en     km
en     km

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទសន្យាធ្វើឱ្យជនបទមានកំណើនសេដ្ឋកិច្ចខ្ពស់

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បញ្ជាក់ថា ក្រសួងនេះមានគោលដៅប្រែក្លាយទីជនបទឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ប្រហាក់ប្រហែលនឹងទីប្រជុំជននៅឆ្នាំ២០២៥។ នេះបើតាមការការចុះផ្សាយលើទំព័រហ្វេសបុករបស់រដ្ឋសភាជាតិកម្ពុជា។

តាមរយៈការចុះផ្សាយនេះបញ្ជាក់ថា ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើឡើងក្នុងជំនួបជាមួយ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

នាឱកាសនោះ លោក អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ក្រសួងមានគោលដៅប្រែក្លាយទីជនបទឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពសមរម្យ។

លោកបន្ថែមថា ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺធ្វើឱ្យសម្រេច និងពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ នៅតំបន់ជនបទ ឱ្យដល់កម្រិតអប្បបរមា ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជនបទ ឱ្យមានភាពប្រហាក់ប្រហែលនឹងទីប្រជុំជន នៅឆ្នាំ២០២៥។

កម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច៧% ក្នុងឆ្នាំ ២០១៨ ខណៈដែលប្រជាជនខ្មែរនៅទីជនបទបានស្វែករកការងារដោយធ្វើចំណាកស្រុកនៅប្រទេសជិតខាង ជាពិសេសប្រទេសថៃ។

អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​និង​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​ (IOM) បាន​ចេញ​របាយ​ការណ៍មួយ​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ​ ​ថា ​មាន​ពលករ​ចំណាក​ស្រុក​កម្ពុជា​ ៨នាក់ ​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ ១០​នាក់ ​បាន​ជួប​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ ​ខណៈ​ធ្វើការ​នៅ​បរទេស​ ​ហើយ​ ៧នាក់​ក្នុង​ចំណោម ​១០​នាក់ ​បាន​ទទួល​រង​បញ្ហា​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​នៅ​ពេល​ត្រឡប់​មក​វិញ៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image