ភ្នំពេញ៖ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ លោក បណ្ឌិត មាស នី សរសេរលើទំព័រហ្វេសបុករបស់លោក ហាក់ដូចជាការព្រមាន ទៅមន្ត្រីគណបក្សសង្គ្រោះជាតិពីការឈានទៅរកការបែកបាក់ បើមិនឱ្យតម្លៃលើការសាមគ្គីភាពផ្ទៃក្នុង។
លោក បណ្ឌិត មាស នី បានសរសេរបែបនេះដើម្បជាការដាស់តឿនដល់គណបក្សសង្គ្រោះជាតិឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងស្ថានភាពនយោបាយដែលកំពុងប្រែប្រួល។
ក្នុងសាររបស់លោក កាលពីថ្ងៃទី៣១ធ្នូ លោកបណ្ឌិត មាស នី បានអំពាវនាវឱ្យគណបក្សសង្គ្រោះជាតិ ត្រូវអង្គុយរួមគ្នាឬជួបជុំគ្នាដើម្បីធ្វើការឆ្លើយតបទៅនិងអ្វីដែលជាការវិវត្តន៍នយោបាយនាពេលថ្មីៗនេះ មិនមែនចំណាយពេលច្រើនពេកក្នុងការប្តឹង និងលាបពណ៌ដាក់គ្នាដែលជាអ្នកមាននិន្នាការនយោបាយ នៅក្នុងបក្សជាមួយគ្នានោះទេ ។
ការអំពាវនាវរបស់អ្នកសិក្សាការអភិវឌ្ឍសង្គមរូបនេះ ក្រោយពេលដែលស្ថានភាពសាមគ្គីភាពនៃមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ហាក់ដូចជាមិនមានបច្ច័យល្អនោះទេ ។ ការមើលឃើញបែបនេះ ខណៈ វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលបើកផ្លូវអោយអ្នកនយោបាយ ១១៨រូបមានសិទ្ធិធ្វើ់នយោបាយវិញ តាមរយៈការស្នើសុំពីនាយករដ្ឋមន្ត្រី ថ្វាយទៅព្រះមហាក្សត្រ។
តែយ៉ាងណា លោក សម រងស្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តែងតែអះអាងតាមរយៈសំណេរ និងវីដេអូ លើទំព័រហ្វេសបុករបស់លោកនូវពាក្យមួយឃ្លាមានន័យថា« សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ» គ្មានអ្នកណាអាចបំបែកបំបាក់បាន ។
នៅលើទំព័រហ្វេសបុក លោកសមរង្ស៊ី បានបង្ហើបថា មានបុគ្គលពីរប៉ុណ្ណោះដែលកំពុងស្នើសុំការផ្ដល់សិទ្ធិនយោបាយឡើងវិញ។លោកសមរង្ស៊ីមិនបាន ប្រាប់ថា អ្នកនយោបាយ២រូបនោះ មានឈ្មោះអ្វីនោះទេ តែកន្លងមកលោកគង់គាំ អ្នកនយោបាយជើងចាស់របស់គណបក្ស ប្រឆាំង តែងតែបង្ហើបថា លោកនឹងសុំសិទ្ធិធ្វើនយោបាយឡើងវិញ៕
អត្តបទដោយ៖ សោម លាភ