ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨នេះ រដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកបានរកឃើញភ្លុកដំរីទម្ងន់ប្រមាណជាង ៣ តោនដែលឈ្មួញលាក់ទុកក្នុងទូរកុងតឺន័រ។
យោងទៅតាមបណ្តាញសង្គមហ្វេសបុកស្ថានទូតអាមេរិក កាលពីថ្ងៃ សៅរ៍ បានឲ្យដឹងថាការស៊ើបអង្កេតផ្នែកជលផល និង សត្វព្រៃបានផ្តល់ព័ត៌មានដល់នាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាទើបឈានដល់ការរកឃើញភ្លុកដំរីជាង ១ ពាន់ដុំ ដែលមានទម្ងន់ប្រមាណ ៣៥០០ គីឡូក្រាមទុកចោលនៅក្នុងទូរកុងតឺន័រនៅកំពុងផែស្វយ័តភ្នំពេញ។
បើតាមលោក ស៊ុន ឆាយ ប្រធានសាខាគយកំពង់ផែស្វយ័តភ្នំពេញអះអាងប្រាបកាសែតក្នុងស្រុកកាលពីថ្ងៃសៅរិ៍នេះថា ភ្លុងដំរីនោះមាន ១០២៦ ដុំ ត្រូវបានឈ្មួញនាំពីកំពង់ផែឈ្មោះ ម៉ាឡាកា នៅប្រទេសមូហ្សំប៊ិក ចាប់តាំងពីខែកក្កដា ក្នុងឆ្នាំនេះ។
លោក កែវ អូម៉ាលីស្ស អ្នកនាំពាក្យរដ្ឋបាលព្រៃឈើបានថ្លែងថាកម្ពុជាមានផែនការទប់ស្កាត់ការនាំចូលភ្លុកដំរីដោយមាននាយកដ្ឋានគយ និងមន្ត្រីនគរបាលសហការជាមួយប្រទេសនៅអាហ្វ្រិក និងអង្គការដៃគូអន្តរជាតិទើបធ្វើឲ្យងាយស្រួលទប់ស្កាត់ និងបង្ក្រាបភ្លុកដំរី។
កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៦ សមត្ថកិច្ចកម្ពុជាក៏ធ្លាប់បានរកឃើញ ភ្លុកដំរី កន្ទុយ ឆ្អឹងខ្លា និងស្រកាពង្រូលនៅក្នុងទីតាំងផែស្ងួតភ្នំពេញផងដែរ ដែលបង្កប់ជាមួយឈើក្នុងកុងតឺន័រចំនួន ២ ដឹកពីក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញភ្លុកដំរី ៦៤០ ដុំទម្ងន់ ១,៣ តោន ស្រកាពង្រូលជាង ១៣៧,៦ គីឡូក្រាម ឆ្អឹងខ្លា ជាង ៨២ គីឡូក្រាម និងកន្ទុយដំរី ទម្ងន់ជិត ៥ គីឡូក្រាម៕