ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អាងហែលទឹកនៅពហុកីឡាដ្ឋានជាតិអូឡាំពិក កំពុងត្រូវបានជួសជុលឱ្យប្រសើរឡើង តាមស្ដង់ដារអន្ដរជាតិ ដើម្បីឱ្យអត្ដពលិកកម្ពុជាហ្វឹកហាត់ត្រៀមខ្លួនយកមេដៃជូនជាតិនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ ២០៣០ ខាងមុខនេះ។
តាមឱ្យដឹងនៅលើគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ការលើកឡើងរបស់លោករដ្ឋមន្រ្ដីក្រសួង សាធារណការ និងដឹកជញ្ជូនដូចនេះ ក្នុងពិធីក្រុងពាលីជួសជុល និងសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីកសាងអាងហែលទឹកឱ្យបានច្រើនកន្លែងទៀត ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន និងស្វែងរកមេដៃជូនជាតិឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះនៅពេលខាងមុខនេះ។
តាមការបញ្ជាក់ពីលោករដ្ឋមន្រ្ដីរូបនេះ ការថែទាំជួសជុលអាងហែលទឹក គម្រោងចំណាយរយៈពេលពី ៧ខែ ទៅ ៨ខែ ហើយកីឡាករ-កីឡាការិនីដែលកំពុងទទួលការហ្វឹកហាត់បច្ចុប្បន្នទាំងអស់នឹងត្រូវទៅហ្វឹកហាត់នៅកន្លែងថ្មីជាបណ្តោះអាសន្នសិន រង់ចាំការជួសជុល និងសាងសង់បានបញ្ចប់ ជាស្ថាពរ៕