en     km
en     km

ស្រ្តី និង កុមារក្នុងការអប់រំក្នុងសហគមន៍

Share

ភាពក្រីក្រជាមូលហេតុចំបងមួយ ដែលធ្វើឱ្យឪពុកម្ដាយមួយចំនួននៅតំបន់ជនបទដាច់ស្រយ៉ាល បង្ខំចិត្តបញ្ឈប់កូនស្រីពីការរៀនសូត្រតាំងពីបឋមសិក្សា ហើយឱ្យពួកគេទៅពលកម្មរកប្រាក់កម្រៃដើម្បីជួយជីវភាពគ្រួសារ ។ ដូចករណី អ្នកស្រី សឿន ហំ ជាស្រ្តីម៉េម៉ាយក្រីក្រម្នាក់ មានកូន៣នាក់ក្នុងបន្ទុក រស់នៅក្នុងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។អ្នកស្រី គ្មានលទ្ធភាពឱ្យកូនៗរបស់គាត់ ទៅសាលារៀនដោយទៀងទាត់នោះឡើយ​។ គាត់មានបំណងឱ្យកូនស្រីទី២របស់គាត់ គឺកុមារី ឈៀម កុម្ភះ អាយុ១២ឆ្នាំដែលកំពុងរៀននៅថ្នាក់ទី៦នៅសាលាបឋមសិក្សាធ្លក ឱ្យឈប់រៀននៅជួយកិច្ចការ​ផ្ទះ។ ប៉ុន្តែ ក្រោយពេលទទួលបានកម្មវិធីស្បៀងអាហារូបករណ៍សម្រាប់សិស្ស​ក្រីក្រ កូនៗរបស់គាត់ក៍បានទៅកាន់សាលារៀនដូចកុមារាកុមារីដទៃទៀតនៅក្នុង ភូមិ។

អ្នកស្រី សឿន ហំ ភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានលើកឡើងថា ៖ «ពីដើមខ្ញុំក្រ ទើបអង្គការផ្លែនគេចុះមកទាក់ ទងដល់មេភូមិ ចុះមកឃើញខ្ញុំក្រអត់ឱ្យកូនទៅរៀនបានទៀងទាត់ទេ ដល់ហើយក៍គេផ្ដល់អាហារូបករណ៍មក។​ ចាប់ពីបានអាហារូបករណ៍មក ក៍ខ្ញុំបានហូប កូនក៍មានសុខភាពល្អ កូនក៍បានទៅរៀនទៀងទាត់។ដល់ចឹងកូនរៀនបានពូកែបានលេខ៧។មានអារម្មណ៍សប្បាយ រីក រាយដែលកូនបានរៀនពូកែ។»

កុមារា ឈៀម មករា៖ «ខ្ញុំឈ្មោះ ឈៀម កុម្ភះ រៀននៅថ្នាក់ទី៦កនៅសាលាបឋមសិក្សាធ្លក ខេត្តសៀមរាប  ​ខ្ញុំជាសិស្សក្រីក្របានទទួលអាហារូបករណ៍ពីអង្គការ ។ ​ខ្ញុំតស៊ូរៀនឱ្យដល់ថ្នាក់ទី១២ ។ បំណងខ្ញុំចង់ក្លាយជាគ្រូបង្រៀន។»

កម្មវីធីផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រដែលមានជាស្បៀងអង្ករ ប្រេងឆា និង ការផ្ដល់អាហារពេលព្រឹកនៅតាមសាលា ដោយបាន ការគាំទ្រពីអង្គការស្បៀងអាហារពិភពលោក សហការជាមួយអង្គការផ្លែនអន្តរជាតិ និងមន្ទីរអប់រំខេត្តសៀមរាប។កម្មវិធីនេះ ផ្ដោតលើកុមារក្រីក្រនៅតំបន់ជនបទដាច់ស្រយ៉ាល ដែលជួបការលំបាកក្នុងជីវភាពរស់នៅ។កុមារីគោលដៅប្រមាណ៥០% ទទួលបានរបបស្បៀងប្រចាំខែ ជាអង្ករ ត្រីខកំប៉ុង និងប្រេងឆា ។ល។ពីកម្មវិធីអាហារូបករណ៍នេះ ធ្វើឱ្យពួកគេបានមកកាន់សាលារៀនទៀងទាត់ ហើយការសិក្សាបានលទ្ធផលល្អជាងមុន។នេះជាឱកាសដ៍ប្រសើរមួយ ដែលបំពេញនូវបំណងប្រាថ្នារបស់កុមារីទាំងឡាយ ផ្ដល់លទ្ធភាពឱ្យពួកគេបានរៀនរហូតចប់កម្រិតមធ្យមសិក្សា យ៉ាងហោចត្រឹមថ្នាក់ទី៩ និងកាត់បន្ថយបោះបង់ការសិក្សារបស់កុមារីភាគច្រើន ដែលបណ្ដាលមកពីកត្តាជីវភាពក្រីក្រនោះ។

លោកថុក ចន្ទូ នាយកសាលាបឋមសិក្សាធ្លក ក្នុងឃុំធ្លក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាសាលាគោលដៅមួយ បានទទួលកម្មវិធីស្បៀងអាហារូបករណ៍សម្រាប់សិស្សក្រីក្របានគូសបញ្ចាក់ថា៖ «កុមារសារុបក្នុង១ឆ្នាំ បើនិយាយពីស្បៀងតាមផ្ទះ ចូលជិត២០នាក់ក្នុងមួយឆ្នាំ មានជាអង្ករ ។ បើឆ្នាំមុនមានប្រេងឆា ហើយនិងសណ្ដែក។ ខ្ញុំមានមតិដល់អង្គការផ្លែនដែលបានជួយឧបត្ថម្ភជាអាហារពេលព្រឹក ជាស្បៀងនៅតាមផ្ទះហ្នឹង សុំឱ្យជួយបន្តដល់កុមារដែលក្រីក្រ ដែលអត់   សម្ភារៈ អាហារហូបចុក និងសម្លៀកបំពាក់មករៀនជាប់លាប់។ជាពិសេសកុមារីកុំឱ្យគាត់បោះ​បង់ការរៀនច្រើន។សុំជួយដល់កុមារីដើម្បីឱ្យគាត់បានរៀនចប់ថ្នាក់ទី៩យ៉ាងហោច។»

លោកស្រី ឡាំ សូនី ប្រធានកម្មវិធីស្បៀងតាមសាលារៀននៃអង្គការផ្លេនអន្តរជាតិ បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាបទាំងមូល ការអនុវត្តកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រ និងកម្មវិធីផ្ដល់អាហារពេលព្រឹកនៅតាមសាលា ដែលចាប់ដៃគូរជាមួយកម្មវិធីស្បៀងអាហារពិភពលោក គឺដំណើរការតាំងពីឆ្នាំ២០១១រហូតទល់នឹងពេលបច្ចុប្បន្ន។ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ កន្លងទៅ  កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រ អនុវត្តនៅ៤០៤សាលា  និងកម្មវិធីផ្ដល់អាហារពេលព្រឹក អនុវត្តនៅ៣៧១សាលា ដែលគ្របដណ្ដប់នៅក្នុង១១ស្រុកក្រុងក្នុងទូទាំងខេត្ត​។លោកស្រីសង្កត់ធ្ងន់ថា ការផ្ដល់អាហារពេលព្រឹកដល់កុមារនៅតាមសាលាគឺរួមចំណែកធ្វើឱ្យកុមារដែលបានមករៀន បានញុំាឆ្អែត មានសុខភាពល្អ និងធ្វើឱ្យការរៀនសូត្ររបស់កុមារបានល្អប្រសើរឡើង។

លោកស្រីបានបញ្ជាក់ថា៖ «កុមារដែលគាត់បានមករៀន បានហូបបបរនៅសាលា គាត់មានអាហារឆ្អែត គាត់បានទទួលការរៀនសូត្រល្អ។នៅពេលដែលគាត់មករៀនក្រពះទទេរ គាត់អត់សូវផ្ចង់នឹងការរៀនសូត្រទេ។ រយៈពេលម៉ោង៩ ម៉ោង១០ព្រឹកគាត់ចាប់ផ្ដើមហេវ។ ពីព្រោះអង្ករ និងស្បៀងដែលយើងផ្ដល់ឱ្យកុមារ គឺគេបានគណនាមក ជាអង្ករនិងប្រេងហ្នឹងមានជីវជាតិជួយដល់សុខភាពកុមារ ដោយឡែក សម្រាប់អាហារូបករណ៍ ក៍ដូចគ្នា ព្រោះប្រេងឆាដែលយើងផ្ដល់ឱ្យវាមានវីតាមីន។»

សាលាបឋមសិក្សាធ្លក ក៍បានទទួលកម្មវិធីមួយចំនួនទៀតពីអង្គការនានា ក្នុងគម្រោងជួយដល់កុមារក្រីក្រ  ដូចជា ការផ្ដល់អាហាររូបករណ៍ជាសម្ភារៈសិក្សា កង់ និងថវិកាជាដើម ឧបត្ថម្ភជាពិសេសដល់កុមារីដែលមានទីលំនៅឆ្ងាយ ពីសាលា ដើម្បីឱ្យពួកគេមានលទ្ធភាពមករៀនបានទៀងទាត់ដូចកុមារដទៃទៀត។

កម្មវិធីនេះ ស្ថិតក្នុងកិច្ចសហការជាមួយមន្ទីរអប់រំខេត្ត ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន សាលារៀន មាតាបិតាសិស្ស និងកុមារក្នុងតំបន់គោលដៅ។ លោកស្រី កង សុភី មន្ត្រីការិយាល័យបឋម នៃមន្ទីរអប់រំខេត្តសៀមរាប ទទួលបន្ទុកស្បៀងអាហារតាមសា លារៀន ចាត់ទុកកម្មវីធីនេះមានសារៈសំខាន់ណាស់ ជួយដល់កុមារីជាច្រើនដែលប្រឈមបោះបង់ការសិក្សា ឱ្យវិលទៅសាលារៀនវិញ។មិនតែប៉ុណ្ណោះ ក្រោមការជួយសម្របសម្រួលពីអង្គការដៃគូនៅតាមសាលា គុណភាពអប់រំត្រូវបានលើកកម្ពស់តាមរយៈសកម្មភាពជាច្រើនរួមមានរផ្សព្វផ្សាយដល់សិស្សានុសិស្ស និងមាតាបិតាសិស្ស អំពីសារៈសំខាន់នៃការសិក្សា សុខភាព អនាម័យ អាហារូបត្ថម្ភ និងសុវតិ្ថភាពចំណីអាហារ ជាដើម។

លោកស្រី កង សុភី មន្ត្រីការិយាល័យបឋម នៃមន្ទីរអប់រំខេត្តសៀមរាប ទទួលបន្ទុកស្បៀងអាហារតាមសាលារៀន បានលើកឡើងថា៖ «រដ្ឋាភិបាលយើងក៍ដូចជាក្រសួងអប់រំ ខំប្រឹង គៀងគរប្រមូលធនធាន ដែលជាពិសេសគឺដៃគូ អភិវឌ្ឍ ដើម្បីជួយគាំទ្រដល់កុមារយើងមួយចំនួនធំដែលគាត់រស់នៅតាមទីជនបទ  ជាពិសេសគឺសាលាដាច់ស្រយ៉ាល ក៍ដូចជាឪពុកម្ដាយ គឺទទួលបានសេវាអប់រំហ្នឹង  ធ្វើឱ្យគាត់មានទឹកចិត្តទាំងឪពុកម្ដាយ កាត់បន្ថយការបោះបង់ កាត់បន្ថយការចំណាយរបស់ឪពុកម្ដាយចំពោះកូន ហើយការទទួលការគាំទ្រនេះធ្វើឱ្យកូនគាត់អាចបន្តការរៀនបានរហូតចប់ថ្នាក់ទី១២ រហូតដល់កុមារីមួយចំនួនទៀតបានចេញទៅសាកលវិទ្យាល័យ ហើយដែលទទួលបានការគាំទ្រពីដៃគូជាច្រើនទៀត។»

ការជម្រុញឱ្យមានកម្មវិធីស្បៀង និងអាហារូបករណ៍ដល់សាលានានានៅតាមសាលាជនបទ គឺជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព គាំទ្រដល់កុមារក្រីក្រ ជាពិសេសកុមារីនៅតាមទីជនបទដាច់ស្រយ៉ាល ដើម្បីឱ្យពួកគេទទួលបានសេវាអប់រំមួយប្រកប ដោយសមធម៌ និងគុណភាពសម្រាប់ទាំងអស់គ្នា ស្របតាមគោលនយោបាយអប់រំជាតិ ដែលជម្រុញឱ្យកុមារទាំងអស់បានរៀនយ៉ាងហោចត្រឹមថ្នាក់ទី៩ ។ រាជ  រដ្ឋាភិបាល និងក្រសួងអប់រំ ក៍ដូចជាដៃគូអភិវឌ្ឍនានា ចាំបាច់ត្រូវបន្តកិច្ចសហប្រតិបតិ្តការនេះបន្ថែមទៀត ដើម្បីពង្រីកកម្មវិធីនេះទៅ តំបន់ដទៃទៀតនៅទូទាំងប្រទេស ។

សូមទស្សនាវីដេអូខាងក្រោម៖ 

Share

ព័ត៌មានទាក់ទង

Image