en     km
en     km

បទវិភាគ៖ សម្ដេច ហ៊ុន សែន នឹងត្រូវធ្វើសេចក្ដីសម្រេចចំនួនពីរ ករណីលោក សម រង្ស៊ី ត្រឡប់មកវិញ

Share

ឱសានវាទនៃការកំណត់ភាពឈ្នះចាញ់ក្នុងការភ្នាល់គ្នារវាងសម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី ករណី លោក កឹម សុខា កាន់តែក្លាយជារបៀបវារៈដ៏លិចធ្លោជាងគេ។ ល្បែងភ្នាល់នេះ សម្ដេច ហ៊ុន សែន នឹងត្រូវធ្វើសេចក្ដីសម្រេចចំនួនពីរក្នុងពេលតែមួយករណីលោក ​សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ។ តើល្បែងនេះនឹងជួយបញ្ចប់វិបត្តិនយោបាយដែរទេ?

លោក នួន បូរិន ជូនសេចក្ដីអធិប្បាយ!

ទោះបីឱសានវាទនៅមិនទាន់មកដល់ក៏ដោយតែអ្នកសង្កេតការណ៍មួយចំនួនបានប្រមើមើលថា ល្បែងភ្នាក់នេះ នឹងធ្វើឱ្យគូបដិបក្ខ គឺសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន និង លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិកាន់តែក្លាយជាសត្រូវនឹងគ្នាខ្លាំងឡើងៗ។ តែក៏ធ្វើឱ្យអ្នកនយោបាយឈាមជ័រខ្មែរតែមួយនេះ អាចរកវិធីរំកិលចូលជិតគ្នាកាន់តែខ្លាំងជាងមុន ហើយបើកការចរចាតែម្ដងក្រោមសម្ពាធរបស់សហគមន៍អន្តរជាតិដែលលោក សម រង្ស៊ី មិនអាចចោលបានឡើយ។

ល្បែងភ្នាល់ដែលឥស្សរជនទាំងពីរយកសេរីភាព លោក កឹម សុខា ជាកម្មវត្ថុអាចជាការប្រាប់ទៅសាធារណៈជាតិជាតិនិងអន្តរជាតិថា កម្ពុជា មានទំរង់នៃការដោះស្រាយវិបត្តិនយោបាយ មានច្រើន ប្រភេទគឺមិនមានតែផ្លូវតុលាការនោះទេគឺភ្នាល់គ្នាក៏ជាតាក់តិចនៃការស្វែងរកដំណោះស្រាយដែរ។

ការពិត លោក សម រង្ស៊ី ទេ ជាអ្នកបង្កើតល្បែងនេះឡើង ហើយក្រោយមកទាញឱ្យសម្ដេច ហ៊ុន សែន ហក់ចូលបានភ្លាមតែម្ដងខណៈសម្ដេចឆ្លើយតបតាមការសាកសួររបស់សារព័ត៌មាន Fresh News ។

ល្បែងភ្នាល់៖ «លោកសមរង្ស៊ីសន្យាថាអំឡុងពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨ដល់ថ្ងៃទី៣មីនា ឆ្នាំ២០១៩ បើលោកកឹមសុខាមិនត្រូវបានសម្ដេចហ៊ុនសែនដោះលែងទេ គឺលោកត្រូវស័គ្រចិត្ត ត្រឡប់មកកម្ពុជាវិញ ហើយប្រគល់ខ្លួនឱ្យសមត្ថកិច្ចនាំទៅពន្ធនាគារ»

ល្បែងភ្នាល់៖«សម្ដេចហ៊ុនសែនសន្យាថាបើលោកកឹមសុខាត្រូវបានដោះលែងក្នុងអំឡុងពេលនោះ គឺសម្ដេចត្រូវតែចុះចេញពីតំណែង»

ល្បែងភ្នាល់នេះ ត្រូវបានអ្នកនយោបាយខ្មែរបែកបាក់គ្នានេះ ព្រមព្រៀងថាត្រូវចាប់លេងយ៉ាងពិតប្រាកដ ហើយបានសន្យាឱ្យមានការគោរព ការភ្នាល់ទៀតផង។

លោក សម រង្ស៊ី បន្តវាយប្រហារប្រមុខរាជរដ្ឋាភិបាល

លោក សម រង្ស៊ី អតីតប្រគណបក្សសង្រ្គោះជាតិ ។(Photo credit should read KHEM SOVANNARA/AFP/Getty Images)

 

កាលពីថ្ងៃទី ១៨វិច្ឆិកា លោក សម រង្ស៊ី  ដែលទំនងមិនចង់ឱ្យសម្ដេចហ៊ុនសែន ភ្លេចការភ្នាល់របស់​លោក គឺអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ បានរំលឹកថាកុំក្រឡាស់ពាក្យសំដីដើម្បីដកខ្លួនថយពីការភ្នាល់។

លោក សម រង្ស៊ី បានរំលឹកដូចនេះទៅសម្ដេច ហ៊ុន សែនថា ៖ «ដោយសារតែគាត់ឃើញថា សម្ពាធពីអន្តរជាតិ មកលើគាត់កាន់តែខ្លាំងឡើង ហើយគាត់​ត្រូវ​តែបង្ខំ​ចិត្ត​ដោះ​លែង​លោក កឹម សុខា កាន់តែឆាប់ គាត់ក៏ក្រឡាស់ពាក្យសំដីគាត់ ដើម្បីដកខ្លួនថយ ពី​ការ​ភ្នាល់។ អ្វីដែល​ធ្វើ​ឲ្យ​លោក​ ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោនោះ គឺគាត់​បាន​ដាក់​តំណែង​គាត់​ជា​នាយក​រដ្ឋ​មន្ត្រី​ ជាកម្មវត្ថុ នៃការភ្នាល់នេះ »។

លោក សម រង្ស៊ី បញ្ជាក់បន្ថែមថា សម្ដេច ហ៊ុន សែន​ ប៉ុន​ប៉ង​កែច្នៃ និងក្រឡាច់កម្មវត្ថុ និងលក្ខខណ្ឌនៃការភ្នាល់នេះ ដោយ​អះអាង​ចុង​ក្រោយ​នេះ​ថា ​រឿងនេះ ពាក់ព័ន្ធទៅនឹងការស្នើពីគាត់ ទៅព្រះមហាក្សត្រឲ្យលើក​លែង​ទោស​លោក កឹម សុខា ទៅវិញ។ តាមការពិតការភ្នាល់នេះ អត់​មាន​ពាក់​ព័ន្ធ​ការ​ស្នើ​ទៅព្រះ​មហាក្សត្រ​ឲ្យលើកលែងទោសលោក កឹម សុខា នោះទេ។

សម្ដេច ហ៊ុន សែន ហាក់ស្ងប់ស្ងាត់ប្រតិកម្មនឹងលោកសមរង្ស៊ី

ចាប់តាំងពីផ្ដល់បទសម្ភាសឱ្យសារព័ត៌មាន Fresh  News ដោយយល់ព្រមតាមការបបួលភ្នាល់របស់លោកសមរង្ស៊ី គឺនៅរយៈពេលចុងក្រោយនេះ សម្ដេចហ៊ុនសែន ហាក់ស្ងប់ស្ងាត់ដែលអ្នកខ្លះថា សម្ដេចហាក់ដូចជាតបសំដីនឹងលោកលោក សម រង្ស៊ី បបួលអ្នកមានអំណាចម្នាក់ចុះចេញពីតំណែងក្នុងល្បែងភ្នាល់ដ៏គួរឱ្យចាប់អារម្មណ៍នេះ។

គេសង្កេតឃើញនៅគ្រប់វេទិកាធំៗទាំងជាតិនិងអន្តរជាតិ គឺសម្ដេច ហ៊ុន សែន មិនបានថ្លែងពីល្បែងភ្នាល់របស់សម្ដេចនោះទេ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ ទី ១៩វិច្ឆិកា ប្រមុខរាជរដ្ឋាភិបាលបានយកវេទិកានេះ ឆ្លើយតបនឹងកាសែតបរទេសមួយចុះផ្សាយថា កម្ពុជា អាចជាចំណុចកណ្ដាលនៃសង្រ្គាមត្រជាក់ បើខេត្តកោះកុងក្លាយជាមូលដ្ឋានទ័ពជើងទឹករបស់កងទ័ពចិន។

ក្នុងវេទិកានេះ សម្ដេចថា ក្នុងនាមជាមេដឹកនាំកម្ពុជា គឺកម្ពុជាមិនអាចក្លាយជាសមរភូមិនៃសង្រ្គាមរបស់ទ័ពបរទេសដូចអតីតកាលនោះទេ។ ទោះជាសម្ដេចប្រតិកម្មធ្ងន់បន្តិចក្ដីតែសម្ដេចនៅតែមិនប្រតិកម្មនឹងលោក សម រង្ស៊ី ដែលបានរំលឹកសម្ដេចកុំឱ្យភ្លេចការភ្នាល់គ្នាករណីលោក កឹម សុខា ។

តើសម្ដេច ហ៊ុន សែន ផុងខ្លួនក្នុងការភ្នាល់នេះឬទេ ?

ឥស្សរជនខ្មែរទាំងពីររូបនេះ តែងតែឈ្លោះគ្នា​គ្រប់រដូវកាល​ទៅហើយ។ តែពេលខ្លះក៏មានឱកាសស្និទ្ធស្នាលនឹងគ្នាដែរដូចជាក្រោយបញ្ចប់បរិយាកាសតានតឹង ជាងមួយឆ្នាំដោយសារវិបត្តិនៃការបោះឆ្នោតឆ្នាំ២០១៣ ឃើញថា អ្នកនយោបាយទាំងពីរបានបង្កើតវប្បធម៌សន្ទនាគា្នហើយក្រោយមកបានបបួលគ្នាទៅលេង មហាសង្រ្គានចូលឆ្នាំថ្មីនៅឆ្នាំ២០១៥នៅអង្គរវត្ត។

ពេលនោះឃើញថា​ ទាំងសម្ដេច ហ៊ុន​ សែន និងលោក សម រង្ស៊ី បានក្លាយជាតារាឯករបស់អ្នកនយោបាយបានខ្មែរដោយសង្ឃឹមថា អ្នកនយោបាយខ្មែរលែងឈ្លោះហើយ តែមិនដល់ប៉ុន្មានផង ស្រាប់តែបែកបាក់គ្នាដែលនាំឱ្យលោក សម រង្ស៊ី រងការចាប់ខ្លួនក្នុងសំណុំរឿងចាស់ករណីបរិហារកេរ្តិ៍ ឧបនាយករដ្ឋមបន្ត្រី លោក ហោ ណាំហុង។

បើនិយាយថា សម្ដេចអាចផុងខ្លួននឹងល្បែងភ្នាល់នេះគឺសម្រាប់អ្នកមានអំណាច គឺពិបាកបន្តិចទោះបីល្បិចតាក់តិពេលខ្លះនៅលើគោកក៏ដោយ ក៏អាចកែក្រឡាស់បានដែរគឺ គ្រាន់តែបាត់បង់កិត្តិយសប៉ុណ្ណោះ។ តែយ៉ាងណា បើផុងនឹងល្បែងភ្នាល់នេះគឺនឹងរុញសេនារូយូទៅស្ថាប័នមួយទៀត ហើយចាត់ទុកថា ផុតដែនសមត្ថកិច្ចរបស់ខ្លួន។ នេះគឺសម្រាប់កម្មវត្ថុភ្នាល់ខាងសម្ដេច​នាយករដ្ឋមន្ត្រី។

យ៉ាងណាក៏ដោយ អ្នកទស្សនាគឺជាអ្នកឱ្យពិន្ទុទៅលើគូប្រកួត។ បើគូប្រកូតណាចាញ់ហើយមិនគោរពកិច្ចសន្យា គឺជាការក្បត់នឹងឆន្ទៈខ្លួន។

អ្វីជាការលំបាកសម្រាប់សម្ដេច ហ៊ុន សែន គឺករណី លោក សម រង្ស៊ី វិលចូលប្រទេសវិញ

លោក សម រង្ស៊ី ត្រូវបានចាស់ៗជំនាន់មុនថា ជាកូនពូជមាន់ជល់។ នេះបើគេរាប់ពីជីតា និងឳពុករបស់លោក ជាមន្ត្រីរាជការជាន់ខ្ពស់នៃសម័យអាណានិគមបារាំងនិងសង្គមរាស្ត្រនិយម។

លោក សម រង្ស៊ី បានវិលត្រឡប់ពីភាពនិរទេសខ្លួន គឺយ៉ាងតិចចំនួន ៤លើកមកហើយ។ ការវិលមកវិញរបស់លោកនៅចុងក្រោយគឺនៅថ្ងៃទី១ ៩    កកក្កដា ឆ្នាំ ២០១៣ គឺមុនការបោះឆ្នោតសភានីតិកាលទី៥ ជាងមួយសប្ដាហ៍ប៉ុណ្ណោះ។ លោក វិលមកវិញក្រោមក្រសែភ្នែកអ្នកសង្កេតការជាតិនិងអន្តរជាតិរាប់ពាន់នាក់។ ប៉ុន្តែអ្នកគាំទ្រលោកទៅទទួលលោកពីព្រលានយន្តហោះភ្នំពេញអន្តរជាតិ​ត្រូវបានប៉ាន់ប្រមាណថា ប្រហែលមួយលាននាក់។​

គេនៅចាំបានថា នៅមុន លោក សម រង្ស៊ី វិលចូលប្រទេសវិញ ស្រាប់តែព្រះមហាក្សត្របានប្រទានការលើកលែងទោស តាមសំណើររបស់សម្ដេចនាយករដ្ឋមន្ត្រី។ ក្នុងបទសម្ភាសមួយជាមួយអ្នកយកព័ត៌មាន លោក សម រង្ស៊ី ចាត់ទុកការវិលមកវិញរបស់លោក គឺជាឆន្ទៈទីមួយរបស់លោក។ ចំណែកការលើកលែងទោសពីព្រះមហាក្សត្រកានោះ គឺជាយន្តការទី២ នៃដំណោះស្រាយនយោបាយរបស់លោក។

ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានអ្នកសង្កេតការណ៍មួយចំនួន សន្និដ្ឋានថា ទំនងលោក សម រង្ស៊ី សម្រេចចូលប្រទេសវិញទោះជាលោកចាញ់ក្នុងការភ្នាល់នឹងសម្ដេចហ៊ុនសែនក៏ដោយ។ បើលោក សម រង្ស៊ី សម្រេចវិលមកវិញទាំងមិនទទួលបានការលើកលែងទោស គឺសម្រាប់លើកនេះពិបាកខ្លាំងណាស់។ សម្ដេចហ៊ុនសែនធ្លាប់សន្យាថា បើសម្ដេចយល់ព្រមស្នើព្រះមហាក្សត្រប្រទានការលើកលែងទោស គឺសម្ដេចនឹងកាត់ដៃម្ខាង ចោលទើបអាចទៅរួច។ តែគេក៏នៅចាំថាកាលពីដើមឆ្នាំ ២០១៧ នៅពេលលោក សម រង្ស៊ី ប្រកាសវិលចូលប្រទេស គឺពេលនោះ សម្ដេចនាយករដ្ឋមន្ត្រីបានព្រមានការចាប់ខ្លួនលោកនាំខ្លួនឡើងយន្តហោះត្រឡប់ទៅវិញ ហើយទន្ទឹមនេះក្រសួងអាកាសចរណ៍ស៊ីវិល និងសមត្ថកិច្ចបានចាត់ពង្រឹងច្រកអន្តរជាតិទាំងអស់ដើម្បីឃាឃាំងអតីតប្រធានបក្សប្រឆាំងនេះមិនឱ្យចូលប្រទេស។

សម្រាប់លើកនេះ គឺមានឆន្ទៈចំនួនពីរ ដែលសម្ដេច ហ៊ុន សែន ត្រូវធ្វើសេចក្ដីសម្រេចចិត្តគឺទីមួយ ត្រូវចាប់ខ្លួនលោក សម រង្ស៊ី ហើយនាំទៅពន្ធ នាគារករណីលោកចាញ់ក្នុងការភ្នាល់ និងករណីការអនុវត្តទោស។ តែទីពីរ សម្ដេច ហ៊ុន សែន អាចគិតថា សហគមន៍អន្តរជាតិពិតជាមិនឱ្យមានការចាប់ខ្លួនលោក សម រង្ស៊ី ងាយៗ ហើយនាំទៅឃុំខ្លួនក្នុងពន្ធនាគារនោះទេ។

ករណីនេះ សម្រាប់ សម្ដេច ហ៊ុន សែន ទំនងក៏មិនចង់ប្រឈមធ្ងន់ធ្ងរជាមួយសហគមន៍អន្តរជាតិដែរ ព្រោះករណីលោក កឹម សុខា ​មួយ គឺជារឿងលំបាករួចទៅហើយ។

បើយោងតាមយន្តការទីពីរនេះដែលកម្ពុជា មិនចង់ប្រឈមមុខធ្ងន់ធ្ងរជាមួយសហគមន៍អន្តរជាតិ គឺអាចផ្ដល់ឱកាសដល់លោកសមរង្ស៊ីម្ដងទៀត គឺដូចឆ្នាំ ២០១៣ ដែលពេលនោះហើយលោក សម រង្ស៊ី ជាអ្នកបំបែកភាពទាល់ច្រកនយោបាយនៅកម្ពុជា ហើយសម្ដេច ហ៊ុន សែន នឹងនៅតែជា វីរៈជននយោបាយឈ្នះៗ សម្រាប់ឆាកជីវិតនយោបាយដ៏រុងរឿងរបស់សម្ដេចទៅអនាគតនៃប្រជាជាតិខ្មែរ៕   

​ អត្ថបទ ៖  លោក នួន បូរិន

Share

Image
Image
Image