ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំហរមិនគាំទ្រចំពោះភាពមានះរបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាដែលជំរុញ ឱ្យអាមេរិបន្ថែមការដាក់ទណ្ឌកម្មមកលើកម្ពុជា ។ លោក ផៃ ស៊ីផាន បានហៅវត្តមានរបស់លោក Patrick Murphy ថា គ្មានប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា និងអាមេរិក។ តែអ្នកវិភាគថាអ្នកការទូតអាមេរិកជើងចាស់រូបនេះមានឥទ្ធិពលលើតំបន់អាស៊ីអាគ្នេយ៌។លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖
លោក William A. Hedt បានបញ្ចប់បេសកម្មរបស់ខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
បន្ទាប់ពីមានការបញ្ចប់អាណត្តិរបស់នរណាម្នាក់ គឺត្រូវមានអ្នកជំនួសតួនាទី និងដំណែងនេះ។ លោក Patrick Murphy ជាបេក្ខជនដែលត្រៀមខ្លួនចូលមកជំនួសលោក William A. Hedt ។ មុនពេលលោក Patrick Murphy ចូលមកបំពេញបេសកម្មរបស់ខ្លួន មានដំណឹងថា លោក នឹងជម្រុញឱ្យអាមេរិកដាក់ទណ្ឌកម្មបន្ថែមលើកម្ពុជា ដើម្បីសា្ដរលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ៥ ខែធ្នូនេះថា កម្ពុជានឹងមិនស្វាគមន៍នូវគោលជំហររបស់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះទេ ហើយការធ្វើបើបែបនេះគឺ វត្តមានរបស់ឯកអគ្គរដ្ឋទូតរូបនេះ គឺគ្មានប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះទេ។
លោក ផៃ ស៊ីផាន៖«បើសិនជាគាត់និយាយដូច្នេះមែន គាត់មិនមែនសម្ដៅលើទិដ្ឋភាពសហប្រតិបត្តិការណ៍នឹងទំនាក់ទំនងល្អនោះទេ គាត់គា្រន់តែមកជាខ្មាំងជាមួយកម្ពុជា ដូច្នេះវត្តមានរបស់លោកមិនមានបានប្រយោជន៍អីទេបាទចំពោះកិច្ចសហប្រតិបត្តិការណ៍រវាងប្រជាជាតិទាំងពីរ។ បើសិនជាគាត់មានគោលជំហរអ៊ីចឹងមែនយើងអត់ស្វាគមន៍ទេ »។
លោក បញ្ជាក់ជាថ្មីថា កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនចាំបាច់ធ្វើតាមរដ្ឋផ្សេងឡើយ។ លោកថា កម្ពុជាមានសមត្តភាពគ្រប់បែបយ៉ាងក្នុងការដឹកនាំកម្ពុជាជាមួយនឹងសន្តិភាព ហើយអគ្គរដ្ឋទូតថ្មីរបស់អាមេរិកនៅកម្ពុជានេះ នឹងមិនអាចធ្វើអ្វីឱ្យលើសពីតួនាទី និងភារកិច្ចរបស់ខ្លួននៅកម្ពុជាបានឡើយ។
កាលពីម្សិលមិញ គឺថ្ងៃទី ៤ ខែធ្នូ ក្នុងសវនាការរសួរដេញដោលផ្ទាល់មាត់ ពីគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក លោក Patrick Murphy បានបង្ហាញជំហរគាំទ្រដល់អាមេរិកក្នុងការបន្ថែមការដាក់ទណ្ឌកម្មដល់កម្ពុជាយ៉ាងម៉ឺងម៉ាត់។
លោក Patrick Murphy បញ្ជាក់បែបនេះ មុនពេលដែលលោកនឹងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកពេញសមត្ថភាព ប្រចាំនៅកម្ពុជាជំនួសលោក William A. Heidt។
លោក Patrick ប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា នឹងពិចារណាទៅលើការដាក់ទណ្ឌកម្មដល់កម្ពុជាពាក់ព័ន្ធនឹងការពង្រីកទិដ្ឋាការដល់ក្រុមមន្ត្រីបក្សកាន់អំណាចនៅកម្ពុជាជាដើម។
លោកបញ្ជាក់ថា លោកនឹងពិចារណាគ្រប់មធ្យោបាយទាំងអស់របស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មដល់របបដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ ពោលគឺធ្វើយ៉ាងណា ដើម្បីឱ្យមានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា និងបើកសិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។
វិទ្យុអាស៊ីសេរី បានចុះផ្សាយកាលពីម្សិលមិញថា លោក Patrick បានប្តេជ្ញាចិត្ត ក្នុងការបំពេញមុខងារជាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជានេះ ដោយបន្តធ្វើការតស៊ូមតិដើម្បីឲ្យមានការផ្សះផ្សារវាងអ្នកនយោបាយខ្មែរ។ ជាងនេះ នឹងធ្វើឱ្យកម្ពុជាគោរពតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចប្រឹងប្រែងដើម្បីការពារអធិបតេយ្យរបស់ប្រទេសនេះ។
លោក Matrick នឹងជំរុញកម្ពុជា គោរពនិងអនុវត្តតាមបទដ្ឋានការងារអន្តរជាតិផងដែរ។ លោក ក៏នឹងបន្តយុទ្ធនាការក្នុងការស្វែងរុករកអដ្ឋិធាតុរបស់ទាហានអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជា។
អ្នកវិភាគនយោបាយ និងបញ្ហាសង្គមឯករាជ្យនៅកម្ពុជាប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃដដែលថា កម្ពុជាអាចនឹងកើនឡើងនូវភាពតានតឹងផ្នែកទំនាក់ទំនងជាមួយអាមេរិក ព្រោះឯកអគ្គរដ្ឋទូតរូបនេះ បង្ហាញជំហរបែបនេះ គឺជាអ្វីដែលកម្ពុជាមិនពេញចិត្ត។
តែលោកថា វត្តមានរបស់លោក Patrick Murphy ក៏អាចធ្វើឱ្យកម្ពុជាមានការចរចាជាមួយអាមេរិក និងប្រកាសគោលនយោបាយមួយជាក់លាក់ដែរដោយសារអ្នកការទូតរូបនេះ មានបទពិសោធន៍ ជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៌។
កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា និងអតីតអគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ ធ្លាប់បានជួបពិភាក្សាជាមួយលោក Patrick Murphy អំពីជំហានបន្តដែលសហរដ្ឋអាមេរិកគួរចាត់វិធានការដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កូនស្រីរបស់លោក កឹម សុខា រូបនេះ បានអំពាវនាវឱ្យអាមេរិកសហការជាមួយប្រទេសជប៉ុន ដើម្បីចាត់វិធានការមួយចំនួនមកលើរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលកញ្ញាថា កម្ពុជាកំពុងមានវិបត្តិ។
ក្រោយពីមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាកាលពីចុងឆ្នាំ ២០១៧ និងហាមឃាត់មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះចំនួន ១១៨ រូបមិនឲ្យធ្វើនយោបាយរហូតដល់ទៅ ៥ ឆ្នាំ សហរដ្ឋអាមេរិកបានប្រកាសផ្អាកជំនួយឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
បន្ទាប់មក អាមេរិកបានប្រកាសរឹតបន្តឹងទិដ្ឋាការប្រឆាំងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងព្រមានចាត់វិធានការបន្ថែមទៀត ខណៈសហភាពអឺរ៉ុបក៏បានព្យួរជំនួយដល់ គ.ជ.ប សម្រាប់រៀបចំការបោះឆ្នោតដូចគ្នា។
សហរដ្ឋអាមេរិក ក៏បានបង្កកទ្រព្យសម្បត្តិ និងពង្រីកទិដ្ឋាការដល់មន្រ្តីរបស់បក្សកាន់អំណាចនៅកម្ពុជា ក្នុងនោះមានឈ្មោះនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន និងសម្ដេច ស ខេងថែមទៀតផង។
តែយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា តែងតែអះអាងថា ខ្លួនមិនដែលខ្វល់នឹងការដាក់ទណ្ឌកម្មទាំងនេះនោះទេ ព្រោះពួកលោក មិនមានទ្រព្យសម្បត្តិអ្វីនៅអាមេរិកនោះទេ។ ចំពោះការហាមឃាត់មិនឱ្យចូលទឹកដីអាមេរិក ក៏មន្ត្រីទាំងនេះមិនខ្វល់ដែរ ព្រោះលោកថា មិនមានការអ្វីដែលត្រូវទៅអាមេរិកទេ ហើយវាមិនអស់សោហុយទៅមកផង។
ដោយឡែក សហភាពអឺរ៉ុបកំពុងតែដំណើរការដកការអនុគ្រោះពន្ធមកលើកម្ពុជា បើកម្ពុជាមិនស្ដារលទ្ធិប្រជាធិបតេយ្យទេនោះ។
កន្លងមក នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ធ្លាប់ថ្លែងថា ការចង់ដកការអនុគ្រោះពន្ធពីកម្ពុជាដោយសហភាពអឺរ៉ុបនេះ គឺដោយសារកម្ពុជាមានការអភិវឌ្ឍច្រើហើយ៕
អត្ថបទ៖លោក សោម លាភ