួកគេវិញ ក្រោយពេលដែលបញ្ចប់ការងារ ។

ផ្ទុយពីនេះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន បង្ហាញការព្រួយបារម្ភចំពោះវត្តមានជនជាតិចិនដែលចេះតែកើនឡើងឥតឈប់ ។ កង្វល់ដែលពួកគាត់ព្រួយបារម្ភនោះ គឺដោយសារជនជាតិចិនមួយចំនួនតែងតែបង្កភាពរញ៉េរញ៉ៃ ចលាចល អនាធិបតេយ្យ បង្កជាបទល្មើស ជាពិសេសគឺបទល្មើសបច្ចេកវិទ្យា និងគ្រឿងញៀនជាដើម ។

បញ្ហាគ្រឿងញៀន ជាបញ្ហាដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ជាខ្លាំងដើម្បីប្រឆាំង និងទប់ទល់ការរីករាលដាលក្នុងសង្គមកម្ពុជា ។ យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបង្ហាញថា រយៈពេលមួយឆ្នាំកន្លងមក គឺឆ្នាំ ២០១៨ ឃើញថា បទល្មើគ្រឿងញៀនមានការថយចុះជាង ១០០ ករណី ពោលគឺមានចំនួនជាង ៨០១៨ ករណី ។

បើទោះបីជាបទល្មើសមានការថយចុះក៏ពិតមែន តែមានការកើនឡើងនូវចំនួនគ្រឿងញៀនទៅវិញ ពោលគឺសមត្តកិច្ចចាប់បានគ្រឿងញៀនចំនួន ៥៣៣ គីឡូក្រាម កើនចំនួន ៣៦០ គីឡូក្រាម បើធៀបទៅនឹងឆ្នាំ ២០១៧ ដែលមានចំនួន ១៧៣ គីឡូក្រាម ។

យ៉ាងណាមិញ លោក កែ គឹមយ៉ាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ បានអនុញ្ញាតិឲ្យឯកអគ្គរដ្ឋទូតនៃសាធរណៈរដ្ឋប្រជាមានិតចិនថ្មី ប្រចាំនៅកម្ពុជា ជួបពិភាក្សារការងារ នៅទីស្តីការ គណៈរដ្ឋមន្រ្តី។

នាឱកាសជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើភាគីចិនដោយឱ្យបន្តអនុវត្តឲ្យបានជោគជ័យទៅតាមស្មារតីដែលបានព្រមព្រៀងគ្នាកន្លងមក លើការងារត្រួតពិនិត្យគ្រឿងញៀន ។

ជាងនេះទៅទៀត លោកបានស្នើឱ្យភាគីចិនបន្តការគាំទ្រដល់ដំណើរការសាងសង់ និងបំពាក់នូវឧបករណ៍ សម្ភារៈបច្ចេកទេសដល់ មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ព្រមទាំងជួយធ្វើការបណ្តុះបណ្តាលលើការងារគ្រប់គ្រង និងបច្ចេកទេសព្យាបាលអ្នកញៀនគ្រឿងញៀន ។

លោក កែ គឹមយ៉ាន ចង់ឱ្យភាគីចិនជួយគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើ សហគមន៍ តាមរយៈការជួយពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋាន ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនចង់ឱ្យមានកម្មវិធីទស្សនៈកិច្ចនៅចិនដើម្បីជាបទពិសោធន៍សម្រាប់កម្ពុជា ។

យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គាំទ្របន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យបានរឹងមាំ ស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត ។ យ៉ាងណាភាគីចិន ក៏នឹងរៀបចំឲ្យមានដំណើរទស្សនកិច្ចជាផ្លូវការ ជូនគណៈប្រតិភូរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាធារណរដ្ឋប្រជាមានិតចិន តាមការចង់បានរបស់ឧបនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ៕

អត្តបទដោយ៖ សោម លាភ

Share

ព័ត៌មានទាក់ទង

Image