ក្រុងបាត់ដំបង៖ ក្រុមស្រ្តីជាមេដឹកនាំក្នុងសហគមន៍នៅខេត្តបាត់ដំបង ចាត់ទុកវគ្គបណ្តុះបណ្តាលរបស់អង្គការបន្ទាយស្រីលើជំនាញទំនាក់ទំនង បានជួយកែប្រែជីវិតអ្នកស្រី និង អ្នកភូមិរស់នៅក្នុងសហគមន៍ ដោយបណ្តុះឲ្យមានភាពក្លាហាននិង ចេះប្រាស្រ័យទាក់ទងគ្នា។ ឆ្លងតាមរយៈការបណ្ដុះបណ្ដាលនេះ ពួកគាត់បាន យល់ដឹងអំពីរបៀបរបបការតស៊ូមតិតាមផ្លូវច្បាប់។
អ្នក ស្រី យ៉ែម សុផាន់ណា ប្រធានក្រុមសម្របសម្រួលក្នុងសហគមន៍ ដាក់សរសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្រាប់វិទ្យុស្ត្រីកាលពីថ្ងៃទី៣០តុលាថា វគ្គបណ្តុះបណ្តាលរបស់អង្គការបន្ទាយស្រី លើជំនាញប្រាស្រ័យទាក់ទងនេះ បានពង្រឹងសមត្ថភាពស្រ្តីនៅក្នុងសហគមន៍ឲ្យ មានភាពក្លាហានជាងមុន គឺចេះសំដែងមតិ បង្ហាញភាពអត់ធ្មត់ និង ការប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចជាដើម។
អ្នកស្រីបន្តថា ដោយសារមានវគ្គបណ្តុះបណ្តាលនេះ ឃើញថាអំពើហឹង្សាក្នុងគ្រួសារតែងតែកើតមានក៏ត្រូវបានកាត់បន្ថយ។
អ្នកស្រី យ៉ែម សុផាន់ណា ៖ «ចា៎! ចំពោះខ្ញុំផ្ទាល់រៀនជាមួយបន្ទាយស្រី យើងមានភាពក្លាហានរឹងមាំក្លាហាន ដូចការងាររកដំណោះស្រាយទំនាស់យើងមិនដឹងទៅដោះស្រាយតាមផ្លូវណា ។យើងទៅមេភូមិ ទៅមេឃុំ មិនដឹងថាទៅតាមផ្លូវណា យើងដឹងថាទៅតាមរបៀបណា។ វគ្គនេះគឺមានវាមានផលប្រយោជន៍ធំធេងណាស់។ ខ្ញុំឃើញថាវាមានភាពវិជ្ជមានទាំងក្រៅសង្គម និង សង្គមគ្រួសារ ដែលដូចថាយើងនិយាយពាក្យណាដែលយើងគួរនិយាយនៅក្នុងគ្រួសារ ហើយវាក៏ជាកត្តាកាត់បន្ថយនូវអំពើហឹង្សាក្នុងគ្រួសារផងដែរ។»
អ្នកស្រីសង្កត់ធ្ងន់ថា មុនពេលអ្នកស្រីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺកត្តាប្រឈម ដែលអ្នកស្រីបានជួបប្រទះនៅក្នុងជីវភាពប្រចាំថ្ងៃ គឺកង្វះទំនុកចិត្ត លើខ្លួនឯង ជាឧបសគ្គចំពោះស្រ្តីនៅក្នុងសហគមន៍។
អ្នកស្រីបន្តថា៖ «កាលពីមិនទាន់បានរៀនជាមួយបន្ទាយស្រីហ្នឹង។បញ្ហាដែលប្រឈមចំពោះកសិករក៏ដូចជាខ្លួនខ្ញុំផ្ទាល់ គឺពេលដែលនិយាយជាមួយគេ គេអត់ស្តាប់យើង ហើយពេលខ្លះតែលើកឡើងនិយាយហ្នឹងមិនហ៊ាននិយាយផង ហើយដូចថាទំនុកចិត្តរបស់ខ្លួនឯងដូចថាគ្មានសោះហ្មង!។»
មិនខុសគ្នាពីការលើកឡើងនេះ អ្នកស្រី សុស រ៉ាហ្វូន សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានលើកឡើងនូវហេតុផលស្រដៀងគ្នាថា ជំនាញប្រាស្រ័យទាក់ទង ដែលអង្គការបន្ទាយស្រីបានបណ្តុះបណ្តាលដល់អ្នកស្រី គឺបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដោយជួយលើកទឹកចិត្តស្ត្រី ក្នុងវិស័យនយោបាយផងដែរ។
ស្រ្តីជាសមាជិកក្រុមប្រឹក្សាជនជាតិខ្មែរ ឥស្លាម រូបនេះ បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញទំនាក់ទំនងនេះ បានប្រែក្លាយជីវិតរបស់អ្នកស្រី ពីស្រ្តីមេផ្ទះ ក្លាយជាស្រ្តីដែលបម្រើក្នុងវិស័យនយោបាយ ដែលសព្វថ្ងៃនេះ អ្នកស្រីគឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដ៏មានប្រជាប្រិយភាពនៅក្នុងសហគមន៍របស់អ្នកស្រី។
អ្នកស្រី សុស រ៉ាហ្វូន ៖ «ដូចថាវា ពេលដែលបងបានរៀនជាមួយវគ្គបណ្តុះបណ្តាលរបស់បន្ទាយស្រីនេះ គឺថាបងចេះប្រាស្រ័យទាក់ទងល្អ ជាមួយនិងពួកគាត់នៅក្នុងសង្កាត់បង ជាពិសេស គឺក្នុ្ងងសហគមន៍បង ហើយបងកាលពីមុនគ្រាន់តែប្រជុំហ្នឹងមិនហ៊ានប្រជុំផង ឥឡូវទៅណាមកណា គេហៅ គេស្គាល់ថាបងក្រុមប្រឹក្សាឃុំសង្កាត់ ហើយបងសប្បាយចិត្ត។»
យ៉ាងណាក្រុមស្រី្តអ្នកដឹកនាំនេះចាត់ទុកវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រ្តីនៅក្នុងសហគមន៍ស្ត្រីជាមេដឹកនាំសហគមន៍ ទទូចសុំឱ្យមានវគ្គបណ្តុះបណ្តាលនេះ ឲ្យបានជាប់លាប់ ដើម្បីជាប្រយោជន៍ក្នុងការបញ្ជ្រៀបការយល់ដឹងរបស់ស្ត្រីក្នុងការតស៊ូមតិនិងជំនាញប្រាស្រ័យទាក់ទង។
សូមបញ្ជាក់ថា អង្គការបន្ទាយស្រី ក្រោមការគាំទ្រពី សហភាពអឺរ៉ុប ក្នុងគម្រោងវគ្គបណ្តុះបណ្តាលដល់ស្រ្តីនៅក្នុងសហគមន៍ក្នុងនោះមានដូចជា វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ វគ្គបណ្តុះបណ្តាលស្តីពីការប្រាស្រ័យទាក់ទងរបស់ស្រ្តី វគ្គបណ្តុះបណ្តាលស្តីពីការគៀងគរពលរដ្ឋ និង ការបញ្ជ្រៀបព័ត៌មានដល់ពលរដ្ឋ និង វគ្គបណ្តុះបណ្តាលផ្សេអៗទៀត។ គម្រោងនេះ មានរយៈពេល ៣ ឆ្នាំ រាប់ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ ២០១៨។ អង្គការបន្ទាយស្រី គឺជាអង្គការខ្មែរមិនមែនរដ្ឋាភិបាលនៃកម្ពុជា ដែលមានបទពិសោធន៍ជាងម្ភៃឆ្នាំធ្វើការជាមួយស្ដ្រីកម្ពុជា និងសហគមន៍ក្រីក្រងាយ រងគ្រោះក្នុងតំបន់ជនបទ ដោយនាំមកនូវការកែប្រែទាំងផ្នែក នយោបាយ សេដ្ឋកិច្ចនិងសង្គម៕