en     km
en     km

សម្ដេច ហ៊ុន សែន ថា គ្មានទ័ពបរទេសនៅកម្ពុជាគឺមានតែទ័ពមួកខៀវកម្ពុជានៅបរទេស

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា កម្ពុជាបញ្ជូនទ័ពទៅប្រទេសក្រៅ គឺកងទ័ពមួកខៀវដែលស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ តែមិនឱ្យកងទ័ពបរទេសនៅលើដីកម្ពុជាឡើយ។ ​សម្ដេច បញ្ជាក់បែបនេះ ចំពោះមុខលោក William A. Heidt  គឺដើម្បីឱ្យអាមេរិកអស់ក្ដីកង្វល់ចំពោះដំណឹងនៃការតាំងមូលដ្ឋានទ័ពចិននៅកម្ពុជា ដែលវាអាចនឹងបង្កឱ្យមានសង្គ្រាមត្រជាក់។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

ការបញ្ជាក់បែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺធ្វើឡើងក្នុងជំនួបរវាងសម្ដេច និងលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅវិមានសន្តិភាព។

នាឱកាសនោះ លោក William A. Heidt បញ្ជាក់ពីការមើលឃើញថា កម្ពុជា និងអាមេរិកកន្លង មកមានបញ្ហាបន្តិចបន្តួចក៏ដោយ តែពេលនេះ ប្រទេសទាំងពីរបានប្រាស្រ័យទាក់ទងគ្នាល្អប្រសើរឡើងវិញច្រើនហើយ។

ថ្មីៗនេះ មានសារព័ត៌មានបរទេស និងសារព័ត៌មាននៅកម្ពុជា ផ្សព្វផ្សាយថា មានការបង្កើតមូលដ្ឋានកងទ័ពចិននៅខេត្តកោះកុងនៃទឹកដីកម្ពុជា។ ការតាំងមូលដ្ឋាននេះ អាចជាហេតុធ្វើឱ្យមានការត្រៀមបង្កើតជាសង្គ្រាមត្រជាក់ជាដើម។

សម្ដេច ហ៊ុន សែន ក៏បានបញ្ចាក់ដែរក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃម្សិលមិញថា កម្ពុជាមានមិនមានហេតុផលអ្វីដែលរំលោភលើរដ្ឋធម្មនុញដែលជាច្បាប់កំពូលរបស់ជាតិដោយអនុញ្ញាតឱ្យទ័ពរបស់ប្រទេសដទៃចូលមកលើទឹកដីកម្ពុជាឡើយ។

មកដល់ថ្ងៃនេះ សម្ដេចក៏បញ្ជាក់ស្រដៀងនេះទៀត ទៅលោក William A. Heidt ផងដែរ។ យ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា បកស្រាយជាច្រើនដងបែបនេះ ដោយសារមិនចង់មានភាពល្អក់កករជាមួយសហរដ្ឋអាមេរិក ព្រោះសម្ដេចបញ្ជាក់ថា កម្ពុជាចង់មានទំនាក់ទំនងល្អជាមួយអាមេរិក។

នាយករដ្ឋមន្រ្តីមកពីគណបក្សប្រជាជនកម្ពុជារូបនេះ មិនចង់ឱ្យអាមេរិកមានការងឿងឆ្ងល់ និងព្រួយបារម្មណ៍ចំពោះមូលដ្ឋានទ័ពចិននៅកម្ពុជាទេ។

សម្ដេច បន្ថែមថា កន្លងមកកម្ពុជាក៏ធ្វើការជាមួយនឹងបណ្តាប្រទេស ផ្សេងៗរួមទាំងការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក, ចិន , ឥណ្ឌា ,ជប៉ុន ជាដើម ពិសេសបានធ្វើឡើងលើសពីទ្វេភាគីទៅទៀត ក្នុងគោលដៅដើម្បីក៏សាងជំនឿ និងបទពិសោធន៍ ជាពិសេសឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ។

សម្ដេចសង្កត់ធ្ងន់ថា កន្លងមកកម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួនទៅប្រទេសក្រៅ ពោលគឺកងទ័ពមួកខៀវដែលក្រោមឆត្រ័នៃអង្គការសហប្រជាជាតិ។

សម្តេចក៏បានរំលឹកទៅលោក William A. Heidt អំពីកងទ័ពមួយខៀវដែលមកទឹកដីកម្ពុជាហើយបណ្តាលឲ្យមានបញ្ហាជាច្រើនដូចជា ការចម្លងមេរោគអេដស៍ នៅលើកទឹកដីកម្ពុជាជាដើម។

ពាក់ព័ន្ធនឹងបញ្ហាលេចលឺថា មានមូលដ្ឋានទ័ពចិននៅកម្ពុជានេះ មន្ត្រីជាន់ខ្ពស់កម្ពុជាមកពីក្រសួងការពារជាតិបានបដិសេធចោល ហើយសម្ដេច ហ៊ុន សែន ក៏បដិសេធន៍ចោលចំនួន៣ ដងផងដែរ​ ពោលគឺ សម្ដេចបដិសេធន៍ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី តាមរយៈសារលិខិតផ្ញើទៅលោក Mike Pence  អនុប្រធានាធិបតីអាមេរិក និងបដិសេធន៍នៅចំពោះមុខលោក William A. Heidt  នេះឯង៕

 

Share

Image
Image
Image