រាជាណាចក្រថៃនឹងបោះឆ្នោតសភា ជាលើកដំបូងនៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០១៩ បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ២០១៤ ដែលឧត្តមសេនីយ៍ បា្រយុទ្ធចាន់អូចា បានក្លាយជានាយករដ្ឋន្ត្រីរដ្ឋប្រហារ។ ប្រជាជនថៃ ដែលមាននិន្នាការខុសៗគ្នា កំពុងស្ថិតនៅក្នុងស្ថានភាពស្ងៀមស្ងាត់ ដោយមិនបានប្រកាសថាពួកគេនឹងជួបជជុំសកម្មភាពនយោបាយនៅពេលណាទេ ទោះជា ពួកគេស្វាគមន៍ការបើកឱ្យពួកគាត់មានសេរីភាពនិយោបាយក៏ដោយ។
អ្វីដែលនាំឱ្យពួកគេស្ថិតក្នុងជំហរបែបនេះ ទំនងព្រោះតែ លោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ដែលជាមេដឹកនាំរដ្ឋប្រហារ បានបង្ហាញជំហរជាថ្មីម្ដងទៀតថា លោកចង់ក្លាយជាអ្នកនយោបាយពេញលេញ ដើម្បីប្រកួតការបោះឆ្នោតខាងមុខនេះ។
នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ទីជនបទ កាលពីថ្ងៃពុធទី១២ធ្នូ ម្សិលមិញនេះ លោកប្រាយុទ្ធបានថ្លែងទៅកាន់ហ្វូងមនុស្ស ប្រមាណជា៥ពាន់នាក់ថា លោកនឹងជាអ្នកនយោបាយនៅពេលឆាប់ៗនេះ ព្រោះពេលនេះ ជាឱកាសដែលពលរដ្ឋនិងបក្សនយោបាយ ទទួលបានការការពារ ក្នុងការធ្វើសកម្មភាពដើម្បីឆ្ពោះទៅរកការបោះឆ្នោត។ គេមិនទាន់ដឹងថា លោកប្រាយុទ្ធដែលត្រូវចូលនិវត្តន៍ពីក្រមខណ្ឌយោធា ក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្លាយជាមេបក្សនយោបាយណាមួយពិតប្រាកដទេ។ ប៉ុន្តែលោកបានព្រលយពាក្យថា គណបក្សថ្មីមួយឈ្មោះថា Palang Pracharath (PPRP) នឹងជាជម្រើសល្អរបស់លោក ដែលត្រូវសម្រេចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់បក្សនេះ។ លោកបញ្ជាក់ថា ក្នុងអន្តរកាលនេះ លោកជាមនុស្សអព្យាក្រឹត្យដោយមិនធ្វើការងារដើម្បីបក្សណាមួយឡើយ។
តាមបណ្ដាញផ្សាយព័ត៌មានBang Kok Post គណបក្សនយោបាយយ៉ាងតិចជាង១១០នឹង ដាក់ពាក្យសុំការប្រកួត នៅក្នុងការបោះឆ្នោតខាងមុខនេះក្នុងនោះក៏មានគណបក្ស Palang Pracharath ដែលគេជឿថា ជាបក្សមួយបង្កើតឡើងដោយក្រុមយោធា។
តាមទម្លាប់ ពលរដ្ឋថៃ មានជម្រើសពីរ ក្នុងការធ្វើសេចក្ដីសម្រេចចិនដើម្បីទម្លាក់សន្លឹកឆ្នោត គឺគណបក្សភឿថៃ ដឹកនាំដោយលោកស្រីយីងឡាក់ ដែលពួកយោធាទំលាក់ក្នុងរដ្ឋប្រហារនៅខែឧសភា ឆ្នាំ២០១៤ និងគណបក្សប្រជាធិបតេយ្យ ដឹកនាំដោយ លោកអាប់ភីស៊ីត។តែគណបក្សប្រជាធិបតេយ្យ ត្រូវគេរំពឹងថា នឹងក្លាយជាសម្ព័ន្ធភាពរបស់គណបក្ស Palang Pracharath ដែលពួកយោធានៅពីក្រោយ។
តែយ៉ាងណាពលរដ្ឋថៃ ដែលនិយមគណបក្សធំពីរនេះ នៅមិនទាន់ប្រតិកម្មឬ បង្ហាញសកម្មភាពថាត្រូវធ្វើសកម្មភាពនយោបាយ ដើម្បីអបអរសាទរ ការលុបចោលបំរាមនយោបាយនោះនៅឡើយទេ។
កាលពីថ្ងៃម្សិលមិញ ក្រុមប្រឹក្សាយោធាបាន សម្រេចលុបចោលបំរាមនយោបាយ ដោយប្រកាសថា ចាប់ពីថ្ងៃទី១១ ធ្នូឆ្នាំ២០១៨នេះ តទៅគឺបក្សនយោបាយទាំងអស់អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញបាន តែ ការឃោសនា ដើម្បីរកសន្លឹកឆ្នោត រហូតដល់ទី៣មករា ឆ្នាំ២០១៩ ទើបអនុញ្ញតឱ្យមានការឃោសនា៕