en     km
en     km

ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយដើម្បីពិនិត្យវិសោធនកម្មច្បាប់ទាក់ទិន CNRP

Share

ភ្នំពេញ៖តាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៨ ឱ្យដឹងថា ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្ដៃយ៍ ដើម្បីពិនិត្យសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់គណបក្សនយោបាយដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាតិសិទ្ធិធ្វើនយោបាយ ឱ្យមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

ក្រៅពីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ក្នុងសម័យប្រជុំនេះ ព្រឹទ្ធសភា ក៏ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច និងកំណត់របៀបវារៈ ក៏ដូចជាកាលបរិច្ចេទ សម្រាប់សម័យប្រជុំលើកទី២ នៃព្រឹទ្ធសភា នីតិកាលទី៤ ផងដែរ។

សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន ៨៧រូប ដោយធ្វើវិសោធនកម្មទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។

សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ មាត្រា​៤៥​ ថ្មី​(​ស្ទួន​)​  មានខ្លឹមចែងថា​៖​ «បុគ្គលដែល​ត្រូវ​តុលាការ​សម្រេច​ ហាមឃាត់​ការ​ធ្វើ​សកម្មភាព​ នយោបាយ​ មិន​អាច​បង្កើត​ គណបក្ស​នយោបាយ​ ឬ​ចូលរួម​ក្នុង​គណបក្ស​ នយោបាយ​ណាមួយ​ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ​ ឬ​ប្រឆាំង​ គណបក្ស​ណាមួយ​បាន​ឡើយ​។ ​បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​ បន្ទាប់​ពី​ផុត​រយៈពេលនៃ​ការ​ហាមឃាត់​កំណត់​ ដោយ​សាលដីការ​របស់​តុលាការ​កំពូល​ ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​ តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»។​

បញ្ជាក់ផងដែរថា សេចក្តីស្នើច្បាប់ខាងលើ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងដោយឥតកែប្រែ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ បន្ទាប់ពីពិនិត្យរួចរាល់ដោយគណៈកម្មការជំនាញ៕

Share

ព័ត៌មានទាក់ទង

Image