en     km
en     km

សុខាភិបាល​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ជិត​១០​ខែ​ឆ្នាំ​២០១៨​ មាន​ពលរដ្ឋ​ ១១​នាក់​រង​គ្រោះ​ព្រោះ​ពុល​ត្រី​ក្រពត​

Share

​ភ្នំពេញ​ ៖​ យោង​តាម​ការ​បញ្ជាក់​ពី​មន្ដ្រី​សុខាភិបាល​ខេត្ដ​ព្រះ​សីហ​នុ​ គិត​ពី​ខែមករា​ ដល់​ចុងខែ​តុលា​នេះ​ មាន​ពលរដ្ឋ​ ១១​នាក់​រង​គ្រោះ​ព្រោះ​ពុល​ត្រី​ក្រពត​។​ ក្នុង​ចំណោម​នេះ​ មាន​កុមារី​ម្នាក់​ បាន​ស្លាប់​ខណៈ​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ វេជ្ជបណ្ឌិត​ អំពាវនាវ​ ឲ្យ​ពលរដ្ឋ​កុំ​បរិភោគ​ត្រី​ក្រពត​ មិន​ថា​ ត្រី​នោះ​តូច​ឬ​ធំ​ក៏​ដោយ​ គឺ​សុទ្ធតែ​មាន​សារធាតុ​ពល​ខ្លាំង​ដូច​គ្នា​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

​តាម​ប្រសាសន៍​របស់​លោក​​ អៀម​ សុខ​ពី​នី​ មន្ដ្រី​មន្ទីរ​សុខាភិបាល​ខេត្ដ​ព្រះ​សីហ​នុ​ ទទួល​បន្ទុក​ឆ្លើយ​តប​បន្ទាន់​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ នេះ​ថា​ គិត​ពី​ខែមករា​ ដល់​ថ្ងៃ​ទី​២៦​ ខែតុលា​នេះ​ មាន​ប្រជាពលរដ្ឋ​ពលរដ្ឋ​ចំនួន​ ១១​នាក់​ រង​គ្រោះ​ព្រោះ​ករណី​ពុល​ត្រី​ក្រពត​សមុទ្រ​។​ ជន​រង​គ្រោះ​ទាំង​ ១១​នាក់​នេះ​ មាន​បុរស​ ១០​ និង​ម្នាក់​ជា​កុមារី​ បាន​ស្លាប់​ ខណៈ​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​លោក​វេជ្ជបញ្ជា​ក់ថា​ ជន​រង​គ្រោះ​ទាំងអស់​ដែល​ពុល​ត្រី​ក្រពត​សមុទ្រ​ គឺ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ដែល​ឆ្លង​ពី​ខេត្ដ​ផ្សេង​ទៅ​ខេត្ដ​ព្រះ​សីហ​នុ​ ដើម្បី​ការ​។​ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​មិន​បានដឹង​ពី​គ្រោះថ្នាក់​របស់​ត្រី​ក្រពត​សមុទ្រ​ ទើប​នាំ​គ្នា​យក​វា​មក​បរិភោគ​បណ្ដាល​ឲ្យ​ពុល​ដូច្នេះ​ ៖«​អ្នក​រង​គ្រោះ​បើ​និយាយ​ជា​រួម​ទៅ​អ្នក​នៅ​ក្នុង​ខេត្ដ​អត់​មាន​ទេ​ អ្នក​មក​ពី​ក្រៅ​ខេត្ដ​ទាំងអស់​។​ បើ​និយាយ​ទៅ​យើង​ពុល​ហ្នឹង​មួយ​ឆ្នាំ​នេះ​ យើង​មាន​ពុល​បី​លើក​នេះ​ទៀត​ វា​ចូល​ទៅ​ ៤​ករណី​ហើយ​។​ បួន​ករណី​នេះ​វា​១១​នាក់​ ១​ករណី​ម្នាក់​ ១​ករណី​៤​នាក់​ រ​ករណី​២​នាក់​ អី​អ​ញ្ចឹ​ង​ទេ​»​។​

​លោក​ អៀម​ សុខ​ពី​នី​ បន្ដ​ថា​ គិត​មក​ដល់​ពេល​នេះ​ជន​រង​គ្រោះ​ទាំង​ ១០​នាក់​ បាន​ទទួល​ការ​ព្យាបាល​ ហើយ​ ០៨​នាក់​ មាន​អាការ​បាន​ធូរស្រាល​ អ្នកខ្លះ​បាន​ចេញ​ទៅ​ផ្ទះ​វិញ​ និង​អ្នកខ្លះ​ទៀត​នៅ​បន្ដ​សម្រាក​ព្យាបាល​។​ ដោយឡែក​ជន​រង​គ្រោះ​ ២​នាក់​ទៀត​ នៅ​ពេល​នេះ​មាន​អាការ​ធ្ងន់ធ្ងរ​នៅឡើយ​ ដែល​ក្រុម​វិ​ជ្ជ​បណ្ឌិត​មិន​ទាន់​អាច​បញ្ជាក់​ថា​ យ៉ាងណា​បាន​នៅឡើយ​ទេ​។​ ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់​នេះ​ ម្នាក់​ឈ្មោះ​ វន​ ថេ​ន​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ហង្ស​ សុភា​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​។​ ជន​រង​គ្រោះ​ទាំង​ពីរ​រូប​នេះ​ មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ឆ្នាំង​។​

​ទាក់ទិន​ករណី​ពុល​ត្រី​ក្រពត​សមុទ្រ​នេះ​ លោក​វេជ្ជបណ្ឌិត​ សេង​ ណុ​ង​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ​ មាន​ប្រសាសន៍​ថា​ ប្រសិនបើ​ពលរដ្ឋ​បរិភោគ​ពួក​វា​ចូល​ទៅ​ អ្នក​បរិភោគ​នោះ​ នឹង​មាន​អាការ​ទន់​ដៃ​ ទន់​ជើង​ ថប់ដង្ហើម​ ហើយ​បេះដូង​ដើរ​យឺត​ទៅៗ​។​ លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ ក្រោយ​ពី​ជាតិពុល​ធ្វើទុក្ខ​ ជន​រង​គ្រោះ​ប្រឈម​នឹង​ការ​ស្លាប់​ ក្នុង​អំឡុង​ ២​ ទៅ​ ៣​ម៉ោង​ប៉ុណ្ណោះ​ ប្រសិនបើ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិន​ទាន់​ពេលវេលា​ ៖«​ជា​ទូទៅ​គឺ​ស្លាប់​ ស្លាប់​ដោយសារ​ដកដង្ហើម​ហ្នឹងហើយ​ ហើយ​កាលណា​ធ្វើទុក្ខ​ធ្ងន់​ ភ្លាមៗ​តែ​ ២-៣​ម៉ោង​ហ្នឹង​ គឺ​គាត់​ដកដង្ហើម​លែង​បាន​គឺ​ស្លាប់​ហើយ​ អ​ញ្ចឹ​ង​ហា​!​ ប្រសិនបើ​គាត់​យក​មក​ពេទ្យ​ទាន់​យើង​អាច​ជួយ​ ដូច​បច្ចុប្បន្ន​គឺ​ពីរ​នាក់​ហ្នឹង​ យើង​អាច​ប្រើ​ម៉ាស៊ីន​ជួយ​ដកដង្ហើម​បាទ​»​។​

​បន្ថែម​ពី​នេះ​លោក​វេជ្ជបណ្ឌិត​ សេង​ ណុ​ង​ អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការ​បរិភោគ​ត្រី​ក្រពត​សមុទ្រ​បន្ដ​ទៀត​ ពីព្រោះ​ត្រី​នេះ​មាន​ជាតិពុល​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​។​ លើស​ពី​នេះ​លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​បានដឹង​ពី​ករណី​នេះ​ ជួយ​បន្ដ​ផ្សព្វផ្សាយ​បន្ដ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​បានដឹង​ ដឹង​អំពី​គ្រោះថ្នាក់​នៃ​ការ​បរិភោគ​ត្រី​ក្រពត​សមុទ្រ​នេះ​។​

​ត្រី​ក្រពត​ គឺជា​ត្រី​ដែល​មាន​ជាតិពុល​ក្នុង​ខ្លួន​ខ្លាំង​ មិន​ថា​ ត្រី​នៅ​តូច​ ឬ​ក៏​ត្រី​ធំ​នោះ​ទេ​។​ វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ បើ​ទោះជា​ចម្អិន​ត្រី​នេះ​យូរ​យ៉ាងណា​ក៏​ដោយ​ ក៏​ជាតិពុល​ក្នុង​ខ្លួន​របស់​ពួក​វា​ មិន​អាច​សាប​នោះ​ទេ​។​ វេជ្ជបណ្ឌិត​ រំ​ឮ​កថា​ យក​ល្អ​គួរ​កុំ​បរិភោគ​ពពួក​ត្រី​ក្រពត​នេះ​ ទើប​ជា​ការ​ប្រសើរ​។​

​នៅ​ប្រទេស​កម្ពុជា​គិត​ពី​ឆ្នាំ​២០០០​មក​ ពលរដ្ឋ​កម្ពុជា​តែងតែ​ពុល​ត្រី​នេះ​ជា​រឿយៗ​។​ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ កាលពី​ខែមករា​ មាន​ពលរដ្ឋ​នៅ​ខេត្ដកោះកុង​ ម្នាក់​បាន​ស្លាប់​ និង​ ៩​នាក់​ផ្សេង​ទៀត​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​ពី​បរិភោគ​ត្រី​ក្រពត​។​ ដោយឡែក​ក្នុង​មេ​សា​ មាន​ពលរដ្ឋ​នៅ​ខេត្ដសៀមរាប​ ម្នាក់​ទៀត​បាន​ស្លាប់​ បន្ទាប់​ពី​បរិភោគ​ត្រី​ក្រពត​នេះ​។​

​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ត្រី​ក្រពត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ចំនួន​ ១០​ប្រភេទ​ ហើយ​បី​ប្រភេទ​ក្នុង​ចំណោម​ ១០​នេះ​ គឺ​មាន​ជាតិពុល​។​ ក្រសួង​បញ្ជាក់​ថា​ ត្រី​ក្រពត​មាន​ជាតិពុល​រួម​មាន​ Tetraodon​ cochinchinensis.​ Monotrete​ leiurus​ និង​Tetraodon​ fluviatillis​។​

​ត្រី​ក្រពត​ទាំង​បី​ប្រភេទ​ ដែល​មាន​ជាតិពុល​នេះ​ គឺ​មាន​សក្ដានុពល​ខ្ពស់​ និង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ និង​ស្លាប់​បាន​។​ ត្រី​ក្រពត​ទាំង​បី​ប្រភេទ​នេះ​ មាន​សារធាតុពុល​ខ្ពស់​បំផុត​នៅ​ក្នុង​រដូវ​ពួក​វា​បន្ដ​ពូជ​ ដែល​ជា​ធម្មតា​នៅ​ក្នុង​ខែកុម្ភៈ​ មីនា​ និង​ចន្លោះ​ខែកក្កដា​ ទៅ​ខែកញ្ញា​។​ បន្ថែម​ពី​នេះ​ ចំពោះ​ជាតិពុល​នៅ​ក្នុង​ខ្លួន​ត្រី​ ក៏​មាន​កម្រិត​ខុស​ដែរ​ គឺ​ពង​ និង​ស្ពែ​ម​ របស់​វា​មាន​ជាតិពុល​ខ្ពស់​ជាងគេ​ បន្ទាប់​មក​គឺ​ថ្លើម​ ពោះវៀន​ ស្បែក​ និង​សាច់​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ក្នុង​ករណី​ដែល​មាន​អ្នក​ពុល​ត្រី​ក្រពត​នេះ​ គឺ​ភ្លាមៗ​ក្រោយ​ពី​ដឹង​ថា​ ពុល​ គឺ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​អ្នកជំងឺ​ក្អួត​ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​ ពីព្រោះ​តែបើ​អ្នកជំងឺ​ក្អួត​ គឺ​អាច​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​អ្នកជំងឺ​បាន​មួយ​ចំណែក​។​ តែ​យ៉ាងណា​ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ឲ្យ​បាន​លឿន​បំផុត​៕

Share

Image
Image
Image