ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចនរោត្តមសីហមុនី កាលពីព្រឹកថ្ងៃពុធទី១៩ធ្នូនេះបាន ទៅធ្វើទស្សនកិច្ចនៅវៀតណាមដែលជាទស្សនកិច្ចផ្លូវរដ្ឋ។ មួយថ្ងៃមុនយាងទៅកាន់ប្រទេសវៀតណាម ព្រះមហាក្សត្របានផ្ញើព្រះរាជសារជូនជនរួមជាតិ អំពីព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គហើយ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ដ្រីនៃប្រទេសវៀតណាម ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
ព្រះរាជសាររបស់ព្រះមហាក្សត្រកាលពីថ្ងៃទី១៨ ខែធ្នូ ឲ្យដឹងថាដំណើរ ទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃសុក្រទី២១ ខែធ្នូ ក្នុងទីក្រុងហាណូយ។
នាយករដ្ឋមន្ដ្រី ង្វៀន សួនហ្វ៊ុក បានអះអាងថា វៀតណាមបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះមហាក្សត្រ។
កាលពីដើមខែធ្នូឆ្នាំ២០១៨ លោក ហ៊ុន សែន ក៏បានដឹកនាំគណៈប្រតិភូរបស់ខ្លួនទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងបំណងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ។
អំឡុងទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនៅពេលនោះ សម្ដេចបានប្រាប់ដល់ភាគីវៀតណាមថា កម្ពុជានឹងមិនអនុញ្ញាតឲ្យរដ្ឋាភិបាលបរទេសណាមួយបោះទីតាំងយោធាក្នុងទឹកដីរបស់ខ្លួននោះឡើយ។
ការអះអាងរបស់សម្ដេច ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនៅពេលនោះ ធ្វើឡើងក្រោយពីសារព័ត៌មាន The Asia Times ចុះផ្សាយថា កម្ពុជាអាចក្លាយជាចំណុចកណ្តាលនៃសង្គ្រាមត្រជាក់ថ្មី ដោយសារកម្ពុជាកំពុងផ្តល់លទ្ធភាពឲ្យប្រទេសចិនបោះទីតាំងមូលដ្ឋានទ័ពជើងទឹករបស់ចិនក្នុងខេត្តកោះកុង។
សម្ដេចខហ៊ុន សែនក៏បានច្រានចោលដោយអះអាងថា កម្ពុជាគ្មានការចាំបាច់ណាមួយដែលត្រូវការវត្តមានកងទ័ពប្រទេសដទៃនៅលើទឹកដីរបស់ខ្លួនឡើយ ហើយរដ្ឋធម្មនុញ្ញរបស់កម្ពុជាក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជានោះដែរ។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលអះអាងថាព័ត៌មានអំពីបញ្ហាមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅកម្ពុជាអាចធ្វើឲ្យប៉ះទង្គិចដល់សន្តិសុខតំបន់ទាំងមូល
ជាការកត់សម្គាល់នៅចុងឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំនិងមន្ដ្រីជាន់ខ្ពស់កម្ពុជា បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម។ ក្នុងនោះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានធ្វើទស្សនកិច្ចនៅវៀតណាម ពីរថ្ងៃ គឺកាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ខែវិច្ឆិកា និងក្រោយមកទៀតសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន អញ្ជើញទៅប្រទេសវៀតណាម ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ដើមខែធ្នូឆ្នាំ២០១៨នេះ៕