en     km
en     km

សម្ដេច ហ៊ុន សែន ថា ស្ថានភាពនយោបាយកម្ពុជាគ្មានអ្វីព្រួយបារម្ភត្រូវចរចាជាមួយបក្សប្រឆាំង

Share

ភ្នំពេញ៖ សម្ដេចហ៊ុនសែនថាស្ថានភាពនយោបាយកម្ពុជាគ្មានអ្វីព្រួយបារម្ភដែល ត្រូវតម្រូវឱ្យសម្ដេចប្រកាសបន្ធូរបន្ថយទេ ហើយសម្ដេចនៅតែដឹកនាំកម្ពុជាក្នុងការបន្តដំណើរនៃការអភិវឌ្ឍឆ្ពោះទៅមុខមិនបកក្រោយឡើយ។ សម្ដេចថ្លែងបែបនេះក្រោយពេលដែលមានមជ្ឈដ្ឋានក្នុងស្រុកថា សម្ដេចនឹងប្រកាសបន្ធូរបន្ថយស្ថានភាពនយោបាយ នៅពេលសម្ដេចត្រឡប់ពីកិច្ចប្រជុំអាស៊ី -អឺរ៉ុប វិញ។ តែអ្នកវិភាគព្រមានពីការបាត់ផលប្រយោជន៍បើកម្ពុជាមិនមានដំណោះស្រាយនយោបាយឆ្លើយតបនឹងការទាមទាររបស់សហគមន៍អន្តរជាតិ។

លោក សោម លាភ រាយការណ៍៖

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនីជាច្រើនពាន់ នាក់នៅស្រុកមុខកំពូល ខេត្តកណ្ដាលនៅព្រឹកថ្ងៃពុធ ទី ៣១តុលានេះ  សម្ដេច ហ៊ុន សែន បញ្ជាក់ច្បាស់ៗថា ប្រទេសកម្ពុជានាពេលបច្ចប្បន្នកំពុងតែស្ថិតក្នុងស្ថានភាពដែលត្រូវតែឆ្ពោះទៅមុខបន្តទៀត ហើយមិនមានអ្វីជាការព្រួយបារម្ភនោះទេ។

សម្ដេចហ៊ុនសែន បញ្ជាក់ទៀតថា ការរកបាននូវសន្តិភាពរបស់គណបក្សប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ ដោយសារតែមានការចូលរួមពីជីដូនជីតា ព្រមទាំងកម្មករកម្មការនីទាំងអស់គ្នា ដោយមិនមែនមានត្រឹមតែ សម្ដេច ហ៊ុន សែន សម្ដេចហេង សំរិន និងសម្ដេចជា ស៊ីម តែប៉ុណ្ណោះនោះទេ។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​កម្ពុជារូបនេះ មិនភ្លេចទេចំពោះការអរគុណដល់កម្មករកម្មការនីដែលបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា កាលពីចុងខែកក្កដាកន្លងមក។ សម្ដេច អំពាវនាវដល់កម្មករកម្មការនីថា ដរាបណានៅតែមានប្រាក់ឈ្នួល គឺកុំស្ដាប់រឿងឃោសនារបស់នរណាផ្សេងទៀត។

នាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន បញ្ជាក់ច្បាស់ៗទៅក្រុមប្រឆាំងមួយចំនួនថា​ ឱ្យបន្តចាំគណបក្សសង្គ្រោះជាតិទៀតទៅចុះ ខណៈដែលគណបក្សនេះមិនអាចរស់ឡើងវិញទេដែល សម្ដេច បញ្ជាក់ថា  ខោ្មចដែលងាប់ហើយមិនអាចរស់ឡើងវិញបានទេ។

យ៉ាងណាក្ដី សម្ដេច ហ៊ុន សែន ក៏បានឆ្លើយតបទៅមជ្ឈដ្ឋានប្រឆាំងមួយចំនួនដែលសន្និដ្ឋានថា សម្ដេច នឹងប្រកាសបន្ធូរបន្ថយស្ថានភាពនយោបាយនៅកម្ពុជា បន្ទាប់សម្ដេចមកពីប្រជុំផ្សេងៗនៅក្រៅប្រទេស។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា មិនអាចដូចនេះបានទេ។

កន្លងមក មន្ត្រីរបស់សហរដ្ឋអាមេរិកថា មានការបន្ថែមការដាក់ទណ្ឌកម្មដល់មន្ត្រីកម្ពុជាដោយបង្កកទ្រព្យសម្បត្តិមន្ត្រីធំៗ និងបន្ថែមការរឹតបន្តឹងទិដ្ឋិការក្នុងការចេញចូលសហរដ្ឋអាមេរិកសម្រាប់សាច់ញាតិរបស់មន្ត្រីក្នុងជួររាជរដ្ឋាភិបាលកម្ពុជាជាដើម។

បើទោះបីជាយ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែន ថ្លែងបន្ថែមទៅកាន់ក្រុមមន្ត្រីអតីតគណបក្សប្រឆាំងដែលកំពុងតែធ្វើនយោបាយនៅក្រៅប្រទេសថា ក្រុមមន្ត្រីទាំងនេះ បានភូតមហាជននូវរឿងចំនួននៅអង្គការអន្តរជាតិ។ តែយ៉ាងណា សម្ដីភូតនេះ ត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំនៅទីក្រុងញូវយកនោះតែម្ដងតាមរយៈវត្តមាន និងសេចក្ដីថ្លែងការណ៍របស់សម្ដេច ហ៊ុន សែន។

ដោយឡែក សម្ដេច ហ៊ុន សែន ថ្លែងទៅកាន់បណ្ឌិតដែលជាអ្នកវិភាគនៅកម្ពុជាថា គួរគិតអំពីប្រវត្តិរបស់ប្រទេសកម្ពុជាថា តើការប្រជុំនៅអាស៊ីអឺរ៉ុបវាធ្លាប់កើតនៅកម្ពុជាដែរទេ ហើយការប្រជុំនេះទៀតសោតវាជាជោគជ័យរបស់កម្ពុជា ឬយ៉ាងណា។

សម្ដេចថា អ្នកវិភាគនៅតែបន្តការវិភាគបែបនេះចុះ តែសម្ដេចមិនចង់ឱ្យកូនខ្មែរមានការភាន់ច្រឡំដោយសារការវិភាគរបស់បណ្ឌិតទាំងនេះនោះទេ។

មុនពេលសម្ដេច ហ៊ុន សែន ថ្លែងថា កម្ពុជាមានស្ថានការណ៍មិនគួរឱ្យព្រួយបារម្ភបែបនេះ សហភាពអឺរ៉ុប សហភាពអន្តរសភា IPU និងប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនទៀត មិនទទួលស្គាល់ដំណើរការនៃការបោះឆ្នោត ក៏ដូចជាការបង្កើតរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦នេះឡើយ។ សហគមន៍អន្តរជាតិទាំងនេះ ទាមទារឱ្យប្រទេសកម្ពុជាត្រូវស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយការធ្វើឱ្យមន្ត្រី និងអតីតគណបក្សសង្គ្រោះជាតិធ្វើសកម្មភាពនយោបាយឡើងវិញ និងរៀបចំការបោះឆ្នោតសារជាថ្មី។

កាលពីខែ ឧសភាឆ្នាំ ២០១៨ មជ្ឈដ្ឋានអ្នកវិភាគបានដាក់ញាត្តិដែលចុះហត្តលេខាដោយ លោក លឺ ឡាយស្រេង លោកឡៅ ម៉ុងហៃ លោកមាស នី  លោកសេង សារី និងលោកប៉ា ចន្ទរឿន ស្នើទៅព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍បន្ធូរបន្ថយស្ថានភាពនយោបាយនៅកម្ពុជា។

ការដាក់ញ្ញត្តិរបស់ក្រុមអ្នកវិភាគ ធ្វើចំពេល កម្ពុជាកំពុងរងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងអាមេរិក។ សហភាពអឺរ៉ុបកំពុងរៀបចំដកការអនុគ្រោះពន្ធEBA ពីកម្ពុជា បើបក្សកាន់អំណាច មិនផ្ដល់ដំណោះស្រាយនយោបាយឡើងវិញ៊។

នៅក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្តី្រកាលពីថ្ងៃម្សិលមិញ កញ្ញា លីស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យ យល់ថា ការគម្រាមដកការអនុគ្រោះពន្ធ EBA ការមិនទទួលស្គាល់សភាថ្មីកម្ពុជា ដោយ សហភាពអន្តរសភា IPU  គឺជាលទ្ធផលនៃការបង្ហាញជំហរមិនគាំទ្រដល់ការបោះឆ្នោតកាលពីចុងខែកក្កដា។តែបើតាមសម្ដេចហ៊ុនសែន គឺគ្មានការចរចាជាមួយ ក្រុមបក្សប្រឆាំង ដាច់ខាត។ លោកសន្យាថា ទោះជាអតីតប្រធានកនបក្សប្រឆាំងគឺលោកសមរង្ស៊ី សុំបើកការចរចាជាមួយសម្ដេចក៏ដោយនោះ។ តែលោកសមរង្ស៊ីថា ការចរចាមានតែគណបក្សប្រជាជនកម្ពុជា ជាមួយសហគមន៍អន្តជាតិប៉ុណ្ណោះព្រោះសហគមន៍អន្តរជាតិកំពុងដាក់សម្ពាធធ្ងន់ធ្ងរលើបក្សកាន់អំណាច៕    

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image