តាមរយៈជំរឿនសត្វក្រៀលរបស់ BirdLife WWT NatureLife សហការជាមួយក្រសួងបរិស្ថានរកឃើញថា សត្វក្រៀលកំពុងមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីងជាង១០០ក្បាល។ ចំណែកអង្គការ BirdLife Cambodia វិញរកឃើញសត្វស្លាបជិតផុតពូជជាង២៧សម្បុកកំពុងមានវត្តមាននៅតំបន់ដែនជម្រុកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច។

យ៉ាងតិចណាស់សត្វក្រៀលជាង ១០០ក្បាលបានរកឃើញនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង។ នេះជាការរកឃើញតាមរយៈការធ្វើជំរឿនសត្វក្រៀលលើកទី១ សម្រាប់ឆ្នាំ២០១៨ និង២០១៩ របស់ក្រុមការងារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង ស្ថិតនៅក្នុងខេត្តតាកែវ ជាប់ព្រំប្រទល់ប្រទេសវៀតណាម។
ការធ្វើជំរឿនសត្វក្រៀលនេះ ធ្វើឡើងជារាល់រដូវកាលចាប់ពីខែធ្នូ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ ដោយកំណត់យកពីរថ្ងៃចុងក្រោយនៃខែនិមួយៗ។
ការធ្វើជំរឿននេះ ធ្វើឡើងក្នុងគម្រោងអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង សហការអនុវត្តដោយអង្គការ BirdLife WWT NatureLife និងក្រសួងបរិស្ថាន។
ក្រៅពីជំរឿនលើសត្វក្រៀលនេះ អង្គការ BirdLife Cambodiaក៏បានធ្វើអង្កេតតាមដានសត្វស្លាបជិតផុតពូជផងដែរ ដោយរកឃើញសត្វស្លាប់ជិតផុតពូជ ២៧សម្បុកមានវត្តមាននៅតំបន់ដែនជម្រុកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច។
តាមលទ្ធផលនៃការអង្កេតតាមដាននិងការពារសំបុកពងកូនសត្វស្លាបជិតផុតពូជឆ្នាំ២០១៨ បង្ហាញថា ឆ្នំានេះក្រុមសិក្សាស្រាវជ្រាវជីវះចម្រុះនៅដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិច បានស្រាវជ្រាវនិងតាមដានយ៉ាងសកម្មលើសត្វស្លាបជិតផុតពូជ ៥ប្រភេទ។ ជាលទ្ធផល យើងរកឃើញសំបុកត្រយ៉ងយក្សចំនួន ១៦ ក្នុងនោះ ១២សំបុកញាស់បានកូន ១៧ក្បាល។ ចំណែកសំបុកសត្វត្មាតរកឃើញចំនួន ១១សំបុក ៩សំបុកជាត្មាតត្នោត និង២សំបុកត្មាតភ្លើង។
លើសពីនេះទៀត នៅថ្ងៃទី ១៥ ខែតុលា ឆ្នំាំ២០១៨ កន្លងទៅ ក្រុមសិក្សាស្រាវជ្រាវជីវះចម្រុះប្រចាំនៅដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិចបានធ្វើជំរឿនសត្វត្រយ៉ងចង្កំកសសរុបចំនួន ៣២០ក្បាលផងដែរ។
សូមជំរាបជូនថា ដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិច ជាដែនជម្រកសត្វព្រៃចំនួនពីរក្នុងចំណោមដែនជម្រកទាំងអស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងតាមអនុក្រឹត្យ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ព្រៃឈើភាគខាងលិចសៀមប៉ាង ជាតំបន់ព្រៃឈើដែលមានសារះសំខាន់មួយដែលនៅសេសសល់ក្នុងពិភពលោកសម្រាប់ធ្វើការអភិរក្សជីវចម្រុះ និងជាតំបន់មានសក្កានុពលសម្រាប់ការរស់នៅរបស់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសក្រុមប្រភេទសត្វព្រៃជិតផុតពូជ រួមមានត្រយ៉ងចង្កំកស ត្រយ៉ងយក្ស ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ និងប្រភេទសត្វស្លាប់ទទួលរងការគំរាមគំហែងមានដូចជា ប្រភេទសត្វរមាំង និងសត្វខ្ទីងជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នសត្វត្រយងចង្កំកសត្រូវបានគេប៉ាន់ប្រមាណថាមាននៅសេសសល់ប្រមាណត្រឹមតែជាង ១០០០ ក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក។ ក្នុងនោះប្រទេសកម្ពុជា ត្រូវបានគេអះអាងថាមាននៅសេសសល់សត្វត្រយងចង្កំកសច្រើនជាងគេបំផុតក្នុងពិភពលោក ខណៈប្រទេសជិតខាងដូចជាថៃ និងវៀតណាម បានផុតពូជសត្វប្រភេទនេះពីក្នុងព្រៃធម្មជាតិរបស់ខ្លួនអស់ទៅហើយ។ ចំណែកប្រទេសឡាវត្រូវបានគេអះអាងថា នៅមានចំនួនតិចតួចបំផុត៕